ភ្នំពេញៈ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋខ្មែរ នឹងកើនដល់ ១៩០០ដុល្លារសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រាក់ចំណូលប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០១៦ មានចំនួន ១៣០២ដុល្លារ នឹងកើនឡើងដល់ ១៩០០ដុល្លារសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២០ខាងមុខ។ របាយការណ៍នេះក៏បានចង្អុលបង្ហាញដែរថា កម្ពុជានឹងសម្រេចគោលដៅក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមលំដាប់ខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។
ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺសំដៅដល់ប្រជាពលរដ្ឋម្នាក់មានប្រាក់ចំណូលចាប់ពី ៤៨០០ដុល្លារ ដល់ជាង ១២០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការកំណត់របស់ធនាគារពិភពលោក។
សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា អ្វីដែលជាការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ មានលក្ខណៈវិទ្យាសាស្រ្ត និងអាចទុកចិត្តបាន ព្រោះលោកជាអ្នកជ្រើសរើសអ្នកជំនាញទាំងនោះដោយផ្ទាល់។ ពួកគេពិតជាពូកែ និងមានទេពកោសល្យ។
លោកបន្តថា “ខ្ញុំជឿថា ការព្យាករនេះផ្អែកលើវិទ្យាសាស្រ្តមិនមែនផ្អែកលើនយោបាយនោះទេ”។ លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ផ្អែកលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសកាន់តែច្រើន ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មសម្រាប់ឆ្នាំ២០១៥ ២០២៥ នឹងធ្វើឲ្យកម្ពុជាសម្រេចបានតាមគោលដៅរបស់ខ្លួន៕