រាជិនីហែលទឹកដ៏ឆ្នើមរបស់ជប៉ុន Rikako Ikee ដែលកំពុងស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ នៅឆ្នាំក្រោយនោះ ត្រូវបានពិនិត្យឃើញថា មានជំងឹមហារីកគ្រាប់ឈាម ឬឈាមសស៊ីឈាមក្រហម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់កីឡាការិនីវ័យ 18ឆ្នាំរូបនេះកាលពីថ្ងៃអង្គារ។
ក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ Ikee បានឱ្យដឹងថា៖ «ក្រោយពីមានអារម្មណ៍មិនល្អ ខ្ញុំបានវិលត្រឡប់ពីប្រទេសអូស្ត្រាលីភ្លាមៗ ហើយបន្ទាប់ពីការពិនិត្យ ខ្ញុំត្រូវបានគេពិនិត្យឃើញថា មានជំងឺមហារីកគ្រាប់ឈាម។ ខ្ញុំផ្ទាល់នៅតែមិនអាចជឿសោះឡើយ។ ខ្ញុំកំពុងតែស្ថិតក្នុងសភាពច្របូកច្របល់»។
Ikee បានបង្កើតភាពអស្ចារ្យក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games កាលពីឆ្នាំមុន ដែលនៅពេលនោះនាងបានឈ្នះមេដាយមាសដល់ទៅ៦ ដើម្បីបង្កើតឱ្យមានការចាប់អារម្មណ៍ដ៏ធំមួយ នៅមុនពេលព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ2020 ក្នុងទីក្រុងដែលជាស្រុកកំណើតរបស់នាង។
តារាឆ្នើមវ័យក្មេងដែលបង្កើតកំណត់ត្រាថ្នាក់ជាតិជាច្រើនរូបនេះ ត្រូវបានចាត់ទុកជាកីឡាការិនីលេចធ្លោជាងគេ ជាពិសេសក្នុងការប្រកួតហែលទឹកបែបមេអំបៅ លើវិញ្ញាសា 100ម៉ែត្រ ផ្នែកនារី។
Ikee បានប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងមានការប្តេជ្ញាចិត្តក្នុងការជម្នះលើជំងឺរបស់នាង ក្រោយពីបានបង្ខំចិត្តផ្អាកការហ្វឹកហាត់របស់ខ្លួន នៅលើកោះ Gold Coast ប្រទេសអូស្ត្រាលី។
Ikee ដែលបានប្រកាសថា នាងនឹងដកខ្លួនចេញពីព្រឹត្តិការណ៍ជើងឯកជាតិរបស់ជប៉ុន នៅខែមេសា នោះ បានឱ្យដឹងថា៖ «ប្រិសនបើមានការព្យាបាលដ៏ត្រឹមត្រូវ វាជាជំងឺមួយដែលអាចជម្នះបាន»៕