ពីមួយថ្ងៃទៅមួយថ្ងៃ គ្រឿងយន្តបានចាប់ផ្តើមពង្រីកឥទ្ធិពលកាន់តែច្រើនឡើងៗដើម្បីជួយពិភពលោកក្នុងការធ្វើការងារធ្ងន់ៗ ការបម្រើសេវាកម្ម និងការងារជាច្រើនផ្សេងទៀតឱ្យកាន់តែមានប្រសិទ្ធភាពតែចំណុចគ្រោះថ្នាក់ដែលមនុស្សមិនចង់ជួបនោះគឺសូម្បីតែក្មេងៗខ្លះនាពេលបច្ចុប្បន្នក៏អាចមានស្ថានភាពស្រដៀងនឹងគ្រឿងយន្តដែរ។
ដោយសារតែបច្ចេកវិទ្យាមានការអភិវឌ្ឍជឿនលឿនខ្លាំង ក្មេងៗនាពេលបច្ចុប្បន្នបានរស់នៅក្នុងប្រព័ន្ធនៃការគិតបែបស្រមើស្រមៃ (visual) ហើយផ្តាច់ខ្លួនកាន់តែច្រើនឡើងៗពីពិភពធម្មជាតិជាក់ស្តែង ដែលចំណុចនេះអាចធ្វើឱ្យគេរស់នៅក្នុងលក្ខខណ្ឌស្រដៀងនឹងគ្រឿងយន្ត។ បើធ្វើការប្រៀបធៀបយើងឃើញថាគ្រឿងយន្តចាំបាច់ត្រូវសាកភ្លើងជាប់រហូតទើបអាចដំណើរការបាន ហើយគ្រឿងយន្តក៏ដំណើរការតាមតែការកំណត់របស់មនុស្សតែប៉ុណ្ណោះ សម្រាប់មនុស្សសម័យថ្មីវិញថ្វីដ្បិតតែពួកគេមានគ្រួសារ និងប្រាស្រ័យទាក់ទងក្នុងសង្គមខ្លះក្តីក៏ពួកគេត្រូវនៅជាប់ជាមួយបច្ចេកវិទ្យាមិនអាចអត់បានដូចជាទូរស័ព្ទត្រូវសាកថ្មដូច្នោះដែរ។ ម្យ៉ាងវិញទៀត នៅពេលពួកគេផ្តោតអារម្មណ៍នឹងការរស់នៅលើបច្ចេកវិទ្យាខ្លាំងពេកយុវវ័យហាក់រស់នៅក្នុងបន្ទាត់តែមួយដែលមិនសូវប្រើប្រាស់ការគិតច្រើននោះទេ។
ចំពោះកុមារតូចៗវិញ បច្ចុប្បន្ននេះ អាណាព្យាបាលជាច្រើនបានបណ្តោយឱ្យពួកគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យពួកគេនៅស្ងៀម ហើយឪពុកម្តាយសល់ពេលធ្វើការងារផ្សេងៗ ដែលកត្តានេះធ្វើឱ្យខួរក្បាលក្មេងតូចៗមានការផ្លាស់ប្តូរឆ្ងាយពីធម្មជាតិ។ ក្មេងតូចៗមួយចំនួនមានអារម្មណ៍មួម៉ៅខ្លាំង ហើយមិនអាចទ្រាំបាននៅពេលគ្មានវត្តមានឧបករណ៍អេឡិចត្រូនិក ហើយពួកគេភាគច្រើនបិទទ្វារ ហើយចង់រស់នៅក្នុងសភាពស្ងប់ស្ងាត់ដែលអនុញ្ញាតឱ្យគេមានពេលវេលាប្រើប្រាស់ជីវិតបែបស្រមើស្រមៃ (visual)។
កត្តាទាំងអស់នេះបានជះឥទ្ធិពល និងក្តីកង្វល់ជាច្រើនដល់អាណាព្យាបាលដែលតាមការស្ទង់មតិពីស្ថាប័នអប់រំធំៗមួយចំនួនបានរកឃើញថា ពួកគេមានក្តីកង្វល់ច្រើនពីទំនាក់ទំនងរបស់ក្មេងៗជាមួយមនុស្សដទៃ។ ក្មេងៗចាប់ផ្តើមគេចចេញពីការលេងកីឡា និងការទំនាក់ទំនង ដោយក្នុងនោះរួមទាំងទំនាក់ទំនងជាមួយឪពុកម្តាយផងដែរ។
ដោយមើលឃើញពីបញ្ហាបែបនេះ អ្នកជំនាញអប់រំបានណែនាំថា អាណាព្យាបាលគួរបង្រៀនកូនតូចៗឱ្យចេះរស់នៅជាមួយធម្មជាតិពិត។ ការបង្រៀនកូនឱ្យចេះដាំដើមឈើ ថែទាំដំណាំ និងរីករាយជាមួយធម្មជាតិអាចធ្វើឱ្យពួកគេបានស្គាល់ពិភពលោកពិតប្រាកដដ៏រីករាយមិនមែនគ្រាន់តែស្រមៃឃើញក្នុងអេក្រង់នោះទេ។ ម្យ៉ាងវិញទៀត សកម្មភាពដ៏រស់រវើករបស់ពួកគេអាចធ្វើឱ្យមានគំនិតច្នៃប្រឌិតកាន់តែច្រើនឡើងៗ ព្រោះពួកគេបានប្រើប្រាស់ជីវិតរបស់គេដើម្បីដកឃ្លាពីភាពមមាញឹកនៃបណ្តាញទំនាក់ទំនងសង្គមឬល្បែងអនឡាញ ហើយមកមើលពីបញ្ហាជាក់ស្តែងនៃការរស់នៅរបស់មនុស្ស និងតម្រូវការរបស់មនុស្សពិតប្រាកដ។
ក្រៅពីនេះធម្មជាតិក៏បង្រៀនមេរៀនជាច្រើនដល់កុមារដូចជាការចេះរង់ចាំ ចេះសង្កេត យកចិត្តទុកដាក់ និងថែទាំរបស់តូចៗឱ្យក្លាយជាធាតុសំខាន់ៗនៃជីវិត។ រុក្ខជាតិស្រស់ស្អាតមួយដើមមិនអាចដុះបានក្នុងរយៈពេលតែ 1ថ្ងៃ ឬ2ថ្ងៃនោះទេ ហេតុនេះការបង្រៀនកុមារឱ្យចេះរង់ចាំ និងលើកទឹកចិត្តឱ្យគេចេះថែរក្សារបស់ទាំងអស់នេះ ជាផ្នត់គំនិតយ៉ាងសំខាន់ក្នុងការបង្រៀនចិត្តសាស្ត្រកុមារឱ្យក្លាយជាមនុស្សចាស់ទុំ និងស្គាល់ពីជីវិតពិតប្រាកដ។
នៅពេលកុមារស្រឡាញ់ធម្មជាតិ ហើយចង់រស់នៅក្នុងជីវិតពោរពេញដោយក្តីស្រឡាញ់ ពួកគេនឹងចេះប្រើប្រាស់ជីវិតឱ្យកាន់តែមានន័យ ចេញឆ្ងាយពីមេរោគសង្គមនានា ចេះចែករំលែកក្តីស្រឡាញ់បានល្អជាមួយជីវិតតូចៗ និងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន ដែលកត្តានេះជំរុញឱ្យគេអាចក្លាយជាធនធានមនុស្សដែលសង្គមត្រូវការនាពេលអនាគត ព្រោះពួកគេអាចធ្វើការងារជាច្រើនសម្រាប់អភិវឌ្ឍមនុស្សដែលម៉ាស៊ីនមិនអាចធ្វើបាន៕