រដ្ឋមន្ត្រីកីឡារបស់ប្រទេសកូរ៉េខាងជើង និងខាងត្បូង នឹងត្រូវជួបប្រជុំជាមួយប្រធានអូឡាំពិកលោក Thomas Bach ទាក់ទងនឹងប្រធានបទក្នុងការប្រើប្រាស់ក្រុមកីឡាកររួមគ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ ឆ្នាំ2020។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (ICO) កាលពីថ្ងៃព្រហស្បតិ៍។
ការពិភាក្សាគ្នានេះ កើតឡើងក្រោយពីប្រទេសកូរ៉េខាងទាំង2 បានដើរជាក្បួនក្រោមទង់ជាតិរួមគ្នាមួយក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ2018 ដែលនៅពេលនោះពួកគេក៏បានបញ្ជូនក្រុមកីឡាករហុកឃីលើទឹកកក ផ្នែកនារីរួមគ្នាផងដែរ។
ក្រុមនារីទាំងនោះ បានបង្កើតឱ្យមានការអារម្មណ៍យ៉ាងខ្លាំងដល់បណ្តាញសារព័ត៌មាន បើទោះបីជាចាញ់រាល់ការប្រកួតទាំង 5លើក ក្នុងលទ្ធផលរួមគ្នា 28-2 ក៏ដោយ។
កាលពីខែមករា សហព័ន្ធកីឡាហុកឃីអន្តរជាតិ (FIH) បានចាត់ទុកការបង្រួបបង្រួមនេះថា ជាគំរូជាវិជ្ជមានមួយក្នុងវិស័យកីឡា ដែលដើរតួជាភ្នាក់ងារមួយសម្រាប់សន្តិភាព និងបានបញ្ជាក់ថា ខ្លួននឹងជំរុញឱ្យមានការបង្កើតក្រុមកីឡាហុកឃីរបស់កូរ៉េរួមគ្នាទៀត សម្រាប់ព្រឹត្តិការណ៍របស់ FIH ទៅថ្ងៃអនាគត ជាពិសេស ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ2020។
លោក Bach បានបញ្ជាក់ថា ក្រោយពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ទីក្រុង Pyeongchang ឆ្នាំ2018 កិច្ចប្រជុំមួយ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី15 ខែកុម្ភៈ ខាងមុខនេះ នៅឯទីស្នាក់ការកណ្តាលរបស់ IOC ក្នុងទីក្រុង Lausanne រវាងអត្តពលិកមកពីប្រទេសទាំងសងខាង ដើម្បីធ្វើការជាក្រុម ក្នុងការពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកកីឡាទៅថ្ងៃអនាគត៕