របាយការណ៍ថ្មីមួយពីក្រសួងកសិកម្មបានឱ្យដឹងថា ប្រជាជនកម្ពុជាបានប្រើប្រាស់បន្លែជាមធ្យម 543តោនក្នុង 1ថ្ងៃក្នុងឆ្នាំ2018 និងបានជំរុញឱ្យកសិករបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះទៀតផង ព្រោះថា កម្ពុជាអាចផលិតបន្លែបានត្រឹមតែ 400 តោនប៉ុណ្ណោះក្នុង 1ថ្ងៃកាលពីឆ្នាំ2018 ដោយចំនួនប្រហែល 143តោនទៀតត្រូវបាននាំចូលជារៀងរាល់ថ្ងៃ ដែលភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងប្រទេសចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា៖ “ផលិតកម្មបន្លែបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែលោកបានបន្ថែមថា យើងនៅតែពឹងផ្អែកលើការនាំចូល”។ លោករដ្ឋមន្ត្រីក៏បានអំពាវនាវផងដែរឱ្យមានការផលិតបន្លែក្នុងស្រុកដែលត្រឹមត្រូវតាមស្តង់ដាគុណភាព និងសុវត្ថិភាពឱ្យបានកាន់តែច្រើនឡើង ដោយសារតែកំណើនសេដ្ឋកិច្ចរឹងមាំ ការប្រសើរឡើងនៃជីវភាពរស់នៅ និងការហូរចូលនៃភ្ញៀវទេសចរបានធ្វើឱ្យតម្រូវការបន្លែដែលមានគុណភាព និងសុវត្ថិភាពកើនឡើងយ៉ាងឆាប់រហ័ស”។
ឯកឧត្តមបញ្ជាក់ថា ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងនោះ ធ្វើឱ្យនិន្នាការនៃការបរិភោគបន្លែចាំបាច់ត្រូវមានការប្រែប្រួលដោយស្វ័យប្រវត្តិពីអសុវត្ថិភាព ទៅជាសុវត្ថិភាព គុណភាព និងអនាម័យ ដើម្បីសុខភាពល្អ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានមន្ទីរ មន្ត្រីបង្គោលអនុវត្តគម្រោង អ្នកផលិត អាជីវករ និងអ្នកបរិភោគ ឱ្យយកចិត្តទុកដាក់ និងខិតខំអនុវត្តបន្ថែមទៀតលើចំណុចគន្លឹះសំខាន់ៗដូចជា 1-បន្តជំរុញការផលិតបន្លែ និងផលិតផលអាហារផ្សេងៗឱ្យបានត្រឹមត្រូវតាមស្តង់ដាទីផ្សារដើម្បីបង្កើនឧត្តមភាព ប្រកួតប្រជែង និងលើកកម្ពស់តម្លៃបន្ថែម។ 2-ជំរុញការធ្វើពាណិជ្ជនីយកម្មសិកម្មតាមរយៈការបន្តពង្រឹងប្រព័ន្ធភូតគាមអនាម័យ។ 3-លើកកម្ពស់ការកែច្នៃ វេចខ្ចប់ និងរក្សាទុកផលិតផលក្នុងម៉ាស៊ីនត្រជាក់តាមស្តង់ដារឱ្យបានសមស្របតាមតម្រូវការអ្នកបរិភោគ និងទីផ្សារ។ 4-ជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម កសិដ្ឋាន និងកសិករគំរូ តាមរយ:ការរៀបចំផែនការផលិតកម្ម ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់មាននិរន្តរភាព ជាពិសេសជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឧបត្ថម្ភថវិកាសម្រាប់ការអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងផ្តោតសំខាន់ទៅលើការផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។
ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងក្នុងពិធីបើកផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាពថា បច្ចុប្បន្នការអនុវត្តគម្រោងស្តីពីការជំរុញផលិតកម្មស្បៀងនៅទូទាំងខេត្តគោលដៅ ជាគម្រោងបានទទួលថវិកាឧបត្ថម្ភចំនួនទឹកប្រាក់ 20.25លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជាយកមកអនុវត្តក្នុងខេត្តគោលដៅចំនួន11 មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងថា គម្រោងជំរុញកំណើននេះបានទទួលផលរួចទៅហើយ ដោយបង្កើនផលិតកម្មបន្លែក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។ លោកបានមានប្រសាសន៍ថា៖ “ក្នុងរយៈពេល 5ឆ្នាំទៀតយើងមានគម្រោងបង្កើនផលិតកម្មបន្លែប្រហែលពី 20% ទៅ30%។ យើងកំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដើម្បីឱ្យយើងអាចផលិតបន្លែបានពេញមួយឆ្នាំ”។
ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះបានចាប់ផ្តើមយុទ្ធសាស្ដ្រគ្រាប់ពូជជាតិ ដែលមានគោលបំណងកំណត់ និងធ្វើឱ្យមានស្តង់ដានៃឧស្សាហកម្មគ្រាប់ពូជដើម្បីការពារកសិករ និងជំរុញទីផ្សារគ្រាប់ពូជ។ យុទ្ធសាស្ត្រគ្រាប់ពូជជាតិ ដែលជាប្រភេទដំបូងគេសម្រាប់ប្រទេសកម្ពុជាបានបង្ហាញពីសកម្មភាពយុទ្ធសាស្ត្រជាតិសម្រាប់ការផលិត និងការធ្វើទីផ្សារគ្រាប់ពូជស្រូវ និងដំណាំកសិកម្មសំខាន់ៗដទៃទៀត៕