សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្មភាពការងារ និងបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។
លោក គីលីយ៉ង់ ប្លែស អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងជាមួយភាគីខ្មែរ មានប្រសាសន៍ថានេះជាកិច្ចប្រជុំធំបំផុត និងមានសារៈសំខាន់បំផុតសម្រាប់ឆ្នាំ2017នេះ ដើម្បីរាយការណ៍ពីសកម្មភាពរបស់ខ្លួនឱ្យសមាជិក-សមាជិកា បានដឹង និងលើកឡើងអំពីតម្រូវការផ្សេងៗរបស់គេនីមួយៗ ឱ្យអង្គប្រជុំស្វែងរកដំណោះស្រាយរួមគ្នា។ លោកថាក្រុមភាគីសហគមន៍អឺរ៉ុបមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនខ្ពស់ក្នុងរយៈពេលវែងជាងមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែទោះយ៉ាងណាក្តី ភាពមិនស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែកើតមាននៅកម្ពុជាដោយក្រុមហ៊ុនខ្លះបង់ពន្ធហើយក្រុមហ៊ុនខ្លះមិនបានបង់ពន្ធ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គេនៅតែមានភាពសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាដដែល។
លោកថ្លែងថាក្រុមហ៊ុន ពាណិជ្ជករនៃសហគមន៍អឺរ៉ុបមានការចាប់អារម្មណ៏ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ប៉ុន្តែរៀងរាល់ពេលបោះឆ្នោតចូលមកដល់ អ្នកវិនិយោគតែងមានការរួញរា ដោយខ្លាចកើតមានអស្ថិរភាពសង្គមណាមួយ។ ដូច្នេះសភាពាណិជ្ជកម្មអឺរ៉ុបចង់បានស្ថិរភាពនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកឱ្យកាន់តែច្រើន។
គួរបញ្ជាក់ថា រហូតមកទល់ឆ្នាំ 2017 សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានសមាជិកប្រមាណជា 295 ក្រុមហ៊ុន ជាសភាពាណិជ្ជកម្មលោកខាងលិចដែលធំជាងគេបង្អស់ ព្រមទាំងមានក្រុមហ៊ុនបរទេស និងក្នុងស្រុកជាច្រើនទៀតផង៕