សាកសពមួយដែលត្រូវបានរកឃើញដោយក្រុមមន្ត្រីស៊ើបអង្កេតរបស់ចក្រភពអង់គ្លេស ពីបំណែកដែលលិចក្រោមទឹករបស់យន្តហោះមួយគ្រឿង ដែលបានលិចក្នុងកណ្តាលសមុទ្រនោះ ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ជាកីឡាករបាល់ទាត់ Emiliano Sala។ នេះបើយោងទៅតាមការប្រកាសរបស់ប៉ូលិស កាលពីថ្ងៃព្រហស្បតិ៍។
សាកសពរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ដំបូងឡើយត្រូវបានឃើញដោយក្រុមជួយសង្គ្រោះជាមួយនឹងឧបករណ៍ប្រតិបត្តិការចល័ត កាលពីថ្ងៃអាទិត្យ ក្បែរកន្លែងដែលយន្តហោះបានបាត់ខ្លួនក្បែរកោះ Guernsey របស់អង់គ្លេស។
សាកសពនោះត្រូវបានរកឃើញកាលពីថ្ងៃពុធ និងត្រូវបានដឹកយកទៅកាន់កោះ Isle of Portland ភាគខាងត្បូងប្រទេសអង់គ្លេស ដោយកប៉ាល់ Geo Ocean III កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកំណត់អត្តសញ្ញាណជាផ្លូវការដោយក្រុមមន្ត្រីស៊ើបអង្កេត ដែលមានកាតព្វកិច្ចស៊ើបអង្កេតលើការស្លាប់ដោយអំពើហិង្សានៅចក្រភពអង់គ្លេស។
ប៉ូសិសនៅទីក្រុង Dorset បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «សាកសពដែលត្រូវបាននាំយកទៅកាន់ Portland Port នៅថ្ងៃនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការហើយ ថាជាកីឡាករបាល់ទាត់អាជីព Emiliano Sala។ ក្រុមគ្រួសាររបស់លោក Sala និងអ្នកបើកបរយន្តហោះលោក David Ibbotson ត្រូវបានបញ្ជាក់ប្រាប់ឱ្យដឹងរួចរាល់ហើយ។ យើងនៅតែស្ថិតនៅជាមួយនឹងពួកគេជានិច្ច»។
អង្គភាពស៊ើបអង្កេតលើឧប្បត្តិហេតុផ្លូវអាកាសរបស់អង់គ្លេសហៅកាត់ថា AAIB ដែលបានរកឃើញសាកសពនោះ បានបញ្ជាក់ថា អាកាសធាតុមិនល្អ នៅថ្ងៃដឹកជញ្ជូនដ៏មមាញឹករបស់នាវា ធ្វើឱ្យខ្លួនមិនអាចរកឃើញយន្តហោះនោះភ្លាមៗ ហើយក៏បានផ្អាកប្រតិបត្តិការរបស់ខ្លួនមួយគ្រាសិន៕