លោក Pep Guardiola បានបង្កើតឱ្យមានការលេងស៊ីចង្វាក់គ្នាយ៉ាងល្អបំផុតមួយក្នុងតំបន់បម្រើក្នុងកីឡាបាល់ទាត់អឺរ៉ុប ជាមួយនឹងក្រុម Manchester City ប៉ុន្តែខ្សែប្រយុទ្ធ Sergio Aguero បានបង្កើតឱ្យមានការចងចាំមួយកាលពីថ្ងៃអាទិត្យ ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គេ។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ រកបានគ្រាប់បាល់ទាំង 3គ្រាប់ ក្នុងពេលក្រុម Man City ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដើម្បីធ្វើឱ្យគ្រាប់បាល់សរុបរបស់គេក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ កើនដល់ 20គ្រាប់។
គ្រាប់បាល់របស់កីឡាករវ័យ 30ឆ្នាំរូបនេះ សុទ្ធសឹងបានកើតឡើងនៅជិតមុខទីទាំងអស់ដែលនេះជាការបង្ហាញថា រូបគេគឺជាខ្សែប្រយុទ្ធដ៏មុតស្រួច។
ជ័យជម្នះនេះបានជួយឱ្យក្រុមឈរលេខ2 Man City ដេញតាមពីក្រោយក្រុម Liverpool តែ 2ពិន្ទុប៉ុណ្ណោះ។ លោក Guardiola បានឱ្យដឹងថា៖ «រូបគេបានកើតមកជាមួយនឹងទេពកោសល្យដ៏អស្ចារ្យហើយរូបគេនឹងស្លាប់ជាមួយនឹងទេពកោសល្យនោះ»។
គ្រាប់បាល់របស់ Aguero បានកើតឡើងតាមរយៈការតែតបាល់បញ្ចូលទី ការស៊ុតបាល់ស្រាលៗចូលទីយ៉ាងល្អហើយគ្រាប់បាល់ទី3 របស់គេ បានកើតឡើងតាមរយៈការទទួលដោយទ្រូង និងរមៀលតាមដៃរបស់គេ។
លោក Guardiola បានឱ្យដឹងថា៖ «តាំងពីចាប់ផ្តើមប្រកួត ខ្ញុំពិតជារីករាយណាស់។ ក្នុងរដូវកាលទី1មនុស្សជាច្រើនបាននិយាយថា ខ្ញុំមិនចូលចិត្តរូបគេឡើយ ប៉ុន្តែខ្ញុំតែងតែរីករាយ»៕