ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលើកស្ទួយវិស័យភាពយន្ដភាគខ្មែរតាមរយៈរឿងថ្មីមួយទៀតហើយដែលមានចំណងជើងថា «រៃប្តូរទ្រនំ» ជារឿងដែលផ្ដល់នូវតម្លៃអប់ជីវិតក្នុងសង្គម ហើយលាយលំមនោសញ្ចេតនាស្រក់ទឹកភ្នែក កសាងអំពើល្អ និងបុណ្យកុសលក្នុងជីវិត។ រឿងភាគទូរសទស្សន៍មួយនេះ បានរៀបចំក្រុងពាលីនាព្រឹកថ្ងៃទី14 កុម្ភៈ នេះ រួមមានកញ្ញា ផាន់ ផាត់ណា និង លោក សេង មង្គល ជាតួឯកស្រីប្រុស។
ដើម្បីតបស្នងចំពោះការងារល្អ និងលើកតម្លៃដល់តារាខ្មែរយើង ប៉ុស្តិ៍លេខ៥ បានព្យាយាមបង្កើតរឿងភាគជាច្រើនរឿងហើយ ក្នុងគោលបំណងឱ្យទីផ្សារតារាសិល្បៈខ្មែរ កាន់តែរីកធំឡើង និងបានឱកាសរកប្រាក់កម្រៃកសាងសង្គមគ្រួសារជាប្រចាំបន្តទៀត ។ មិនត្រឹមតែ កសាងឈ្មោះឱ្យប្រជាជនកម្ពុជាតាមបណ្តាខេត្ត/ក្រុងជាច្រើនគាំទ្រតារាសិល្បៈខ្មែរនោះទេ តាមគោលបំណងរបស់ប៉ុស្តិ៍លេខ៥ គឺចង់លើកស្ទួយពីវិស័យភាពយន្តខ្មែរ និងពង្រឹងឱកាសតារាកម្ពុជាបានសាងកេរ្តិ៍ឈ្មោះបង្ហាញពីទេពកោសល្យស្នាដៃ និងបោះជំហ៊ានចូលទីផ្សារបរទេសតាមរយៈការជួយបើកផ្លូវនៃកិច្ចការសម្តែង។
គួរបញ្ជាក់ផងដែរថា ប៉ុស្តិ៍លេខ៥ បានផលិតរឿងភាគទូរទស្សន៍មួយនេះ មិនត្រឹមតែឱ្យមហាជនបានកម្សាន្ដអារម្មណ៍នេះទេ ក៏ប៉ុន្ដែ បានដាស់ស្មារតីមហាជន តាមរយៈការត្រិះរិះពិចារណា ដើរតាមមាគាផ្លូវល្អ ហើយប្រពឹត្តិតែអំពើមានសីលធម៌ និងគុណធម៌នៅក្នុងសង្គម។ មិនតែប៉ុនណោះ រឿង«រៃប្តូរទ្រនំ» ក៏បានរំលេចពីបែបផែនជីវិតតស៊ូ ជំនះឧបសគ្គជីវិត មិនចុះចាញ់ទង្វើមិនល្អមកបៀតបៀននោះឡើយ។ ក្នុងជីវិតមនុស្ស មិនមែនសន្សំតែទ្រព្យក្នុងលោកិយនោះទេ តែត្រូវព្យាយាមសាងបុណ្យ សន្សំទ្រព្យនៅនិពាន្តផងដែរ។
សូមជម្រាបបន្ថែមថា រឿងភាគទូរទស្សន៍ល្អឯក «រៃប្តូរទ្រនំ» នឹងចាប់ផ្តើមថតនាថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2019ខាងមុខ ដោយមានចំនួនជាង30ភាគ។ រឿងថ្មីនេះ សម្តែងដោយលោក សេង មង្គល, កញ្ញា ផាន់ ផាត់ណា, លោក អៀង ចេនឡា, លោក ពិសិដ្ឋ, កញ្ញា សុម៉ា ឡាឡែន, កញ្ញា នីតា វរវង្ស, កញ្ញា ផាណាម៉ុច, កញ្ញា ប៊ែលឡា, លោក គីម យុន, ញឹម សុខា, ឆ័យលី ដាឡែន, ភីយ៉ាដា, លោក ស្អាង ដួងចិត្ត៕