ភ្នំពេញៈ គម្រោងខុនដូខ្ពស់កប់ពពកថ្មីមួយដែលមានកម្ពស់រហូតដល់ 43ជាន់ និងបោះទុនវិនិយោគតម្លៃ 200លានដុល្លារ នឹងបញ្ចុះបឋមសិលាសាងសង់នៅសប្តាហ៍ក្រោយនេះក្នុងខេត្តព្រះសីហនុ។
ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ ខេអេចស៊ី អ៊ីនវេសមិន សហការជាមួយក្រុមហ៊ុនអាណាចក្រអ៊ីនវេសមិន និងសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ ធរណីរៀលអ៊ីស្ទេត ជាអ្នកវិនិយោគសង់អគារខុនដូឈ្មោះ The Sea Gate Suit នេះ។
លោក វេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន Thoroni Real Estate បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី 5 ឧសភានេះថា ក្រុមហ៊ុនចិនមួយបានបោះទុន 200លានដុល្លារសង់អគារខុនដូខ្ពស់ទី 1 នៅខេត្តព្រះសីហនុដែលសាងសង់ដោយ ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ ខេអេចស៊ី អ៊ីនវេសមិន សហការជាមួយអាណាចក្រអ៊ីនវេសមិន សង់ខុនដូមានកម្ពស់ 43 ជាន់ ដែលគ្រោងនឹងបុកគ្រឹះ ពីថ្ងៃទី12 ខែមិថុនា ខាងមុខនេះ។
លោកបន្តថា គម្រោងដ៏ធំរបស់ចិននេះជាគម្រោងលើកទី1 ហើយជាអគារហុងកុងលើកទី1 ដែលមិនធ្លាប់មាននៅខេត្តព្រះសីហនុ ហើយមូលហេតុបានជាក្រុមហ៊ុនមកវិនិយោគនៅតំបន់នេះគឺ ក្នុងបំណងជួយជំរុញសេដ្ឋកិច្ច ព្រោះទីនេះជាតំបន់សេដ្ឋកិច្ច វប្បធម៌ និងជាតំបន់ឆ្នេរដែលមានសក្តានុពលផងដែរ។
គម្រោងខុនដូនេះមានរចនាបទប្លែកៗ ដែលមានទីតាំងស្ថិតនៅលើឆ្នេរជ័យជម្នះ ខេត្តព្រះសីហនុ ។ នេះជាគម្រោងទី 1 ដែលក្រុមហ៊ុន Thoroni Real Estate បានសហការសាងសង់ជាមួយក្រុមហ៊ុនចិន ហើយតាមផែនការនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ 2017។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិមកធ្វើការវិនិយោគក្នុងវិស័យជាច្រើន ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ជាមួយនឹងការមកដល់នូវចំនួនអ្នកវិនិយោគកាន់តែច្រើននេះ មានអ្នកវិនិយោគជាច្រើនបានធ្វើការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងខេត្តនេះ ជាក់ស្តែងរហូតមកទល់ពេលនេះមានគម្រោងខុនដូខ្ពស់ជាង 10 គម្រោងហើយដែលបាន និងកំពុងដំណើរការសាងសង់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគមករស់នៅ និងធ្វើការនៅកម្ពុជា៕