Skip to content

កម្ពុជា-ជប៉ុនចុះហត្ថលេខាកិច្ចព្រមព្រៀង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចពញរមព្រៀងមួយ​ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូនដោយមាន​ការចូលរួម​ពី​តំណាង​​​ទីភ្នាក់ងារ​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ជប៉ុន ក្រុមហ៊ុនILSUNG-CIENCOI ក្រុមហ៊ុនOBA​YA​SHI ​Corporation និង​តំណាង​ក្រុម​ហ៊ុន​TEKKEN-IKEE Joint Venture។

ឯក​ឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីបានគូស​បញ្ជាក់​ថា ពិធី​ចុះ​ហត្ថលេខា​នេះធ្វើ​ឡើង​ដើម្បីចាប់ផ្តើមជួសជុល​ផ្លូវជាតិ​លេ​ខ5 និងជាផ្នែកមួយនៃកម្មវិធី​ឧបត្ថម្ភថវិកាដោយ​ភ្នាក់​ងារ​សហប្រតិ​បត្តិ​​ការអន្តរជាតិជប៉ុនក្នុងការធ្វើឱ្យ​ប្រសើរ​ឡើងវិញនូវ​កំណាត់ផ្លូវជាតិ​លេខ5។ នេះគឺជា​គម្រោងមួយ​ក្រោម​កម្ចី​ឥណ​ទាន​​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុនតាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា។ គម្រោងនេះ​ផ្តើម​សាងសង់​ចេញពី​ព្រែកក្តាមរហូត​ដល់ក្រុង​ប៉ោយប៉ែត ឆ្លងកាត់ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ មាន​ប្រវែង​សរុប ​366គីឡូ​ម៉ែត្រនឹងគ្រោង​ចំណាយ​ថវិកាប្រមាណ 500លានដុល្លារ។ ការស្ថាបនា​ត្រូវបានបែងចែក​ជា 3ផ្នែក​ធំៗគឺ៖ភាគខាង​ជើងភាគ ខាងត្បូង និង​ភាគកណ្តាល។

គម្រោង​ធ្វើឱ្យ​ប្រសើ​រឡើងវិញនូវកំណាត់ផ្លូវជាតិ​លេខ5 ភាគកណ្តាល​មានប្រវែង​សរុបជិត112គីឡូម៉ែត្រ ដោយចាប់​ពីធ្លាម្អម ដល់​បាត់ដំបង មានទទឹង​ប្រវែង 23​ម៉ែត្រ 4​គន្លងផ្លូវ ក្រាលកៅស៊ូAC កម្រាស់ 15​សង់ទីម៉ែត្រ ខណ្ឌកណ្ដាល​ដោយ​សួនច្បារ​ និងគ្រោង​ចំណាយ​ទឹកប្រាក់សរុប​ចំនួន243.74លាន​ដុល្លារ ហើយ​ការស្ថាបនានេះ​មាន​រយៈពេល​ប្រមាណ​ 42ខែ។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើកឡើង​ថា កំណាត់ផ្លូវជាតិលេខ5 គឺជាច្រក​សម្រាប់​ធ្វើ​ចរាចរណ៍ទំនិញ។ ជាផ្លូវ​អាស៊ាន​ហាយវេយ៍លេខ1 ដែលអាចបង្កើន​ការ​នាំចេញ-នាំចូល និង​ជាផ្លូវមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋ​កិច្ច​កម្ពុជា ជាពិសេស​អាចកាត់បន្ថយ​គ្រោះថ្នាក់ និង​ការ​​កកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន។ លើសពី​នេះ​​​​ទៅទៀតប្រជាពលរដ្ឋ​តាម​ដងផ្លូវនេះនឹងមាន​ជីវ​ភាព​កាន់តែល្អ​ប្រសើរឡើង​តាមរយៈ​កំណើន​នៃការ​អភិ​វឌ្ឍវិនិយោគ និង​ទេសចរណ៍។

ជាមួយគ្នា​នេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រីបាន​ស្នើឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដាក់ផ្លាក​សញ្ញា​សុវត្ថិភាពឱ្យបាន​ត្រឹមត្រូវ​នៅតាម​ការដ្ឋាន​សាងសង់ផ្លូវ និងបាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ទាំង3ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ដើម្បី​ធានា​បាននូវ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​នៃការ​សាងសង់។

ឯកឧត្តមបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ក្រុមហ៊ុនឱ្យកែលម្អ និងពង្រីកផ្លូវជាតិ​លេខ5 ឱ្យមានគុណភាព ដូច្នេះសុវត្ថិភាពក៏អាចត្រូវបានកែលម្អដែរ ហើយនៅពេលអនាគត​ ផ្លូវជាតិ​លេខ5 នឹងក្លាយ​ជាមហាវិថីរបស់អាស៊ី ហើយវានឹងទាក់ទាញភ្ញៀវទេសចរ»

សូមជម្រាបថា រដ្ឋាភិបាលក៏មានគម្រោងផ្លូវ Expressways ថ្មី 2 ទៀតផងដែរ ដែលផ្លូវទី1-ភ្ជាប់ទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយនឹងត្រូវចំណាយប្រាក់ប្រមាណ 1.9ពាន់លានដុល្លារ និងទី2- ផ្លូវភ្ជាប់រាជធានីភ្នំពេញ ទៅព្រំប្រទល់កម្ពុជា-វៀតណាម ដែលឥឡូវកំពុង​ត្រូវបាន​សិក្សាលម្អិត​ដោយ JICA៕

Leave a Reply

Your email address will not be published. Required fields are marked *