ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង ដែលជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងកែប្រែប្លង់ជាថ្មី ដើម្បីដាក់បញ្ចូលនូវរចនាប័ទ្មបែបខ្មែរក្នុងអគារនេះ។
លោកសាស្រ្តាចារ្យ ទួស សាភឿន ប្រធានផ្តួចផ្តើមសម្រាប់គម្រោងប្លង់អគារនេះ និងជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្មីៗនេះថា ប្លង់របស់អគារនេះកំពុងកែប្រែប្រមាណ ៤០ភាគរយពីប្លង់អគារចាស់។ ការកែប្រែនេះ គឺដើម្បីបង្កើនសោភ័ណភាព រចនាប័ទ្ម ស្ថាបត្យកម្មពិសេស ការដាក់បញ្ចូលនូវអ្វីជារចនាប័ទ្មរបស់ខ្មែរទៅក្នុងអគារនេះ។
លោកសាស្រ្តាចារ្យបានបន្តថា “តាមគម្រោងការសាងសង់អគារជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ និងខ្ពស់ជាងគេនៅអាស៊ាននេះនឹងចាប់ផ្តើមនៅថ្ងៃទី១ សីហា”។ លោកបន្តថា “ការកែប្រែប្លង់អគារនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហើយមិនប៉ះពាល់ដល់កាលបរិច្ឆេទសាងសង់អគារនេះទេ”។
អគារនេះត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់៥១០០លានដុល្លារ ក្នុងនោះទឹកប្រាក់២១០០លានដុល្លារប្រើប្រាស់សម្រាប់សាងសង់ និង៣០០០លានដុល្លារសម្រាប់ធ្វើឲ្យអគារនេះដំណើរការរស់រវើក។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា តាមគម្រោងអគារនេះនឹងបញ្ចប់ការសាងសង់រយៈពេលបីឆ្នាំ ព្រោះការសាងសង់នឹងធ្វើទាំងយប់ទាំងថ្ងៃ និងសាងសង់ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត៕