សម្រាប់ការផ្គត់ផ្គង់លើវិស័យខុនដូ គិតត្រឹមរយៈពេល 2ឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្រូវការហាក់មានកម្រិត។ យ៉ាងណាក៏ដោយ ចំពោះអ្នកជំនាញ ក៏ដូចជាអ្នកអភិវឌ្ឍន៍លើវិស័យមួយនេះដែរ នៅតែបង្ហាញពីទំនុកចិត្តខ្ពស់ និងនៅតែមានសុទិដ្ឋិនិយមដដែល ជាពិសេសនៅក្នុងឆ្នាំ2019នេះតែម្ដង ដែលពួកគេជឿជាក់ថា ទីផ្សារខុនដូនឹងមានភាពពុះកញ្ជ្រោលខ្លាំង។
លោក សុត វិរៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons CPL Co., Ltd បានទទួលស្គាល់ថា កាលពីឆ្នាំកន្លងទៅនេះ សម្រាប់ទីផ្សារខុនដូពិតជាមានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែលោកជឿជាក់ថា នៅឆ្នាំថ្មី2019នេះនឹងមានភាពប្រែប្រួលមកជាល្អប្រសើរឡើងវិញជាក់ជាមិនខាន។
លោកអគ្គនាយកបានបញ្ជាក់បន្ថែមទៀតថា៖“ស្របពេលចំនូនខុនដូត្រូវបានផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ ដែលតម្រូវឱ្យមានការប្រកួតប្រជែងលើការលក់នោះ អ្នកអភិវឌ្ឍន៍នឹងស្វែងរកប្រណីតភាពនៃខុនដូរបស់ខ្លួន ដើម្បីទាក់ទាញអិតិថិជនដូចជាគុណភាព សោភណភាព ទីតាំង និងជាពិសេសការផ្ដល់ភាពងាយស្រួលក្នុងការទិញដល់អតិថិជន ដែលប្រការនេះ វានឹងធ្វើឱ្យនិន្នាការនៃការទិញ-លក់ មានការប្រែប្រួលខ្លាំង និងអាច
ទាក់ទាញអ្នកទិញឱ្យងាកមករកខុនដូណាដែលកំពុងសាងសង់ ឬជិតបញ្ចប់គម្រោង ដើម្បីលក់ ឬជួលបន្តយកចំណេញ។លោក សុត វិរៈ បានឱ្យដឹងទៀតថា អ្នកទិញខុនដូបច្ចុប្បន្ន ពិសេសជនបរទេស ពួកគេទិញទុកលក់យកចំណេញ ព្រោះនៅប្រទេសរបស់ពួកគេ ប្រសិនជាយកប្រាក់ទៅដាក់ធនាគារ នឹងទទួលបានការប្រាក់ទាបបំផុត ប៉ុន្តែបើទិញខុនដូទុកលក់យកចំណេញពួកគេអាចចំណេញបានជាមធ្យមប្រមាណ8% ក្នុងមួយឆ្នាំ។
លោកបន្តថាអ្នកទិញខុនដូនៅកម្ពុជាភាគច្រើនជាជនជាតិចិន ហុងកុង តៃវ៉ាន់ និងសិង្ហបុរី ហើយក៏មានជនជាតិខ្មែរជាច្រើនផងដែរ។លោកបានបន្តថា ៖“សម្រាប់ឆ្នាំ2019 នេះ ខ្ញុំជឿជាក់ថា វិស័យខុនដូនឹងមានភាពកាន់តែល្អប្រសើរឡើង។ ទី1-ប្រជាជនខ្មែរភាគច្រើនបានយល់ និងស្គាល់ពីវិស័យខុនដូកាន់តែច្រើន។ ទី2-កត្តាស្ថិរភាពនយោបាយ និងសន្តិសុខស
ង្គម បានកៀរគរអ្នកវិនិយោគអន្តរជាតិឱ្យងាកមករកកម្ពុជាកាន់តែច្រើន”។
ជាក់ស្ដែងបច្ចុប្បន្ននេះ មានគម្រោងធំៗជាច្រើនបានបន្តសាងសង់ជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាគម្រោងរបស់ក្រុមហ៊ុនលំដាប់ពិភពលោក R&F ដែលជាក្រុមហ៊ុនល្បីឈ្មោះលើវិស័យខុនដូ ជាដើម”។ជាមួយគ្នានេះ លោកក៏បានបង្ហើបពីតម្លៃជាក់ស្ដែងនាពេលបច្ចុប្បន្ននេះផងដែរថា៖“ ជាទូទៅចំពោះការលក់ខុនដូត្រូវបានគេបែងចែកចេញជា 3ប្រភេទ ដោយប្រភេទទី1- អាចមានតម្លៃប្រមាណ 1,300ដុល្លារក្នុងមួយម៉ែត្រការ៉េ ប្រភេទទី2- មានតម្លៃចាប់ពី 2,000ដុ
ល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រភេទទី3- មានតម្លៃចាប់ពី 3,200ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញបានកើនឡើងជិត19% នៅត្រីមាសចុងក្រោយនៃឆ្នាំ2018 ដោយមានក្រុមហ៊ុនថ្មីចំនួន 2,234 បានចូលរួមនៅក្នុងទីផ្សារនេះ។
CBRE បានឱ្យដឹងថា គម្រោងថ្មីចំនួន8 ក៏ត្រូវបានបញ្ចប់ហើយដែរនៅត្រីមាសទី4 នៃឆ្នាំកន្លងទៅ ជាមួយនឹងគម្រោងផ្សេងទៀតដូចជា East View, Sky 31 និង The View ដែលបានសាងសង់រួចជាង 40% នៃគម្រោងទាំងអស់។តម្លៃនៃការលក់ខុនដូនៅតែមិនទាន់ផ្លាស់ប្តូរនៅឡើយ ដោយជាមធ្យមក្នុងមួយត្រីមាសមានការប្រែប្រួលតិចជាង1% នៅក្នុងវិស័យនេះ តែតម្លៃលក់បានជាមធ្យមក៏មានការប្រែប្រួលខ្លះដែរក្នុងអំឡុងឆ្នាំ2018 ដោយបានឡើងដល់កម្រិតខ្ពស់ប្រមាណជា 1,5%។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា៖“មកដល់ពេលនេះការផ្គត់ផ្គង់ថ្មីនេះមិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់នៅឡើយទេលើការលក់ និងអត្រាការជួលនៅក្នុងវិស័យនេះ អត្រាការជួលនៅតែមានស្ថិរភាព ក្នុងតម្លៃប្រហែល 14.2ដុល្លារក្នុង 1ម៉ែត្រការ៉េក្នុង 1ខែសម្រាប់ត្រឹមពាក់កណ្តាលនៃត្រីមាសទី4 និងនៅក្នុងអំឡុងពេលចុងបញ្ចប់នៃត្រីមាសដដែលនេះ តម្លៃបានធ្លាក់ចុះមកនៅ 11,5ដុល្លារក្នុង1ម៉ែត្រការ៉េក្នុង 1ខែ ដែលនេះជាការប្រែប្រួល និងធ្លាក់ចុះបន្តិចបន្តួចកាលពីចុងឆ្នាំកន្លងទៅ”។
លោកស្រី សុធីតា បានថ្លែងទៀតថា និន្នាការកើនឡើងនៃការបញ្ចប់គម្រោងខុនដូនៅឆ្នាំ2018 នឹងបន្តរហូតដល់ឆ្នាំ2019 នេះ ជាពិសេសនៅត្រីមាសទី1 និងទី2 ដោយសារតែការពន្យារពេលក្នុងការបញ្ចប់របស់គម្រោងខ្លះកាលពីត្រីមាសទី4 នៃឆ្នាំ2018។ លំហូរចូលដ៏ច្រើននៃការផ្គត់ផ្គង់ខុនដូនេះ គឺជាសញ្ញានៃកំណើនទីផ្សារដ៏រឹងមាំ ទោះជាមានការភ័យខ្លាចខ្លះៗលើការផ្គត់ផ្គង់ច្រើនលើសតម្រូវការនៅក្នុងវិស័យខុនដូនេះក្ដី តែក៏អាចនៅតែមានកំណើនបន្តទៀតដែរ។
លោកស្រីនាយិកាបានឱ្យដឹងទៀតថា៖ ដូច្នេះទីផ្សារខុនដូនៅឆ្នាំថ្មីនេះនៅតែមានភាពល្អប្រសើរ ទាក់ទងនឹងការផ្គត់ផ្គង់ និងតម្រូវការ ព្រោះរហូតមកទល់ពេលនេះ មានខុនដូជាច្រើនមិនទាន់បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារនៅឡើយទេ។ ម្យ៉ាងទៀតអតិថិជនដែលទិញខុនដូ បច្ចុប្បន្នបានផ្លាស់ប្តូររបៀបនៃការវិនិយោគរបស់ខ្លួន ដោយពួកគេងាកមកទិញខុនដូដែលបានបញ្ចប់ ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញខុនដូដែលទើបប្រកាសគម្រោងសាងសង់៕