លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ជឿជាក់ថា Manchester City នៅតែជាក្រុមខ្លាំងបំផុតក្នុងទ្វីបអឺរ៉ុប នៅមុនពេលក្រុមរបស់លោកធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
ក្រុម Chelsea របស់លោក Sarri គឺជាក្រុមដំបូងគេដែលបានផ្តួលក្រុម Man City ក្នុងការប្រកួតក្របខ័ណ្ឌលីក នៅរដូវកាលនេះ នៅពេលដែលពួកគេបានយកឈ្នះក្នុងលទ្ធផល 2-០ លើក្រុមម្ចាស់ជើងឯកមួយនេះ នាកីឡដ្ឋាន Stamford Bridge កាលពីខែធ្នូ។
Man City បានរងបរាជ័យ 2លើកបន្ថែមទៀតក្នុងអំឡុងថ្ងៃបុណ្យណូអែល ប៉ុន្តែពេលនេះ ពួកគេបានវិលទៅឈរលើកំពូលតារាងវិញ ពីលើក្រុម Liverpool តាមរយៈការមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។
លោក Sarri បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «នៅពេលនេះ បើតាមមតិរបស់ខ្ញុំ Manchester City គឺជាក្រុមខ្លាំងបំផុតក្នុងទ្វីបអឺរ៉ុប។ លោក (Pep) Guardiola កំពុងតែស្ថិតក្នុងរដូវកាលទី3 ក្នុងក្របខ័ណ្ឌ Premier League។ យើងត្រូវតែព្យាយាមកាត់បន្ថយគម្លាតតាមពីក្រោយ»។
លោក Guardiola គ្រូបង្វឹករបស់ក្រុម Man City បានចាត់ទុកក្រុមឈរលេខ4 Chelsea ស្ថិតក្នុងចំណោមបេក្ខភាពប្រជែងពាននៅសប្តាហ៍នេះ ប៉ុន្តែ លោក Sarri បានច្រានចោលឱកាសរបស់ក្រុមខ្លួន តាមរយៈការចាត់ទុកថា វាជាការប្រជែងរវាងតែក្រុម2ប៉ុណ្ណោះ។
លោក Sarri បានឱ្យដឹងថា៖ «នៅពេលនេះ ខ្ញុំគិតថា យើងមិនអាចឈ្នះពានបានឡើយ។ យើងអាចត្រឹមតែប្រជែងយកចំណាត់ថ្នាក់កំពូលទាំង4 នៅរដូវកាលនេះប៉ុណ្ណោះ។ ខ្ញុំគិតថា វាគ្មានអ្វីលើសហ្នឹងឡើយ»៕