កម្ពុជាជាសមាជិកនៃតំបន់អាស៊ាន និងជាប្រទេសមួយដែលស្ថិតក្នុងបរិបទនៃការប្រកួតប្រជែងក្នុងតំបន់ដែលទាមទារឱ្យមានធនធានមនុស្សប្រកបដោយសក្តានុពលដើម្បីចូលរួមទាញយកផលប្រយោជន៍ និងជំរុញល្បឿននៃការអភិវឌ្ឍក្នុងសហគមន៍អន្តរជាតិ។
ក្នុងចំណោមផ្នែកសំខាន់ៗនៃការប្រកួតប្រជែងនេះយុវជនជំនាន់ថ្មីដែលជាអ្នកបន្តវេនលើគ្រប់វិស័យ ទាំងរដ្ឋ និងឯកជន ចាំបាច់ត្រូវតែព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាប្រជាជនសកល។
លោក ហួ តុលា នាយកកម្មវិធី The Perspectives Cambodia បានលើកឡើងថា ដើម្បីធ្វើការប្រកួតប្រជែងក្នុងបរិបទតំបន់ យុវជនគួរមានលក្ខណសម្បត្តិចំនួន 5សំខាន់ៗគឺ ទី1 យុវជនកម្ពុជាគួរមានសមត្ថភាពផ្នែកភាសាឱ្យបានច្បាស់លាស់ជាពិសេសភាសាអង់គ្លេស ព្រោះភាសាជាផ្នែកសំខាន់ក្នុងការទំនាក់ទំនង និងជាចំណុចភ្ជាប់យ៉ាងសំខាន់ដើម្បីសិក្សាលើជំនាញជាច្រើនផ្សេងទៀតលើពិភពលោក។ ក្រៅពីនេះចំណេះដឹងភាសា ក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការធ្វើអាជីវកម្ម និងធ្វើការងារជាមួយគ្រប់ស្ថាប័នទាំងអស់ក្នុងតំបន់ផងដែរ។ ចំណុចសំខាន់ទី2 បន្ទាប់ពីភាសាគឺ ត្រូវមានជំនាញច្បាស់លាស់ ជាពិសេស គឺជំនាញដែលសង្គមកំពុងត្រូវការ ទាំងកម្រិតជាតិ និងអន្តរជាតិ។ ការចេះតែភាសាមួយមុខមិនគ្រប់គ្រាន់នោះទេ យុវជនត្រូវតែមានជំនាញដើម្បីទាញយកឱកាសការងារនៅក្នុងតំបន់ ព្រោះបច្ចុប្បន្ននេះអាស៊ាន ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតដែលបានបើកចំហ និងត្រូវការអ្នកជំនាញសំខាន់ៗដើម្បីបម្រើការងារឱ្យកាន់តែប្រសើឡើង។ ចំណុចសំខាន់ទី3 គឺការចូលរួមប្រកួតប្រជែង ព្រោះការប្រកួតប្រជែង គឺការបង្ហាញពីសមត្ថភាព និងបង្កើតជាសមិទ្ធផលល្អៗដើម្បីបង្ហាញដល់ស្ថាប័ននានាថា យើងពិតជាមានសមត្ថភាពខ្លាំងលើសពីអ្នកដទៃផ្សេងទៀតមែន។
លោក ហួ តុលា បាននិយាយថា៖ “យុវជនកម្ពុជាគួរចាប់ផ្តើមចូលរួមប្រកួតប្រជែងឱ្យបានច្រើនទាំងក្នុងបរិបទអាស៊ាន និងក្នុងពិភពលោក ដូចជាការប្រកួតប្រជែងយកអាហារូបករណ៍ កម្មវិធីវិទ្យាសាស្ត្រ ការនិយាយសាធារណៈ ការសរសេរគម្រោងអាជីវកម្ម ឬការផលិតវីដេអូជាដើម។ បច្ចុប្បន្ននេះមានការប្រកួតប្រជែងជាច្រើនមិនថាតែផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ ឬសង្គមនោះទេ យុវជនខ្មែរយើងមិនតិចទេអាចឈ្នះបណ្តាប្រទេសធំៗ ហើយទទួលបានជយលាភីត្រឡប់មកវិញ”។
លោក ហួ តុលា បានលើកឡើងផងដែរថា ចំណុចទី4 ដែលយុវជនគួរធ្វើគឺ ចាប់ផ្តើមបង្កើនទំនាក់ទំនងល្អជាមួយយុវជន និងប្រជាជននៅក្នុងបណ្តាប្រទេសនានាលើពិភពលោក ព្រោះការបង្កើតបណ្តាញទំនាក់ទំនងល្អនេះអាចធ្វើឱ្យយើងទទួលបានឱកាសកាន់តែច្រើនក្នុងការចាប់យកឱកាសការងារ ក៏ដូចជាការធ្វើអាជីវកម្មជាដើម។ ចំណុចសំខាន់ទី5 គឺយុវជនគួរបង្ហាញទស្សនវិជ្ជមានចំពោះសង្គមឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបង្ហាញឱ្យគេឃើញពីលក្ខណពិសេស និងសក្តានុពលរបស់យើង ដែលវាជាចំណុចចាប់ផ្តើមក្នុងការទាក់ទាញអ្នកវិនិយោគ ឬមើលឃើញពីតម្លៃក្នុងការទំនាក់ទំនងជាមួយយើង។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាក៏គួរតែព្យាយាមគ្រប់លទ្ធភាពក្នុងការកំណត់អត្តសញ្ញាណ វប្បធម៌ និងសាមគ្គីភាព ដើម្បីបង្ហាញឱ្យគេឃើញថា យើងជាមនុស្សដែលមានសមត្ថភាព និងជាមនុស្សដែលអាចជួយឱ្យស្ថាប័នរបស់គេអាចអភិវឌ្ឍបានល្អ។
ចំពោះកម្រិតគុណភាពរបស់យុវជនវិញនោះ លោក តុលា បានបញ្ជាក់ថា បើគិតពីក្របខណ្ឌអាស៊ានយើងមិនអន់ពេកទេ ព្រោះបើរាប់តាមលេខរៀង យើងប្រហែលជាលេខ6 លេខ7 ដែរ ប្រៀបធៀបជាមួយយុវជនក្នុងប្រទេសដទៃ។ កត្តាសំខាន់ដែលអាចធ្វើឱ្យយើងអាចវាយតម្លៃបែបនេះ ទី1 គឺយុវជនកម្ពុជាមានឱកាសច្រើនក្នុងការអភិវឌ្ឍសមត្ថភាព ទាំងការចូលរួមក្នុងកិច្ចការងារសង្គម ការសិក្សាលើភាសា និងការបង្កើតកម្មវិធីថ្មីៗ ខុសពីប្រទេសមួយចំនួន ដូចជា មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀតដែលយុវជនមិនសូវត្រូវបានលើកទឹកចិត្តឱ្យមានឱកាសបែបនេះទេ ព្រោះប្រទេសគេទាំងនោះរឹតត្បិតខ្លាំងលើការរៀបចំ និងបង្កើតកម្មវិធីផ្សេងៗ ក៏ដូចជាបញ្ហាភាសាជាដើម។ ចំណុចសំខាន់ទី2គឺយើងឃើញថា និស្សិតកម្ពុជាទទួលបានមេដាយមាស-ប្រាក់ និងសមិទ្ធផលសំខាន់ៗជាច្រើនពីអន្តរជាតិ។ និយាយនេះមិនមែនមានន័យថា ប្រទេសគេមិនជាប់ជយលាភីនោះទេ គេក៏មានច្រើនដែរ តែអ្វីដែលសំខាន់គឺលើវិញ្ញាសាខ្លះ យើងអាចឈ្នះលើប្រទេសធំ។ ជាក់ស្តែងចំពោះអាហារូបករណ៍អន្តរជាតិវិញ មានប្រទេសខ្លះមិនមានយុវជនជាប់នោះទេ តែយុវជនខ្មែរយើងអាចជាប់ទៅសិក្សាបាន។ ចំណុចសំខាន់មួយផ្សេងទៀតដែលយើងមើលឃើញថា ជាចំណុចល្អរបស់យើងនោះគឺ តាមការស្រាវជ្រាវ កម្ពុជាមានយុវជនចន្លោះពី 18ឆ្នាំ ដល់ 40ឆ្នាំច្រើនជាងគេក្នុងតំបន់ ដែលកំពុងចូលរួមយ៉ាងសំខាន់ក្នុងគ្រប់ផ្នែក ជាពិសេសចង្វាក់ផលិតកម្មក្នុងវិស័យសេដ្ឋកិច្ច។
ទោះបីជាយ៉ាងនេះក្តី សហស្ថាបនិកកម្មវិធីអភិវឌ្ឍន៍យុវជនខាងលើបានបង្ហាញផងដែរថា យុវជនយើងក៏មានចំណុចខ្វះខាតចំនួនផងដែរដែលជាឧបសគ្គសម្រាប់ការប្រកួតប្រជែង។ បញ្ហាសំខាន់គឺយុវជនកម្ពុជាមួយចំនួនមិនទាន់ចេះប្រើប្រាស់ឱកាសរបស់ខ្លួនឱ្យក្លាយជាប្រយោជន៍សំខាន់នៅឡើយទេ។ មានយុវជនខ្លះបានបណ្តែតបណ្តោយឱ្យឱកាសទាំងអស់នោះរំលងផុតទៅដោយការផ្តេកផ្តួលខ្លួនជាមួយនឹងរឿងមិនល្អ ឬលង់ខ្លួនជាមួយភាពសប្បាយរីករាយច្រើនពេក ភ្លេចគិតពីការអភិវឌ្ឍសមត្ថភាព ស្របពេលដែលយុវជននៃបណ្តាប្រទេសដទៃកំពុងមមាញឹកខ្លាំងក្នុងការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន។ ម្យ៉ាងវិញទៀត យុវជនកម្ពុជាបច្ចុប្បន្នក៏មានទម្លាប់មិនល្អមួយ គឺចូលចិត្តធ្វើអ្វីដដែលៗ ដែលធ្វើឱ្យពួកគេមិនអាចស្វែងរកនវានុវត្តន៍ ឬអ្វីដែលថ្មីខុសពីអ្វីដែលមនុស្សចាស់ធ្លាប់ធ្វើ។ បញ្ហានេះធ្វើឱ្យយើងដើរក្រោយគេ ព្រោះទម្លាប់ចាស់គំរឹលមួយចំនួនដែលយុវជនកំពុងក្តោបទុកក្នុងខ្លួន បានក្លាយជាឧបសគ្គសំខាន់ក្នុងការធ្វើការងារក្នុងសង្គមដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនេះ។ ចំណុចសំខាន់មួយផ្សេងទៀត គឺយុវជនកម្ពុជាមិនទាន់ចេះសាមគ្គី និងធ្វើការជាក្រុមឱ្យបានល្អ ដែលធ្វើឱ្យយើងមានការលំបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសខាងក្រៅ ព្រោះយើងរវល់តែមានបញ្ហាផ្ទៃក្នុងច្រើន។ ជាក់ស្តែងប្រសិនបើយើងធ្វើការងារគម្រោងណាមួយ ហើយយើងរវល់តែឈ្លោះប្រកែកគ្នា ផ្នែកដទៃផ្សេងទៀត ឬដៃគូប្រកួតប្រជែង គេនឹងដើរទៅមុនយើងអស់មិនខាន។
ងាកមកវិញ ដើម្បីស្តារស្ថានការណ៍ទាំងអស់នេះ យើងគួរព្យាយាមគ្រប់លទ្ធភាពដើម្បីសិក្សាឱ្យបានច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីដឹងឱ្យច្បាស់ថា តើគេដើរដល់ណាហើយ? ហើយយើងត្រៀមខ្លួនអ្វីខ្លះដើម្បីប្រកួតប្រជែង?។ លើសពីនេះទៅទៀតយុវជនគួរព្យាយាមប្រើប្រាស់ពេលដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅលើការងារដែលយើងកំពុងធ្វើ ដើម្បីអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង ហើយប្រសិនបើយើងក្តោបព័ត៌មាន ឬទិន្នន័យបានល្អប្រសើរទៀតផងនោះ យើងនឹងអាចរកឃើញគំនិតច្នៃប្រឌិតជាច្រើនដែលធ្វើឱ្យយើងក្លាយជាបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់៕