តើលោកអ្នកក្លាយជាឳពុកម្តាយថ្មោងថ្មីដែលមានកូនតូចមែនទេ? តើលោកអ្នកយល់ដឹងពីការស្រែកយំរបស់កូនតូចរបស់លោកអ្នកបានកម្រិតណា? ថ្ងៃនេះ ឡារ៉ែន សូមជម្រាបជូនមូលហេតុដែលនាំឱ្យកូនតូចរបស់លោកអ្នកស្រែកយំមាន5ចំណុច។
“ការស្រែកយំ” គឺជារឿងធម្មតារបស់ទារកទើបនឹងកើត ដូច្នេះតោងឱ្យឪពុកម្ដាយថ្មោងថ្មីយល់ដឹងអំពីកូនតូច និងអាចតបស្នងតម្រូវការរបស់កូនបានយ៉ាងមានសេចក្ដីសុខ។ ពេលកូនតូចរបស់លោកអ្នកយំអាចបណ្តាលមកពី៖
កត្តាទី១ គឺកូនឃ្លាន បើកូនតូចរបស់អ្នកម្ដាយបៅទឹកដោះបានតិច និងច្រើនតែភ្ញាក់ឡើងយំក្រោយពីបៅទឹកដោះបានត្រឹមតែមួយម៉ោងរួចមកនោះ មូលហេតុមកពីកូនតូចបៅទឹកដោះខុសវិធី ឬបៅមិនបានឆ្អែត ដូច្នេះអ្នកម្តាយគួរតែលើកកូនឱ្យបៅ និង អង្អែលកូនឱ្យគេងបន្ត តែមិនត្រូវឱ្យកូនបៅឆ្អែតពេកទេ ចៀសវាងការភើចេញក្រៅ។
កត្តាទី២ កូនឯកា មិនថាកូនលោកអ្នកមានអាយុប៉ុន្មាននោះទេ ពួកគេពិតជាត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការប៉ះពាល់ដ៏ទន់ភ្លន់របស់ឪពុកម្ដាយជាប់ជានិច្ច លោកអ្នកត្រូវតែផ្តល់ការឱប និងថើបថ្មមៗ ឬជាការប៉ះពាល់ខាងរាងកាយដែលធ្វើឱ្យកូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត និងមានសេចក្ដីសុខជាប្រចាំ។
កត្តាទី៣ កូនយំព្រោះមិនស្រួលខ្លួន ឬឈឺថ្កាត់ ដោយកូនតូចច្រើនតែយំរករឿង មិនព្រមបៅ ឬមិនគេងជានោះ អ្នកម្ដាយគួរវាស់សីតុណ្ហភាពខ្លួនកូន ដើម្បីពិនិត្យមើលថា តើកម្ដៅខ្លួនកូនស្ថិតក្នុងកម្រិតប៉ុន្មានអង្សា? បើចាប់ពី37អង្សាឡើងទៅ មានន័យថា កូនតូចមានអាការៈគ្រុនក្ដៅខ្លួនហើយ ចូរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
កត្តាទី៤ កូនចាប់ផ្តើមដុះពន្លកធ្មេញ ទារកនឹងមានធ្មេញមួយគូដំបូងនៅពេលអាយុបាន 6ខែមុននឹងធ្មេញរបស់កូនដុះឡើង ច្រើនតែមានទឹកមាត់ហៀរចេញមកក្រៅ មិនចង់បៅទឹកដោះ ឬញ៉ាំអាហារ យំរករឿង មានអារម្មណ៍រមាស់អញ្ចាញធ្មេញ ចូលចិត្តយកដៃលូកចូលមាត់ ដូច្នេះអ្នកម្ដាយអាចជួយកាត់បន្ថយភាពរមាស់អញ្ចាញធ្មេញកូនបាន ដោយឱ្យកូនខាំដុំនំប៉័ងទន់ៗ។
កត្តាទី៥ គឺកន្ទប ឬខោទឹកនោមកូនសើមខ្លាំង កូនអាចនឹងមានអារម្មណ៍ថាសើមខ្លួន មិនស្រួលស្បែក ជួនកាលអាចធ្វើឱ្យកើតកន្ទួលរមាស់ទៀតផង ទើបកូនតូចស្រែកយំរករឿង ដូច្នេះអ្នកម្តាយត្រូវចេះប្រើម្សៅលាប បំបាត់រមាស់ រាល់ពេលប្តូរកន្ទបឲ្យកូន និងជ្រើសរើសម្សៅដែលបរិសុទ្ធល្អ មិនលាយពណ៌ មិនលាយសារធាតុគីមី ការពារសំណើម ព្រោះស្បែកកូនតូចនៅខ្ចីណាស់៕