ខ្សែប្រយុទ្ធ Almoez Ali បានស៊ុតបាល់បកថយក្រោយបញ្ចូលទីយ៉ាងល្អដើម្បីរកគ្រាប់បាល់ទី9របស់គេក្នុងយុទ្ធនាការ Asian Cup ឆ្នាំ2019 ដើម្បីជួយឱ្យក្រុមជម្រើសជាតិកាតារបស់គេឈ្នះពានប្រចាំទ្វីបជាលើកទី1 តាមរយៈការយកឈ្នះលើក្រុមម្ចាស់ជើងឯក 4សម័យកាលជប៉ុន ក្នុងលទ្ធផល 3-1កាលពីថ្ងៃសុក្រ។
គ្រាប់បាល់បញ្ចូលទីនៅដើមតង់របស់ Ali បានធ្វើឱ្យរូបគេបំបែកកំណត់ត្រានៃការរកគ្រាប់បាល់សរុបរបស់ខ្សែប្រយុទ្ធ Ali Daei កាលពីឆ្នាំ1996 ហើយក្រោមការរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតនៅនាទី ទី27 ពីសំណាក់កីឡាករ Abdulaziz Hatem និងគ្រាប់បាល់ប៉េណាល់ទី1គ្រាប់ទៀតរបស់ AkramAfif នៃក្រុមជម្រើសជាតិកាតាបានបង្ហាញពីភាពខ្លាំងរបស់ខ្លួន នៅមុនពេលធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ2022។
គ្រាប់បាល់ជាកំណត់ត្រារបស់ខ្សែប្រយុទ្ធដើមកំណើតស៊ូដង់ Ali បានកើតឡើងក្រោយពីការតវ៉ាមួយពីសំណាក់ប្រទេសម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមទៅលើសិទ្ធិនៃការចូលលេងរបស់គេក្នុងការធ្វើជាតំណាងឱ្យក្រុមជម្រើសជាតិកាតា ត្រូវបានច្រានចោលដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ត្រឹមតែរយៈពេលប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមប្រកួត។
ក្រុមជម្រើសជាតិជប៉ុន បានទម្លុះតំបន់ការពាររបស់កាតា ដែលមិនបានរបូតគ្រាប់បាល់សូម្បីតែ1គ្រាប់ក្នុងការប្រកួត 6លើកចុងក្រោយរបស់ខ្លួន ហើយ Takumi Minamino បានស៊ុតបាល់បញ្ចូលទីនៅនាទីទី69ប៉ុន្តែគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតបានធ្វើឱ្យក្រុមជម្រើសជាតិជប៉ុន រងបរាជ័យជាលើកទី1ក្នុងការប្រកួត Asian Cup វគ្គផ្តាច់ព្រ័ត្រនេះតែម្តង៕