បើតាមចេញផ្សាយរបស់គេហទំព័រ Healthy Food House នៅរសៀលថ្ងៃសុក្រ ទី8 ខែកុម្ភៈ ឆ្នាំ2019 បានឱ្យដឹងថា សត្វសេកពណ៌ខៀវដែលដូចនៅក្នុងខ្សែភាពយន្តគំនូរជីវចល 3D ចំណងជើងថា «Rio» ទីបំផុតបានផុតពូជជាផ្លូវការហើយនៅក្នុងព្រៃ។
ការសិក្សាថ្មីមួយដោយអង្គការអភិរក្សាសត្វបក្សីអន្តរជាតិ BirdLife International បានរកឃើញថា អម្បូរសត្វសេកខាងលើនេះ លែងត្រូវគេប្រទះភ្នែកឃើញនៅក្នុងព្រៃព្រឹក្សាទៀតហើយ ខណៈការផុតពូជនៃសត្វស្លាបនេះបានកើតមានឡើង ដោយសារតែកំណើននៃអត្រាបាត់បង់ព្រៃឈើនិងទីជម្រករបស់ពួកវា។ គួរជម្រាបថា អង្គការ BirdLife International បានប្រកាសពីការដាច់ពូជនៃអម្បូរសត្វបក្សី 7ប្រភេទទៀតផងដែរ ដោយ5ក្នុងចំណោមនោះ ស្ថិតនៅតំបន់អាមេរិកខាងត្បូង។
នៅក្នុងរឿង «Rio» ដែលចាក់បញ្ចាំងកាលពីឆ្នាំ2011 សត្វសេកខៀវមួយក្បាលឈ្មោះ Blu ដែលជាអម្បូរ Spix’s Macaw ឬ Blue Macaw នៅប្រេស៊ីល បានហោះពីរដ្ឋ Minnesota សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងរីយ៉ូ (Rio de Janeiro) របស់ប្រទេសប្រេស៊ីល ក្នុងនាមជាសត្វសេកឈ្មោលចុងក្រោយនៃអម្បូររបស់ខ្លួន ដោយនៅទីនោះ Blu បានជួបជាមួយ Jewel ដែលជាអម្បូរ Spix’s Macwa ញីតែមួយគត់ចុងក្រោយគេ ហើយ Blu និង Jewel ក៏មានកូន និងសង្រ្គោះអម្បូរសេកពណ៌ខៀវនេះពីការផុតពូជ៕