ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ… តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ… តោះ តាមអ្នកគ្រូ ឆវី មក!
ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ :
1. ប្រព័ន្ធដកដង្ហើម
ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ ដើម្បីថែរក្សាព្យាបាលជាបន្ត។
2. ការមើលឃើញ
ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស3ថ្ងៃឡើយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នង ដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។
3. ការបឺត-លេបវត្ថុផ្សេងៗ
នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។
4. ការបែររកក្បាលដោះ
ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ អ្នកម្ដាយសាកល្បងយកដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងបែរមុខមករកភ្លាមតែម្ដង។ អ្នកម្ដាយមិនចាំបាច់ត្រូវចាប់ក្បាលកូនតូចបែរមករកខ្លួនឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ កូនសម្លាញ់នឹងកើតក្ដីចង់ដឹង ចង់ឃើញ និងងាកក្បាលមករកយ៉ាងងាយស្រួល។
5. ការស្រវាចាប់ដោយដៃ
នៅពេលអ្នកម្ដាយយកម្រាមដៃទៅប៉ះលើបាតដៃរបស់កូនតូច គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើមានអ្វីដែលធ្វើឱ្យភ្ញាក់ កូនតូចក៏នឹងមានសញ្ជាតិញាណកន្ត្រាក់ខ្លួនព្រើត ដោយម្រាមដៃទាំងអស់ក៏នឹងលារចេញលែងដៃអ្នកម្ដាយចេញភ្លាមដូចគ្នា។ អ្វីទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើត ដែលអ្នកម្ដាយអាចមិនដឹងថា វាគឺជា សញ្ជាតិញាណ ដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ តែទោះជាកូនតូចនឹងមានប្រតិកម្មទាំងនោះក៏ដោយ យ៉ាងណាក៏អ្នកម្ដាយគួរតែយកចិត្តទុកដាក់ថែទាំគេឱ្យបានយ៉ាងល្អ ព្រោះត្រូវតែមិនភ្លេចឡើយថា ការដែលកូនតូចចេញមកនៅក្នុងពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកម្ដាយច្រើនណាស់៕