ថ្ងៃណាក៏ជាថ្ងៃចាប់ផ្តើមដ៏ល្អដែរ ឱ្យតែយើងតាំងចិត្តអភិវឌ្ឍខ្លួនឯង តែកន្លងមកមនុស្សតែងតែយល់ខុសថា ទាល់តែថ្ងៃដើមខែ ថ្ងៃសីល ថ្ងៃដើមឆ្នាំ ឬថ្ងៃល្អណាមួយ ទើបជាពេលវេលាដែលអាចធ្វើការចាប់ផ្តើមសកម្មភាពវិជ្ជមានប្រកបដោយប្រសិទ្ធភាព។
នៅថ្ងៃនេះ ជាថ្ងៃដើមខែថ្មីនៃឆ្នាំ2019 ដែលវាក៏អាចជាឱកាសល្អក្នុងការចាប់ផ្តើមត្រិះរិះពិចារណាដើម្បីតាំងចិត្តអភិវឌ្ឍការគិតរបស់ខ្លួនឆ្ពោះទៅរកសេចក្តីសុខ និងសុភមង្គលក្នុងការរស់នៅ។
លោក Christopher Lee ស្ថាបនិកអង្គការ HEDC អន្តរជាតិ បានលើកឡើងថា ដើម្បីទទួលបានសេចក្តីសុខក្នុងជីវិត យើងគួរចេះពិចារណាពីកំហុសនៅក្នុងការរស់នៅ។ លោកថា របស់របរទាំងឡាយអាចល្អទៅបាន លុះត្រាតែឆ្លងកាត់ការកែសម្រួលជាច្រើនដងពីកំហុសផ្សេងៗគ្នា រហូតអាចប្រែក្លាយពីវត្ថុធម្មតាមួយឱ្យទៅជាវត្ថុដ៏ល្អប្រណីតបាន។ ហេតុនេះប្រសិនបើគិតត្រឡប់មកវិញ យើងឃើញថា គ្មានអ្នកណាម្នាក់គេចពីកំហុសបាននោះទេ ហើយកំហុសក៏មិនអាក្រក់ដែរ តែអ្វីដែលអាក្រក់ គឺយើងមិនចេះកែប្រែកំហុសនោះឱ្យក្លាយជារឿងល្អក្នុងជីវិតបាន។
លោក Christopher Lee បានមានប្រសាសន៍ថា៖ «នៅពេលមនុស្សយើងជួបកំហុស គឺប្រៀបបាននឹងយើងជាន់ដុំថ្មមួយដុំហើយធ្វើឱ្យយើងដួលធ្លាក់ទៅក្នុងទឹក។ ប្រសិនបើយើងមិនព្រមងើប ហើយបែរជាយកដុំថ្មនោះមកទូល វានឹងក្លាយជាបន្ទុកដែលធ្វើឱ្យជីវិតរបស់យើងបាត់បង់សេចក្តីសុខ តែប្រសិនបើយើងដាក់ថ្មនោះចុះ ហើយជាន់ដើម្បីឈានទៅមុខទៀត នោះជីវិតយើងនឹងល្អប្រសើរជាងមុន»។
ការកែប្រែកំហុស ឬបញ្ហាក្នុងជីវិតជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវអនុវត្ត ព្រោះប្រសិនបើយើងអង្គុយតែសោកស្តាយ ឬស្ពាយអតីតកាលអវិជ្ជមាន នោះជីវិតរបស់យើងនឹងមិនមានកម្លាំង ឬថាមពលខ្លាំងសម្រាប់បន្តដំណើរលឿននោះទេ។ វិធីឆ្លាតវៃបំផុត គឺប្រើប្រាស់កំហុសជាបទពិសោធ ហើយបន្តធ្វើអ្វីដែលថ្មី ដើម្បីជាប្រយោជន៍ បើទោះបីជាយើងអាចនឹងប្រឈមជាមួយនឹងកំហុសថ្មីក៏ដោយ ព្រោះអ្នកដែលគ្មានកំហុស ប្រាកដជាគ្មានសមិទ្ធផលអ្វីទាំងអស់៕