និន្នាការនៃការទិញផ្ទះបង់រំលស់នាពេលបច្ចុប្បន្នកំពុងមានសកម្មភាពផុលផុសជាខ្លាំង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនមួយចំនួនទៀត ដោយសារតម្រូវការនៃការចង់បានផ្ទះរស់នៅរបស់ខ្លួនឯងត្រូវបានគេគិតថាវាមានលក្ខណៈងាយស្រួលជាងជួលផ្ទះគេនៅ តែនៅក្នុងការទិញផ្ទះនាពេលបច្ចុប្បន្ននេះ មានលក្ខខណ្ឌច្រើនបែបច្រើនសណ្ឋាន ដូចជា ទិញដោយមានប្រាក់កក់ មិនមានប្រាក់កក់ជាដើម។ល។ ដូច្នេះសួរថា តើការទិញផ្ទះបង់រំលស់មានប្រាក់កក់ និងមិនមានប្រាក់កក់មួយណាប្រសើរជាង?
លោក សេង វិសុទ្ធ ដែលជាអតិថិជនទិញផ្ទះល្វែងក្នុងបុរីមួយនៅសង្កាត់អូដឹម ខណ្ឌពោធិ៍សែនជ័យបាននិយាយថា កន្លងមកលោកគ្រាន់តែជានិស្សិតធ្វើចំណាកស្រុកមករៀនបន្តថ្នាក់បរិញ្ញាបត្រនៅក្នុងភ្នំពេញ។ អំឡុងពេលកំពុងបន្តការសិក្សានោះ លោកបានជួលបន្ទប់ក្នុងផ្ទះរបស់គេនៅជាមួយនិស្សិតដទៃទៀត ដោយបន្ទប់នោះមានលក្ខណៈតូចចង្អៀត មិនមានផាសុកភាពគ្រប់គ្រាន់សម្រាប់រស់នៅទេ តែដោយសារជីវភាពមានការខ្វះខាត មិនមានជម្រើសណាប្រសើរជាងនេះទេ។ ក្រោយពីរៀនចប់ថ្នាក់បរិញ្ញា មានការងារធ្វើត្រឹមត្រូវ លោកក៏បានរៀបការ ហើយក៏បានសម្រេចចិត្តទិញផ្ទះបង់រំលស់ដោយមិនមានប្រាក់កក់នោះទេ ដើម្បីរស់នៅមានផាសុកភាពជាមួយក្រុមគ្រួសារ។ លោកបន្តថា លោកមានលុយខ្លះដែរតែមិនកក់ទៅឱ្យម្ចាស់បុរីលំនៅឋាននោះទេ ដោយសារទុកប្រាក់បម្រុងសម្រាប់ធ្វើអាជីវកម្មនៅផ្ទះរកប្រាក់ចំណេញពីផ្ទះនោះមកវិញ។ ហើយមកទល់ពេលនេះ លោកបានបើកអាជីវកម្មបោកគក់មួយដែលទទួលបានការគាំទ្រច្រើនគួរសមពីអតិថិជន ដែលធ្វើឱ្យលោកអាចរកប្រាក់ចំណូលចូលគ្រួ-សារបានមួយចំណែកធំទៀតដែរសម្រាប់ការបង់រំលស់ផ្ទះប្រចាំខែ។
ចំណែកអ្នកស្រី រិន លីតា ជាអ្នកទិញផ្ទះល្វែងបង់រំលស់មានប្រាក់កក់នៅបុរីចំការដូង ខណ្ឌដង្កោវិញបាននិយាយថា ការទិញផ្ទះមានប្រាក់កក់វានឹងជួយកាត់បន្ថយថ្លៃដើម និងការប្រាក់បានច្រើន ដែលធ្វើឱ្យការបង់រំលស់ប្រចាំខែមានភាពធូរស្រាលជាងការទិញផ្ទះដោយមិនមានប្រាក់កក់ទាល់តែសោះ។ អ្នកស្រីបញ្ជាក់ថា ដោយសារតែស្វាមីរបស់អ្នកស្រីធ្វើការមានប្រាក់ខែច្រើនសមរម្យ និងអ្នកស្រីមានមុខរបរផ្សេងអាចរកប្រាក់បានច្រើនគួរសមដែរនោះ ធ្វើឱ្យអ្នកស្រីអាចទិញផ្ទះក្នុងបុរីបានចំនួន 2ល្វែងដែលសុទ្ធតែមានប្រាក់កក់30%មុនទាំងអស់ ហើយបច្ចុប្បន្នផ្ទះទាំង 2ល្វែងនោះបានជួលឱ្យគេនៅបន្តអស់ហើយ ដោយក្នុង 1ល្វែងជួលបានតម្លៃ 200ដុល្លារអាមេរិកសម្រាប់យកមកសម្រាលបន្ទុកថ្លៃបង់រំលស់ផ្ទះនោះប្រចាំខែទៅវិញ។ អ្វីដែលធ្វើឱ្យអ្នកស្រីសម្រេចទិញផ្ទះនៅក្នុងបុរីចំនួន 2ល្វែង ដោយមិនយកប្រាក់ដែលមានទាំងអស់ទៅទិញផ្តាច់ 1ល្វែងនោះ ដោយសារគិតថា ទោះជាត្រូវបង់ 2ត្រួតគ្នាក៏ដោយ នៅពេលដែលយើងដាក់ជួល ក៏បានប្រាក់មួយចំណែកខ្លះដើម្បីបង់រំលស់ទៅវិញដែរ និងលុះបង់យូរៗទៅ វានឹងក្លាយជាទ្រព្យសម្បត្តិផ្តាច់មុខរបស់យើងទាំង 2ល្វែង។
ពាក់ព័ន្ធនឹងករណីនេះលោក គង់ តារា ប្រធានផ្នែកលក់នៃបុរីចតុមុខស៊ីធី មានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានប្រសាសន៍ថា ការទិញផ្ទះបង់រំលស់មានប្រាក់កក់ និងមិនមានប្រាក់កក់ មិនមានមួយណាប្រសើរជាងមួយណានោះទេ អាស្រ័យទៅលើអតិថិជនថា តើគាត់មានលទ្ធភាពបង់ប្រាក់កក់ដែរឬអត់? ហើយបើមានប្រាក់កក់ គឺបានកាត់បន្ថយថ្លៃដើម និងការប្រាក់បានមួយចំណែកធំ ដែលបានជួយសម្រួលដល់ការបង់រំលស់ប្រចាំខែ។
យ៉ាងណានោះ សម្រាប់អតិថិជនមួយចំនួនដែលមានប្រាក់ដែរ ប៉ុន្តែគាត់មិនបានយកទៅកក់ទេ ព្រោះគិតថា ទិញផ្ទះចំកន្លែងរកស៊ីបាន ក៏សុខចិត្តទុកប្រាក់មួយចំនួននោះសម្រាប់បើកអាជីវកម្មរកស៊ីដោយខ្លួនឯងក្នុងបុរីវិញក៏អាចរកប្រាក់ចំណេញបានច្រើនជាងយកទៅកក់ថ្លៃផ្ទះនោះដែរ តែគ្រាន់តែថា ការទិញផ្ទះបង់រំលស់មិនមានប្រាក់កក់ ត្រូវចំណាយបង់ប្រចាំខែរាងច្រើនជាងអ្នកដែលមានប្រាក់កក់ប៉ុណ្ណោះ។
យ៉ាងណានោះ អ្នកជំនាញផ្នែកលក់ដ៏មានប្រជាប្រិយភាពខាងលើនេះ បានផ្តល់អនុសាសន៍ទៅដល់ប្រជាពលរដ្ឋថា គួរតែទិញផ្ទះនៅដោយខ្លួនឯងជាជាងជួលផ្ទះគេនៅ ទោះជាមានប្រាក់កក់ ឬមិនមានប្រាក់កក់ក៏ដោយ តែវាគ្រាន់តែទាមទារឱ្យមានការគិតគួរឱ្យបានច្បាស់បន្តិចថា តើខ្លួនមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេសម្រាប់ការបង់ប្រាក់រំលស់ប្រចាំខែនោះប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍បន្ថែមទៀតថា អតិថិជនពុំគួរង់ចាំសន្សំលុយគ្រប់ទើបទិញផ្ទះនៅនោះទេ បើមានលុយខ្លះអាចបង់រំលស់បាន គួរតែទិញផ្ទះបង់រំលស់ទៅ ព្រោះបើរង់ចាំមានលុយគ្រប់នោះ នឹងមានការលំបាកខ្លាំងព្រោះថា ផ្ទះ ឬដីធ្លីមានការឡើងថ្លៃឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕