ក្រុមបុរាណវិទូ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តរកឃើញស្លាកស្នាមវប្បធម៌មានអាយុកាលចាស់ជាងគេបំផុតនៅភូមិមូល ម្តុំជើងឯក ស្ថិតនៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញបច្ចុប្បន្ន ស្ថានីយជើងឯក គឺជាទីប្រជុំជន ឬ ជាទីក្រុងនាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានរាងមូល ហើយហ៊ុំព័ទ្ធជុំវិញដោយគូរទឹក។ ស្ថានីយជើងឯកនេះ មានផ្ចិតដល់ 800ម៉ែត្រ ហើយក្នុងបរិវេណមួយដែលមានទំហំប្រមាណជា 50ហិកតា។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ល្ងាចថ្ងៃទី5 ខែកុម្ភៈ 2019 ក៏បាន ចុះពិនិត្យ សកម្មភាពអ្នកបុរាណវិទូជាតិ និងអន្តរជាតិ សហការគ្នាធ្វើកំណាយនៅស្ថានីយភូមិមូលជើងឯក ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនេះដែរ។
លោកជំទាវ រដ្ឋមន្រី្ត បានថ្លែងថា ការធ្វើកំណាយស្រាវជ្រាវប្រវត្តិសាស្ត្រ រយៈពេលជាង01ខែនេះ ក្នុងគោលបំណង ដើម្បីប្រមែប្រមូលវត្ថុសិល្បៈទាំងអស់នោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្តជាតិ ដាក់តាំងក្នុងសារមន្ទីរជាតិកម្ពុជា សម្រាប់ទុកបង្ហាញកូនចៅជំនាន់ក្រោយ ឱ្យបានយល់ដឹង និងបានស្គាល់ ព្រោះសម្ភារទាំងអស់នោះ គឺសម្គាល់នូវដួង ព្រលឹង អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវស្គាល់ និងចូលរួមថែការពារឱ្យបានគត់មុត។ ភូមិមូលជើងឯកនេះ មានតែមួយគត់ នៅលើទីតាំងនេះ។ ហើយការធ្វើកំណាយនេះ មានប្រើប្រាស់បច្ចេកទេសទំនើប ដោយមានម៉ាសស៊ីនស្គែនរកវត្ថុសិល្បៈ មាននៅក្រោមដី។ ហើយគម្រោងកំណាយស្រាវជ្រាវនៅស្ថានីយភូមិមូលជើងឯកនេះ អនុវត្តគម្រោងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា រួមសហការជាមួយសាលារាជធានីភ្នំពេញ នគរបាលបេតិកភណ្ឌ និងរាជបណ្ឌិត្យសភាកម្ពុជា៕