រាល់រដូវបុណ្យចូលឆ្នាំចិន គេតែងសង្កេតឃើញថា ចាស់ៗ ឬអ្នកដែលមានស្វាមី-ភរិយារួច តែងតែឱ្យអាំងប៉ាវពណ៌ក្រហមៗទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ ដែលទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ។ តើការឱ្យអាំងប៉ាវនេះ មានន័យដូចម្ដេច និងមានតំណមនៃការឱ្យដែរឬទេ?
ជាការពិតណាស់ បុព្វបុរសចិនបានជឿលើរឿងព្រេងនិទានដែលបានតំណាលថា៖ នៅថ្ងៃចូលឆ្នាំចិន មានបិសាចមួយឈ្មោះ ស៊ូអ៊ី តែងតែចេញមកលងបន្លាចក្មេងៗ នៅពេលពួកគេគេងលក់។ ក្មេងណាដែលត្រូវបិសាចនោះប៉ះ ប្រាកដជាភ័យខ្លាចរហូតដល់គ្រុនក្តៅខ្លួនយ៉ាងខ្លាំង និងបន្ទាប់មកក៏កើតជំងឺឡប់សតិជាមិនខាន។ ដូច្នេះ ដើម្បីការពារក្មេងៗពីការយាយីរបស់បិសាចកំណាចនោះ ឪពុកម្តាយតែងតែនៅយាមកូនៗរបស់ពួកគេពេញមួយយប់ ដោយយមិនបានដេកពួនឡើយ។
ក្រោយមកមានគ្រួសារមួយ ឪពុកម្តាយបានឱ្យកាក់ចំនួន 8កាក់ទៅកូនៗសម្រាប់លេងនៅពេលយប់ ដើម្បីកុំឱ្យពួកគេគេងលក់ ធ្វើឱ្យបិសាចមិនហ៊ានមកយាយីឡើយ។ កូនៗទាំងនោះបានយកក្រដាសមកខ្ចប់កាក់ទាំងនោះ ហើយលេងរហូតដល់គេងលក់ដោយមិនដឹងខ្លួន។ បន្ទាប់មកឪពុកម្តាយបានយកកញ្ចប់ក្រដាសដែលខ្ចប់កាក់នោះទៅដាក់នៅក្រោមខ្នើយកើយរបស់កូន។ នៅពេលដែលបិសាច ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំង8 នោះបានបញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យខ្លាច ហើយរត់បាត់ទៅ។ ចាប់តាំងពីពេលនោះមក ពួកគេក៏មានជំនឿថា ការឱ្យអាំងប៉ាវ ឬស្រោមក្រដាសមានលុយទៅកាន់កូនៗ គឺមានន័យថា ឱ្យកូនៗមានសុវត្ថិភាព និងសំណាងល្អ។
ចំណែកឯតំណមនៃការឱ្យអាំងប៉ាវវិញ កាលពីបុរាណមនុស្សចាស់តែងតែចងកាក់រួមគ្នាដោយអំបោះក្រហម ហើយខ្សែអំបោះក្រហមនេះ គេហៅថា «លុយបណ្តេញវិញ្ញាណ30» ហើយយកវាទៅដាក់នៅពីក្រោមខ្នើយកើយរបស់កូនៗ ដើម្បីការពារជំងឺ និងសំណាងអាក្រក់។ សម័យកាលក្រោយៗមកទៀត ដោយសារមានការប្រើប្រាស់ក្រដាសប្រាក់ ជំនួសប្រាក់ជាកាក់លោហៈនោះ ទើបខ្សែក្រណាត់ក្រហម ត្រូវបានជំនួសដោយកញ្ចប់ក្រដាសក្រហមវិញ។
ទីបំផុតទំនៀមទម្លាប់នេះបានក្លាយទៅជាការឱ្យ “អាំងប៉ាវ” ដែលជាស្រោមក្រដាសពណ៌ក្រហម ហើយកាក់ក៏បានក្លាយជាក្រដាសប្រាក់ដែរ។
នៅក្នុងឱកាសចូលឆ្នាំថ្មី ភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិន ស្រោមសំបុត្រពណ៌ក្រហមត្រូវប្រគល់ឱ្យដោយមនុស្សដែលរៀបការហើយទៅមនុស្សដែលមិនទាន់រៀបការ ជាពិសេសជាអំណោយសម្រាប់ក្មេងៗ តែសម្រាប់អ្នកនៅលីវវិញ មិនចាំបាច់មានអាំងប៉ាវដើម្បីឱ្យទៅអ្នកដទៃទេ ព្រោះអាចនឹងជួបគ្រោះពេញមួយឆ្នាំ ដែលនេះក៏ជាតំណមមួយដែរ៕