បច្ចុប្បន្ននេះដោយសារតែការទិញផ្ទះ និងសម្ភារទំនើបៗកាន់តែមានភាពងាយស្រួលឡើង ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកទើបបង្កើតគ្រួសារថ្មីអាចទិញផ្ទះថ្លៃៗ និងឧបករណ៍ប្រើប្រាស់ទំនើបៗប្រើប្រាស់បានយ៉ាងងាយ បើទោះបីជាមិនចាំបាច់មានលុយគ្រប់ក៏ដោយ។ ការទិញសម្ភារបង់រំលស់នេះ ពេលខ្លះត្រូវបានគេមើលឃើញថា ជានិន្នាការវិជ្ជមានមួយសម្រាប់ប្រជាជនដែលមានចំណូលមធ្យមដើម្បីទទួលបានលំនៅឋានសមរម្យ និងការរស់នៅល្អប្រសើរ តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចខ្លះយល់ឃើញថា វាអាចធ្វើឱ្យអ្នកទិញបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនប្រសិនបើទិញដោយមិនពិចារណាឱ្យបានច្បាស់លាស់។
លោក ង៉ែត ជូ អ្នកសេដ្ឋកិច្ច និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាយោបល់វិនិយោគ បានបញ្ជាក់ថា យុវជន ឬអ្នកធ្វើការងារដែលមានចំណូលមធ្យមគួរចាប់ផ្តើមមើលពីឱកាសក្នុងការបង្កើនប្រាក់ចំណូលអកម្មឱ្យបានច្រើន ជាជាងការទិញសម្ភារប្រើប្រាស់ទំនើបៗដែលហួសពីលទ្ធភាពខ្លាំងពេក។ លោកបានបញ្ជាក់ថា មេរៀនពិតជាក់ស្តែងមួយដែលប្រជាជនមិនគួរមើលរំលង គឺយើងគួរមើលពីស្ថានភាពរបស់ប្រជាជននៃប្រទេសសិង្ហបុរី ដែលជាប្រទេសមាន GDP រាប់ម៉ឺនដុល្លារសម្រាប់មនុស្សម្នាក់ៗ តែមនុស្សតចាស់នៅប្រទេសនេះត្រូវធ្វើការងារច្រើនក្រោយចូលនិវត្តន៍ ព្រោះបើឈប់ធ្វើការងារ ពួកគេនឹងបាត់បង់ប្រភពហិរញ្ញវត្ថុភ្លាមតែម្ដង។ សម្រាប់កម្ពុជាត្រូវបានគេរកឃើញថា មានមនុស្សតិចណាស់ដែលមានទម្លាប់សន្សំប្រាក់ និងមានសេរីភាពហិរញ្ញវត្ថុ ហេតុនេះហើយទើបពួកគេត្រូវធ្វើការងារច្រើន និងយូរ បើទោះបីជាពួកគេមានចំណូលច្រើនគួរសមក៏ដោយ ព្រោះបញ្ហាត្រង់ថាចំណូលច្រើន តែចំណាយក៏ច្រើនដូចគ្នា។
លោក ង៉ែត ជូ បាននិយាយថា៖ “មុននឹងទិញផ្ទះបង់រំលស់ អ្នកទាំងអស់គ្នាគួរគិតឱ្យច្បាស់សិនថាតើយើងអាចមានលទ្ធភាពបង់រំលស់ត្រឹមកម្រិតណា។ មានអ្នកខ្លះចាប់ផ្តើមបង់រំលស់ផ្ទះនៅអាយុក្បែរ 30ឆ្នាំ បើគិតទៅទម្រាំបង់ផ្ទះអស់ ត្រូវចំណាយពេល 17ឆ្នាំ។ ពេលនោះគាត់មានអាយុក្បែរនឹង50ឆ្នាំទៅហើយ វាអាចហួសពេលសម្រាប់ការកសាងមុខជំនួញ”។
អ្នកវិភាគសេដ្ឋកិច្ចខាងលើបានលើកឡើងផងដែរថា មានអ្នកខ្លះគាត់ចូលចិត្តទិញផ្ទះបង់រំលស់ក្នុងតម្លៃថ្លៃ ហើយស្របពេលនោះគាត់យកលុយសេសសល់ពីការបង់លើផ្ទះទាំងប៉ុន្មាន ទៅបង់រំលស់សម្ភារទំនើបផ្សេងៗទៀត ដូចជាទូរស័ព្ទដៃទំនើប និងរថយន្តទំនើបជាដើម ដែលធ្វើឱ្យគាត់បន្តជំពាក់គេពេញមួយជីវិត។ ស្ថានភាពបែបនេះមិនល្អនោះទេសម្រាប់មនុស្សម្នាក់ៗ ព្រោះពេលយើងឈឺ ឬមានបញ្ហាត្រូវដោះស្រាយបន្ទាន់ យើងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ស្ថានភាពលំបាកទាំងអស់នោះដែលធ្វើឱ្យយើងលំបាកខ្លាំងនោះឡើយ។
ជាដំណោះស្រាយ លោក ង៉ែត ជូ ជំរុញឱ្យប្រជាជនត្រូវពិចារណាក្នុងការសន្សំសំចៃឱ្យបានច្រើនជាងការចំណាយធំហួសមាឌ។ ការទិញផ្ទះ គួរទិញផ្ទះតូចល្មមតាមតម្រូវការ កុំឱ្យជំពាក់គេយូរពេកហើយសម្ភារទំនើប គួរទិញប្រើប្រាស់ក្រោយពេលដែលយើងមានលទ្ធភាពគ្រប់គ្រាន់ កុំបង្ខំពេក។ ពេលខ្លះមនុស្សមួយចំនួនមើលឃើញគិតថា អ្នកដែលមានសម្ភារទំនើបៗ និងផ្ទះល្អៗទាំងនោះកំពុងរស់នៅយ៉ាងល្អប្រសើរ តែបើពិនិត្យមើលទៅលើស្ថានភាពហិរញ្ញវត្ថុរបស់គាត់វិញ គាត់អាចមានបញ្ហាច្រើនណាស់ដែលយើងមិនបានដឹង ព្រោះការបង់រំលស់ឧបករណ៍ខ្លះ ដូចជាឧបករណ៍អេឡិចត្រូនិក និងរថយន្ត គឺមានការប្រាក់ខ្ពស់ដែលធ្វើឱ្យគាត់ត្រូវប្រើប្រាស់ចំណូលប្រចាំថ្ងៃទៅចិញ្ចឹមរបស់ទាំងអស់នោះ។
លោក ង៉ែត ជូ បានបន្ថែមផងដែរថា ប្រសិនបើចង់ទទួលបានសេរីភាពហិរញ្ញវត្ថុ មនុស្សម្នាក់ៗគួរព្យាយាមកាត់បន្ថយការចំណាយ ហើយសន្សំចំណូលទុកដើម្បីបង្កើនចំណូលអកម្ម ដូចជាចំណូលពីអចលនទ្រព្យ និងពីការវិនិយោគ ឬអាជីវកម្មជាដើម ដើម្បីធានាថា យើងអាចរស់នៅដោយសុខស្រួល ហើយមិនខ្វល់ខ្លាំងពីបញ្ហាហិរញ្ញវត្ថុ។ ចំណូលដែលបានមកពីអចលនទ្រព្យ គឺមានដូចជាការជួលផ្ទះ ជួលបន្ទប់ ជួលឃ្លាំង ឬជួលដីដែលយើងបានយកលុយសន្សំទៅទិញ។ ចំពោះចំណូលពីការវិនិយោគ ឬអាជីវកម្ម យើងអាចទទួលបានពីការដាក់ទុនជាមួយក្រុមហ៊ុននានា ការដាក់លុយចូលហ៊ុនជាមួយក្រុមវិនិយោគ ឬដាក់ក្នុងធនាគារ និងការប្រើប្រាស់លុយដើម្បីរកលុយជាច្រើនផ្សេងទៀត ដូចជាការចងការប្រាក់ ឬទិញបណ្ណភាគហ៊ុនជាដើម ដែលវាអាចធ្វើឱ្យយើងទទួលបានថវិកាបើទោះបីជាមិនបាច់ធ្វើការក៏ដោយ។ នៅពេលយើងមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរហើយ ពេលនោះគឺជាពេលដែលយើងចាប់ផ្តើមយកពេលវេលាមកគិតគូរពីការរកស៊ីវិញម្តង នេះហើយដែលជាហេតុធ្វើឱ្យអ្នកមាន ចេះតែមានទៅ ឯអ្នកធ្វើការឱ្យគេខ្លះ នៅតែធ្វើការឱ្យគេតទៀតជាយូរអង្វែងនោះ៕