នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះព្រះអគ្គីនឹងឆក់យករាងកាយគ្មានវិញ្ញាណរបស់លោក អ៉ិត សេដ្ឋា ចេញពីកូនកំព្រាទាំងបីដោយគ្មានថ្ងៃត្រឡប់វិញឡើយ។ អ្វីដែលគួរឱ្យសង្វេគ និងសោកសង្រេងបំផុត គឺជីវិតកូនទាំងបី ដែលលោកធ្លាប់តែបារម្ភគ្រប់វិនាទីគ្រាដែលលោកនៅរស់រានមានជីវិត តើនឹងត្រូវរសាត់អណ្ដែតទៅជាយ៉ាងណា?
ពិធីករដ៏ល្បីឈ្មោះ និងពោរពេញដោយសំនួនវោហារស័ព្ទ ព្រមទាំងមានសន្ដានចិត្ដល្អដែលមហាជនគ្រប់គ្នាឃើញលោកមានភាពសប្បាយរីករាយស្ទើរតែរៀងរាល់ថ្ងៃនោះ គេក៏មិននឹកស្មានថានៅពីក្រោយវាំងននជីវិតរបស់លោក អ៉ិត សេដ្ឋា លោកបានជួបនូវរឿងរ៉ាវលំបាក គ្រាំគ្រាចិត្ដ និងការទទួលខុសត្រូវយ៉ាងធំធេងចំពោះគ្រួសារបែបនេះឡើយ។ ទោះជាយ៉ាងនេះក្ដីលោកក៏មិនធ្លាប់បានធ្វើអ្វីឱ្យមនុស្សរស់នៅជុំវិញខ្លួនជួបនូវរឿងឈឺចាប់ដោយសារលោកដែរ។ ក្រោយពីលោក អ៉ិត សេដ្ឋា បានទទួលមរណភាពទៅ គេបានឮតែអ្នកដឹកនាំកម្មវិធី ពិធីករ- ពិធីការិនី សិល្បករ- សិល្បការិនីស្រករក្រោយជាច្រើននិយាយពីសន្ដានចិត្ដល្អរបស់លោក ពិសេសពួកគេបានសម្ដែងនូវអារម្មណ៍សោកស្ដាយគ្រាដែលបាត់មិត្ដភ័ក្ដិក្នុងអាជីពជាធនធានមនុស្សដែលកម្រនឹងរកបានដូចជារូបលោកបែបនេះ។
អ្វីដែលគួរឱ្យសង្វេគចំពោះបុរសពោះម៉ាយម្នាក់នេះ គឺលោកបានឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីបីបាច់ចិញ្ចឹមកូនទាំងបីរបស់ខ្លួនពុំដែលឱ្យពួកគេដឹងពីទុក្ខលំបាកអ្វីឡើយ។ ពិសេសសូម្បីតែលោកមានជំងឺប្រចាំកាយក៏លោកពុំដែលបង្ហើបឱ្យកូនទាំងអស់បានដឹងដែរ រហូតកៀកនឹងថ្ងៃដែលលាចាកលោកទៅហើយទើបដឹងថា លោកមានជំងឺប្រចាំកាយដែលពុំអាចព្យាបាលឱ្យជាបាន។ តើមាននរណាខ្លះដែលយល់ពីទុក្ខលំបាករបស់ឪពុកដ៏មានព្រហ្មវិហារធម៌ម្នាក់នេះ? កូនរបស់លោកតូចៗទាំងបីមានវាសនាទៅជាយ៉ាងណា? តើមានឱកាសបានបន្ដចូលសាលារៀនដូចកុមារទូទៅដែរឬទេ?
ខាងក្រោមនេះជាខ្សែវីដេអូចុងក្រោយដែលលោក អ៉ិត សេដ្ឋា បាននិយាយទៅកាន់កូនទាំងបី៖