លោក Pep Guardiola បានកោតសរសើរស្មារតីមិនចេះបោះបង់ចោលការតាំងចិត្តរបស់ក្រុម Manchester City ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានទម្លាក់ក្រុម Liverpool ចេញពីកំពូលតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះលើក្រុម Everton 2-០ កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Guardiola បានស្ថិតក្នុងគ្រោះថ្នាក់នៃការដេញតាមពីក្រោយក្រុម Liverpool កាន់តែឆ្ងាយក្នុងការប្រជែងពាន ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុម Newcastle កាលពីសប្តាហ៍មុន។ ប៉ុន្តែ ក្រុម Liverpool បានជួបការខកចិត្តតាមរយៈការបញ្ចប់ត្រឹមលទ្ធផលស្មើ 2លើកជាប់ៗគ្នា ពេលប្រកួតជាមួយនឹងក្រុម Leicester និង West Ham ដែលអនុញ្ញាតឱ្យក្រុម Man City វិលទៅកាន់ការប្រជែងពានវិញតែម្តង។
ការដណ្តើមបានជ័យជម្នះទាំងស្វិតស្វាញនៅកីឡដ្ឋាន Goodison Park ដែលបានកើតឡើងតាមរយៈគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ AymericLaporte និង Gabriel Jesus បានជួយឱ្យក្រុម Man City ឡើងឈរពីលើក្រុម Liverpool តាមរយៈការមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។
លោក Guardiola បានបញ្ជាក់ថា ការវិលត្រឡប់របស់ Man City ទៅកាន់កំពូលតារាងវិញ គឺជាសមិទ្ធផលមួយសម្រាប់ការមិនបោះបង់ចោលការតាំងចិត្តរបស់កីឡាកររបស់លោក។
លោក Guardiola បានឱ្យដឹងថា៖ «យើងត្រូវតែរីករាយជាមួយនឹងជ័យជម្នះ 2-០ នៅកីឡដ្ឋាន Goodison Park។ ទាក់ទងនឹងភាពរឹងមាំ យើងមិនបណ្តោយឱ្យមានការស៊ុតបាល់សំដៅទីសូម្បីតែ 1លើក។ ការរកបានគ្រាប់បាល់នៅនាទីចុងក្រោយនៃតង់ទី1 បានជួយដល់យើងជាច្រើន»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងជាក្រុមម្ចាស់ជើងឯក ហើយយើងស្ថិតក្នុងស្ថានភាពមួយដែលយើងអាចបោះបង់ចោល ប៉ុន្តែវារឿងនោះវាមិនបានកើតឡើងឡើយ»៕