ក្លិបបាល់ទាត់ ”ហង្សក្រហម” Liverpool បានសម្រេចបញ្ជូន Joe Gomez ខ្សែការពារកំពុងលេចធ្លោរបស់ក្រុមចូលទៅទទួលការវះកាត់ហើយ បន្ទាប់ពីអាការប្រេះឆ្អឹងជើងរបស់គេមានការធូរស្រាលយឺតជាងការរំពឹងទុក។
Liverpool កំពូលក្លិបបាល់ទាត់ក្នុងក្របខ័ណ្ឌ Premiere League អង់គ្លេស បានសម្រេចបញ្ជូនខ្សែការពារដែលកំពុងឡើងទម្រង់លេងរបស់ក្លិប Joe Gomez ចូលទទួលយកការវះកាត់ដើម្បីព្យាបាលអាការប្រេះឆ្អឹងជើង ក្រោយពីសាមីខ្លួនរងរបួស និងត្រូវសម្រាកអស់ពេលដ៏យូរមក ដោយសារតារាបាល់ទាត់ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានរងរបួសនៅត្រង់ជើងរបស់គេនៅក្នុងអំឡុងការប្រកួតដែល Liverpool បានទទួលជ័យជម្នះលើក្រុម Burnley F.C ក្នុងលទ្ធផល 3-1 កាលពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2018កន្លងមក។
យ៉ាងណាក៏ដោយ អាការរបួសរបស់ Joe Gomez មើលទៅអាចនឹងត្រូវជាសះស្បើយយឺតជាងការរំពឹងទុក ដល់ថ្នាក់លោក Jurgen Klopp គ្រូបង្វឹករបស់ក្លិបទទួលស្គាល់ថា កីឡាកររបស់លោកអាចនឹងដល់ថ្នាក់ចាំបាច់ត្រូវទទួលយកការវះកាត់ដើម្បីព្យាបាលអាករប្រេះឆ្អឹងជើងនេះហើយ។
មកដល់ពេលនេះ ក្លិបក៏បានសម្រេចចិត្តដំណើរការដំណាក់កាលនេះរួចរាល់ហើយ ដោយជឿថា ក្រោយពីការវះកាត់រួច អ្នកគាំទ្រនឹងបានឃើញខ្សែការពារដែលកំពុងឡើងទម្រង់លេងរូបនេះចូលប្រកួតវិញនៅមុនពេលចប់រដូវកាលនេះជាមិនខាន៕