កាលពីថ្ងៃទី10 កុម្ភៈ ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ និងក្រុមអង្គការខ្ញុំខ្មែរ បានរួមគ្នាធ្វើកម្មវិធីមួយគួរឱ្យសរសើរដោយអោយក្មេងៗដែលជាសមាជិកក្នុងក្រុមទាំងពីរខាងលើមកធ្វើពិធីសុំទោសឪពុកម្ដាយ និងថ្វាយបង្គំអ្នកមានគុណ ដោយក្នុងពិធីនោះគេឃើញអ្នកមានគុណច្រើនគ្រួសារមកចូលរួម ខណៈដែលក្មេងៗ និងឪពុកម្ដាយដែលបានចូលរួមសុទ្ធតែបានបង្ហូរទឹកភ្នែក នៅពេលព្រះសង្ឃមានសង្ឃដីកាពីគុណរបស់ឪពុកម្ដាយ និងពីភាពមើលរំលងរបស់កូនៗអ្នកមានគុណ។
លោក ខេមរៈ ប៊ុណ្ណា ប្រធានក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារតែលោកបានបង្កើតក្រុមអភិរក្សអក្សរសាស្រ្ត ហើយប្រមូលបានយុវវ័យជាក្មេងៗជាច្រើនឱ្យទទួលចំណេះដឹងផ្នែកអក្សរសាស្ត្រ និងធ្វើសកម្មភាពសប្បុរសធម៌ដូចជារ៉ៃអង្គាសថវិកា និងប្រមូលថវិកាយកទៅជួយដល់ស្រ្តីសម្រាលកូនខ្វះខាត បានកាន់តែចំនួនច្រើននាក់ ទើបលោកសម្រេចចិត្តធ្វើកម្មវិធីជួបជុំធំមួយកាលពីថ្ងៃអាទិត្យទី10 កុម្ភៈ ដោយបានអញ្ជើញឪពុកម្ដាយរបស់កូនសិស្ស និងសមាជិកមកជួបជុំគ្នា ហើយធ្វើពិធីឱ្យក្មេងៗសំពះសុំទោស និងលើកជើងអ្នកមានគុណដាក់ទូលលើក្បាល ដើម្បីបង្រៀនអោយក្មេងៗដឹងថាការសំពះឪពុកម្ដាយ និងហ៊ានលើកជើងរបស់អ្នកមានគុណដាក់ទូលលើក្បាល គឺជារឿងដែលប្រសើរជាងថ្វាយបង្គំព្រះពុទ្ធទៅទៀត ដោយសារតែអ្នកមានគុណគឺមានតម្លៃជាងព្រះនៅក្នុងវិហារទៅទៀត។
លោកថា វាលើកទីដំបូងហើយដែលក្រុមសប្បុរសធម៌របស់លោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយគោលបំណងសំខាន់គឺក្រៅពីឱ្យយុវវ័យជាកូនសិស្សយល់ដឹងពីការងារសង្គមហើយ ក៏ត្រូវតែចេះកត្តញូចំពោះឪពុកម្ដាយ ដោយត្រូវពលីចំពោះអ្នកមានគុណក្រោយពេលខ្លួនកាន់តែចំរើនវ័យនោះផងដែរ។ លោកថាក្មេងៗភាគច្រើនមិនហ៊ានទាំងលើកដៃសំពះឪពុកម្ដាយផង តែហ៊ានថ្វាយបង្គំព្រះ និងចេះអោនលំទោនចំពោះអ្នកដទៃ ទើបលោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយបានសហការជាមួយព្រះសង្ឃ ដើម្បីអោយព្រះសង្ឃមកជួយផ្ដល់ឱវាទ និងបាសហការជាមួយអង្គការខ្ញុំខ្មែរ បន្ទាប់ពីបានចូលរួមជាមួយអង្គការខ្ញុំខ្មែរក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន៕