បើតាមការបញ្ជាក់របស់ហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអាទិត្យ 14រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.2562 ត្រូវនឹងថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2019 ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនទំនាក់ទំនងជាមិត្តភាពរវាងធនាគារកណ្តាលប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កន្លងមក កិច្ចប្រជុំនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយចីរភាព។ នាឱកាសនេះដែរ ទេសាភិបាលធនាគារកណ្តាលទាំងពីរបានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តនៃការទូទាត់និងហិរញ្ញវត្ថុ។
អនុស្សរណៈយោគយល់នេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដារប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងប្រទេសនិងក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាពនិងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តវិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ៕