ភ្នំពេញៈ តារាសម្តែងស្រី មានរាងតូចច្រឡឹង ចង្កាស្រួចកញ្ញា ដួង ម៉ានិច ដែលទើបតែមានរាសីឡើងខ្ពស់ខ្លាំងនៅចុងឆ្នាំ ២០១៦ និងទទួលការសរសើពីមហាជនថា ថតសម្តែងសមជាតួប្តីប្រពន្ធនឹងតារាសម្តែងប្រុសជើងចាស់លោក ទេព រិន្ទដារ៉ូ នៅក្នុងខ្សែភាពយន្តភាគថតសាឡើងវិញរឿង «ពស់កេងកងថ្មី» ទើបថតចប់ថ្មីៗនោះ ឥឡូវនេះសល់លុយទិញផ្ទះល្វែងមួយជូនអ្នកម្តាយជាទីស្រឡាញ់។
មើលទៅផ្ទះនោះសង់ជិតរួចរាល់ហើយ បើតាមរូបនាងឈរថតនៅមុខផ្ទះមានសារបញ្ជាក់ថា៖ «បាន ៨០ % ហើយសម្រាប់អ្នកម្តាយជាទីស្រឡាញ់ I love you my man»។ មានការសង្ស័យថា តារាស្រីរូបនេះ ទំនងជាមានបុរសកំណាន់ចិត្តនៅពីក្រោយជួយឧបត្ថម្ភនាងទិញផ្ទះគាប់ចិត្តម្តាយក្មេកមិនខានឡើយ ដោយសម្អាងសារបង្ហោះថា « I love you my man» គឺមានន័យថា «អូនស្រឡាញ់បងសំណព្វចិត្តរបស់អូន!»។
ខុសពីការមន្ទិលសង្ស័យ ត្រូវតារាស្រីរាសីឡើងខ្ពស់ ដែលតែងតែក្តាប់បានឱកាសថតកុនហូរហែមានរូបសម្ផស្សស្រស់សោភាវ័យ ២៦ ឆ្នាំ កញ្ញា ដួង ម៉ានិច បែរជាបកស្រាយ ទាំងមានសម្លេងបែបងឿងឆ្ងល់វិញថា៖ «ពិតជាសរសេរថា I love you my man មែន? ខ្ញុំមិនបានពិនិត្យទេព្រោះជាបានពឹងឲ្យប្អូនប្រុសសរសេរឲ្យ។ តាមពិតទៅគឺខ្ញុំចង់ឲ្យគាត់សរសេរថា I love you my mummy ដែលមានន័យថាស្រឡាញ់អ្នកម្តាយនោះឯងទេតើបង!។ ផ្ទះនេះគឺនាងខ្ញុំទិញតាមវិធីបង់រំលោះ ជាមួយនឹងប្រាក់ដែលបានពីកម្លាំងញើសឈាមរបស់ខ្ញុំ ដោយវាមានតម្លៃថ្លៃទេគឺជាង ៣ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។ តារាស្រីដែលទទួលបានពានរង្វាន់ជាសិល្បការិនីឆ្នើមផ្នែកតារាគោរពពេលវេលា និងជាតួស្រីកាចឆ្នាសឆ្នើមពីកម្មវិធី Apsara Award 2016 នាពេលថ្មីៗនេះ ក៏មានការអាក់អនស្រពន់ចិត្តដែរ ចំពោះព័ត៌មានចោទប្រកាន់រូបនាងថា មានអ្នកជួយទំនុកបម្រុង ឬអ្នកឧបត្ថម្ភនោះ។
តារាសម្តែងស្រីដែលមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ នៅតែបន្តអះអាងថា៖ «នាងខ្ញុំទិញផ្ទះនេះបានពីប្រាក់ ដែលខិតខំសន្សំជិតដប់ឆ្នាំហើយ។ តាំងពីចូលប្រឡូកសិល្បៈមកនាងខ្ញុំគ្មានអ្នកណាជួយចិញ្ចឹមអ្វីនោះទេ ហើយតាមពិតទៅ ការងារសិល្បៈសម្រាប់នាងគ្រាន់តែបានត្រឹមរស់ប៉ុណ្ណោះ។ ប្រាក់សន្សំទិញផ្ទះនេះ បានមកពីចំណូលនៃការបើកអាជីវកម្មមួយលក់ស្រាក្រឡុកមួយនៅឯខេត្តបៃលិន ដែលខ្ញុំបានប្រកបរកស៊ីនេះ តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ឯប្រាក់បានពីសិល្បៈវិញគឺតិចតួចបំផុត»៕