អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន The Japan External Trade Organization (JETRO) បានបង្ហាញតួលេខចុងក្រោយបង្អស់របស់ខ្លួនថា ការនាំចេញរបស់កម្ពុជាជាមួយប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ2018 ដោយការនាំចេញបានកើនឡើង 27.3% និងការនាំចូលកើនឡើង 19.2%។
ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំទៅ ការដឹកជញ្ជូនទំនិញដែលមានតម្លៃជាង 1.6ពាន់លានដុល្លារត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ខណៈដែលកម្ពុជាបានទិញទំនិញពីជប៉ុនមកវិញគិតជាទឹកប្រាក់ចំនួន 421លានដុល្លារ។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននៅក្នុងខែធ្នូតែមួយ បានកើនឡើង19,9% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលបានកើនឡើង19.2%។
ក្នុងអំឡុងពេលនោះ ការនាំចេញមានតម្លៃ 119.8លានដុល្លារ ខណៈការនាំចូលមាន 45.6លានដុល្លារ។ ការនាំចេញរបស់កម្ពុជាភាគច្រើន គឺសម្លៀកបំពាក់ ផលិតផលស្បែកជើង ហើយបើយោងតាមក្រសួងពាណិជ្ជកម្ម
កម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុនបាននាំចេញភាគច្រើនជាគ្រឿងម៉ាស៊ីន រថយន្ត និងគ្រឿងអេឡិចត្រូនិក សាច់គោ ដែក និងថ្នាំពេទ្យចូលមកកម្ពុជា។
នាយកដ្ឋាននាំចេញ និងនាំចូលនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបន្តកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងតែជំរុញផលិតផលរបស់កម្ពុជាឱ្យទៅដល់ដៃប្រជាជនជប៉ុន ហើយប្រជាជនជប៉ុនក៏កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងផងដែរចំពោះទំនិញដែលបានផលិតនៅក្នុងប្រទេសកម្ពុជា។
លោក ហូ ស៊ីវយ៉ុង ប្រធាននាយកដ្ឋាននាំចេញ និងនាំចូលនៃក្រសួងពាណិជ្ជកម្មបានថ្លែងថា “គោលដៅនេះគឺដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា និងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ដែលនឹងជួយឱ្យយើងធ្វើពិពិធកម្មការនាំចេញលើសពីសម្លៀកបំពាក់ និងស្បែកជើង”។
លោកបានមានប្រសាសន៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជាជាមួយជប៉ុន ពីព្រោះវាជាគន្លឹះក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនៅតែបន្តគ្របដណ្ដប់ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា៖“បច្ចុប្បន្នវិនិយោគិនជប៉ុនកាន់តែច្រើនកំពុងមកវិនិយោគនៅកម្ពុជា កំណើននាំចេញទៅកាន់ប្រទេសជប៉ុនកំពុងមានការចាប់អារម្មណ៍ខ្លាំង”។
បច្ចុប្បន្នគេបានមើលឃើញថា វិនិយោគិនជប៉ុនភាគច្រើនដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃពីមុនមក បានសម្រេចមកចិត្តបង្កើតរោងចក្ររបស់ពួកគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារតែវាមានតម្លៃពលកម្មទាប និងមានស្ថិរភាពនយោបាយ។
កម្ពុជាក៏កំពុងទាក់ទាញការវិនិយោគរបស់ជប៉ុនផងដែរ ដោយសារតែគោលនយោបាយវិនិយោគរបស់ខ្លួន ដែលរួមមានការសម្រាកពន្ធជាច្រើនសម្រាប់ការវិនិយោគធំៗ។ លើសពីនេះទៀតវិនិយោគិនជប៉ុនបានដឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យផលិតកម្មមានតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដោយបានជួលកម្មករកម្ពុជាជាង 1លាននាក់។
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកាលពីឆ្នាំមុន ស្មើនឹង 10ពាន់លានដុល្លារ (ស្មើនឹង73.7% នៃការនាំចេញសរុប)។ ការនាំចេញគ្រឿងបន្លាស់អេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តបានកើនឡើងចំនួន 3ដង ខណៈការនាំចេញកង់ បានកើនឡើង12%។ កំណើននៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងបានធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៅក្នុងសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅអាមេរិកខាងជើង សហភាពអឺរ៉ុប និងជប៉ុនដែលជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ក្នុងជំនួបជាមួយលោកបណ្ឌិត Fumio Yamada ប្រធានសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន Japan Cambodia Interactive Association (JCIA)បានបង្ហាញជូនវិនិយោគិនជប៉ុនពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដែលបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីភាគីជប៉ុន។
លោកបណ្ឌិត Fumio Yamada ក៏បានឧទ្ទេសនាមពីក្រុមប្រតិភូអមដំណើរជាមួយលោកដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនដែលមានក្រុមហ៊ុនជាសមាជិកជាង 400ក្រុមហ៊ុន មានជំនាញផ្នែកវិស្វកម្ម និងស្ថាបត្យកម្មលើសំណង់លំនៅឋាន និងអគារពាណិជ្ជកម្មធំៗដែលមានបំណងវិនិយោគ និងបណ្តុះបណ្តាលផ្នែកវិស្វកម្មដល់ជនជាតិកម្ពុជាផងដែរ។ ជាមួយគ្នានេះក៏មានក្រុមហ៊ុនផលិតម៉ូទ័រទឹកដែលនឹងចាប់ផ្តើមធ្វើការវិនិយោគរបស់ខ្លួននៅកម្ពុជានាពេលខាងមុខនេះដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានស្វាគមន៍ផងដែរចំពោះក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនផលិតម៉ូទ័រទឹកដែលកំពុងស្របនឹងសភាពការណ៍វិវឌ្ឍន៍ជាក់ស្តែងនៅកម្ពុជា។ ម្យ៉ាងទៀតបច្ចេកទេសរបស់ជប៉ុនត្រូវបានទទួលស្គាល់ពីប្រជាពលរដ្ឋកម្ពុជាយ៉ាងទូលំទូលាយ ក៏ដូចជាទូទាំងពិភពលោកផងដែរ។
ដោយឡែកទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុនយកចិត្តទុកដាក់បន្ថែមលើជំនាញវិស្វកម្ម ជំនាញអេឡិចត្រូនិក ឬជំនាញដំឡើងគ្រឿងយន្តជាដើម ព្រមទាំងជំនាញភាសាអង់គ្លេស និងភាសាជប៉ុនថែមទៀតដើម្បីឱ្យស្របនឺងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4 នាពេលបច្ចុប្បន្ននេះ៕