បើទោះបីជាសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល 2 – 3ឆ្នាំចុងក្រោយនេះក្តី តែការអភិវឌ្ឍសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការប្រើប្រាស់សេវាមួយនេះក៏ហាក់នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ នេះបើយោងតាមមន្ត្រីជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ។
លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2018 របស់ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ ថា ការរីកចម្រើននៃបច្ចេកវិទ្យាដែលរួមមានទូរស័ព្ទចល័តឆ្លាតវៃ ប្រព័ន្ធអុីនធើណិត បច្ចេកវិទ្យាប្លុកឆេន បញ្ញាសិប្បនិម្មិត ឃ្លាំងទិន្នន័យ ការវិភាគទិន្នន័យ បច្ចេកវិទ្យាជីវមាត្រ រួមទាំងបច្ចេកវិទ្យាសម្រួលដល់ការត្រួតពិនិត្យផ្សេងៗ បានជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុ ដែលការណ៍នេះត្រូវបានទទួលស្គាល់ជាទូទៅថា ជាបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោក សារ៉ាត បានបន្តថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនបង្គួរនៅក្នុងសេវា មួយចំនួនដូចជា ប្រព័ន្ធទូទាត់ ការផ្ទេរប្រាក់ឆ្លងដែន និងការផ្តល់ឥណទានជាដើម ប៉ុន្តែសេវាផ្សេងទៀតមានការលូតលាស់តិចតួចប៉ុណ្ណោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖“សេវាកម្មផ្សេងៗទៀតនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុដូចជា បញ្ញាសិប្បនិម្មិត និងឃ្លាំងទិន្នន័យ នៅតែមិនទាន់មានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានៅឡើយទេ”។ លោកបន្តថា៖“ទោះជាស្មាតហ្វូន និងអុីនធើណិតដែលបម្រើដល់បច្ចេកវិទ្យារីកចម្រើនខ្លាំងក៏ដោយ តែយើងមិនទាន់ឃើញមានការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដទៃទៀតនៅឡើយ។ ខ្ញុំមិនទាន់ឃើញមានការរីកចម្រើនខ្លាំងទេ នៅពេលដែលយើងនិយាយពីបច្ចេកវិទ្យាហិរញ្ញវត្ថុ”។
លោកប្រធាននាយកដ្ឋានបានបន្ថែមថា ជាទូទៅការយល់ដឹងរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈដែលវាមានសារៈសំខាន់ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់អ្វីទាំងអស់នោះ។
លោកបន្តថា៖ “មានប្រជាជនកម្ពុជាជាច្រើនប្រើបាស់ស្មាតហ្វូន ហើយភាគច្រើននៅក្នុងទីក្រុង និងទីប្រជុំជន ប៉ុន្តែពួកគេមានការខ្វះខាតការយល់ដឹងលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈពេលដែលវិនិយោគិនក្នុងស្រុក មិនចាប់អារម្មណ៍នៅក្នុងការវិនិយោគលើវិស័យនេះ”។
លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី1 នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ចេញនូវបច្ចេកវិទ្យាទាំងនេះបានផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញឱ្យមានប្រសិទ្ធភាពថែមឡើងទៀតនៅក្នុងវិស័យហិរញ្ញវត្ថុពាក់ព័ន្ធការចំណាយថ្លៃដើមល្បឿន សុវត្ថិភាព និងតម្លាភាព ការជំរុញលទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាការជំរុញឱ្យមានបរិវត្តន៍នៃសេវាកម្មហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទូទាត់ជាអេឡិចត្រូនិក និងកាត់បន្ថយការចំណាយលើប្រតិបត្តិការសម្រាប់អតិថិជន។
លោកបន្តថា៖“បច្ចេកវិទ្យាហិរញ្ញវត្ថុអនុញ្ញាតឱ្យធនាគារកាត់បន្ថយតម្លៃ និងបញ្ជូនសេវាកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន”។
លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បាននិយាយថា បច្ចេកវិទ្យា-ហិរញ្ញវត្ថុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យធនាគារក្នុងស្រុក និងឧស្សាហកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
លោក ចាន់នី បន្តថា៖ “បច្ចេកវិទ្យាអាចកាត់បន្ថយហានិភ័យសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជួយបង្កើនភាពងាយស្រួលដល់អតិថិជន”។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយប្រតិបត្តិការភាគច្រើនមានដូចជា កាបូបអេឡិចត្រូនិក ការទូទាត់តាមរយៈប្រព័ន្ធទូរស័ព្ទ និងការទូទាត់ឆ្លងប្រទេស ជាដើម។
របាយការណ៍ដដែលបន្តថា ធនាគារកណ្តាលកំពុងតែរៀបចំក្របខណ្ឌបទប្បញ្ញតិ្ត និងគោលនយោបាយផ្សេងៗទៀតដើម្បីជំរុញវិស័យនេះ តែទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យាហិរញ្ញវត្ថុក៏ជំរុញឱ្យមានបញ្ហាប្រឈមមួយចំនួនផងដែរពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអុីនធើណិត កិច្ចការពារអតិថិជន និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ម្យ៉ាងវិញទៀត បច្ច័យ និងឥទ្ធិពលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុចំពោះការអនុវត្តគោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាល មិនទាន់មានភាពច្បាស់លាស់នៅឡើយ តែធនាគារជាតិនៃកម្ពុជាបានខិតខំដាក់ចេញនូវគោលនយោបាយសមស្រប ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបន្ធូរបន្ថយហានិភ័យនានាដែលអាចកើតមានឡើង។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការកសាងបរិស្ថានសមស្របមួយសម្រាប់អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
បើយោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងខិតខំអភិវឌ្ឍលើគម្រោង“បាគង ឬរូបិយបណ្ណឌីជីថល” ដែលជាផ្នែកមួយក្នុងការជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រព័ន្ធទូទាត់សងប្រាក់នៅប្រទេសកម្ពុជា។ គោលបំណងនៃការអភិវឌ្ឍប្រព័ន្ធនេះ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ក្នុងទីផ្សារ និងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
គួររំឭកដែរថា នៅក្នុងឆ្នាំ2018 គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុចំនួន24 បានផ្តល់សេវាកម្មធនាគារតាមអនឡាញ (Internet Banking) និង 19គ្រឹះស្ថានទៀតបានផ្តល់សេវា Mobile Banking ដល់អតិថិជន។ ទំហំប្រតិបត្តិការទូទាត់ធ្វើឡើងតាម Internet banking មានចំនួនសរុប 80ម៉ឺនប្រតិបត្តិការ គិតជាទឹកប្រាក់ស្មើនឹង 3.9ប៊ីលានដុល្លារអាមេរិក ចំណែកឯប្រតិបត្តិការ Mobile Banking មានចំនួន 12.3លានប្រតិបត្តិការ គិតជាទឹកប្រាក់ស្មើ 5.7ប៊ីលានដុល្លារអាមេរិក៕