កម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា បានប្រកាសបើកផ្លូវការនៅក្នុងពិធីចុះហត្ថលេខាដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងអង្គការ GIZ ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2019កន្លងទៅ ក្រោមអធិបតីភាពឯកឧត្ដម សុន សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Guenter Rithmacher នាយកគ្រប់គ្រង អង្គការ GIZ ប្រចាំប្រទេសកម្ពុជា។
ឯកឧត្តម សុន សេងហួត បានលើកឡើងថា ពិធីចុះហត្ថលេខា និងប្រកាសបើកកម្មវិធីអភិវឌ្ឍន៍ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយក្នុងការផ្តល់នូវបច្ចុប្បន្នភាព ព័ត៌មាន ក៏ដូចជាគោលនយោបាយថ្មីៗដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបន្តនូវការងារជំរុញលើកទឹកចិត្តដល់វិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅក្នុងកម្ពុជា។
លោកបន្ថែមថា វេទិកានេះធ្វើឡើងក្នុងគោលបំណងបង្កលទ្ធភាពងាយស្រួលដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមឱ្យមានលទ្ធភាពអភិវឌ្ឍន៍កែលម្អខ្សែចង្វាក់ផលិតកម្ម និងពង្រីកអាជីវកម្មរបស់ខ្លួន។ បន្ថែមលើនេះ វេទិកាក៏បានចូលរួមស្តាប់អំពីលទ្ធផលនៃកម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា ព្រមទាំងការផ្តល់នូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស GIZ អំពីបញ្ហាប្រឈមនានារបស់សហគ្រាសខ្នាតមីក្រ តូច និងមធ្យមនៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់នូវសូចនាករថ្មីមួយ។
នៅឱកាសនោះឯកឧត្តម សុន សេងហួត ក៏បានស្នើឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមខ្លួនឯងផ្ទាល់ត្រូវខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍខ្លួនបន្ថែម ព្រមទាំងព្យាយាមរកនូវបច្ចេកទេស បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿងម៉ាស៊ីនទំនើប និងទាន់សម័យក្នុងផលិតកម្មដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងយកឈ្នះរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
មន្ដ្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បានបញ្ជាក់ទៀតថា ស្របពេលនឹងការទទួលបានការលើកទឹកចិត្តសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទៅលើផ្នែកពន្ធដារ និងទទួលបានហិរញ្ញប្បទាន ក្រសួងក៏បានចូលរួមដោះស្រាយ និងស្វែងរកដំណោះស្រាយផ្សេងទៀតអំពីបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងផ្នែកផ្សេងៗទៀត ដូចជាបញ្ហាគុណភាពរបស់ផលិតផលស្តង់ដា ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ជាមួយគ្នានេះឯកឧត្តម ឡាំ គីមឡេង អគ្គនាយកនៃនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានលះបង់ធនធានបង្កើតគម្រោងនេះឡើង ដើម្បីជួយអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។ លោកថា គម្រោងនេះផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពគ្រប់គ្រង បច្ចេកទេសផលិតកម្មល្អ អនាម័យល្អ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ប្រសិទ្ធផលក្នុងខ្សែចង្វាក់ផលិតកម្ម។
ឯកឧត្តមបានមានប្រសាសន៍ថា នឹងបន្ដកិច្ចសហការជាមួយអង្គការ GIZ ដើម្បីឱ្យកសាងផែនការសកម្មភាពលម្អិត ក្នុងន័យសម្រេចបាននូវផែនការនៃគម្រោងនេះឱ្យទទួលបានជោគជ័យបន្ថែមទៀត។
សូមជម្រាបថា គម្រោងនេះមានរយៈពេល 3ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ2021 ដែលមានថវិកាចំនួន 3លានអឺរ៉ូ (ប្រហែលជាង 3.3លានដុល្លារអាមេរិក)។ ឯកឧត្តមបានបន្ថែមថា ខេត្តដែលត្រូវអនុវត្តនូវគម្រោងនេះរួមមាន បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ៕