នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែងលោក បញ្ញា សិដ្ឋ ក្នុងប៉ុន្មានថ្ងៃនេះ គេបានមើលឃើញថាឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីមានម្ចាស់គណនីមួយ ដែលមានឈ្មោះថា កញ្ញា តែនអន បានបង្ហោះសំណេរជាច្រើនបង្ខូចឈ្មោះថាលោកជំពាក់លុយមិនសង ហើយបានយកលុយនោះចិញ្ចឹមប្រុសទើបគ្មានលុយសង ក្នុងពេលដែលលោកប្រកាសថាមិនដែលស្គាល់នារីនោះទាល់តែសោះ។
លោក បញ្ញា សិដ្ឋ ថាខ្លួនពិតជាមានជំពាក់វាក់វិននឹងបំណុលធនាគារខ្លះ ប៉ុន្តែមិនដែលមានបញ្ហាក្នុងការសងត្រលប់នោះទេ អ៊ីចឹងហើយទើបលោកយល់ថា នារីដែលបានបង្ហោះពីលោកដើម្បីឱ្យមានអ្នក Like និងអ្នក Share ច្រើននេះ គឺលោកនឹងដាក់បណ្ដឹងទាមទារជំងឺចិត្ត និងតម្រូវឱ្យទទួលខុសត្រូវជាសាធារណៈ។ លោកបញ្ញា សិដ្ឋ និយាយថា សម័យនេះមានមនុស្សតិចណាស់ដែលមិនមានបំណុលធនាគារ ប៉ុន្តែសម្រាប់ការជំពាក់លុយបុគ្គលរាប់ម៉ឺនដល់ថ្នាក់មិនមានលុយសង ហើយត្រូវម្ចាស់បំណុលគេបង្ហោះដូចករណីឈ្មោះម្ចាស់គណនីហ្វេសប៊ុក កញ្ញា តែងអន គឺមិនមាននោះទេ ទើបលោកប្រកាសថាទទួលយកមិនបាន។
លោកថាជារឿងក្ដៅចិត្តយ៉ាងខ្លាំង ដែលម្ចាស់គណនីនោះ និងលោកមិនដែលស្គាល់គ្នាទាល់តែសោះ ហើយសំខាន់លោកមិនដែលបានជំពាក់លុយបុគ្គលណាម្នាក់ក្រៅពីបំណុលធនាគារមួយចំនួនតូចក្នុងរឿងមុខជំនួញទាល់តែសោះ ស្រាប់តែមានអ្នកមកបង្ហោះបង្ខូចឈ្មោះបែបនេះ។ លោកថាបុគ្គលនេះ លោកបានដាក់បណ្ដឹងទៅកាន់មន្ត្រីមានសមត្ថកិច្ច ហើយកំណត់អត្តសញ្ញាណបានហើយ ទើបលោកសម្រេចចិត្តដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃនៅក្រោយថ្ងៃសែនចូលឆ្នាំចិននេះ ដោយលោកប្រកាសថានឹងយកម្ចាស់អាក់ខោនដែលបង្ហោះពីលោកអោយចេញមុខមកបំភ្លឺពីករណីបង្ហោះរបស់ខ្លួន និងត្រូវតែបង់ជំងឺចិត្តឱ្យលោកដាច់ខាត ដើម្បីឱ្យសមនឹងអ្វីដែលម្ចាស់គណនីហ្វេសប៊ុកនេះ បានធ្វើឱ្យលោកប៉ះពាល់កិត្តិយស។
តារាសម្ដែងប្រុសរូបនេះ បានបញ្ជាក់ថា ខ្លួនមានការភ្ញាក់ផ្អើល ដែលលោកមិនមានបំណុលជាមួយបុគ្គលឯកជនទាល់តែសោះ ស្រាប់តែមានការបង្ហោះនេះឡើង ដោយលោកប្រកាសថា ថវិកាដែលខ្លួនប្ដឹងទារបាន គឺនឹងយកមួយចំណែកទៅប្រើក្នុងកម្មវិធីសប្បុរសធម៌៕