កាលពីពាក់កណ្តាលខែឧសភា កន្លងទៅនេះ CBS របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា លោក អាលី ស៊ូហ្វាន អតីតមន្រ្តី FBI អាមេរិក ជាអ្នកដែលចូលរួមស៊ើបអង្កេតរឿងក្តីភេរវកម្ម 911 (យន្តហោះភេរវករបើកបំបុកអគារពាណិជ្ជកម្មពិភពលោក World Trade Center កាលពីឆ្នាំ 1997) បានផ្តល់បទសម្ភាសក្នុងកម្មវិធី 60 minutes របស់ CBS អំពីឯកសារសម្ងាត់ដែលរឹបអូសបានកាលពី 7 ឆ្នាំមុន ដែលខណៈនេះអាចបើកចំហជាសាធារណៈបានហើយនោះថា លោក ហាំហ្សា ប៊ិនឡាដេន កូនប្រុសរបស់អតីតមេខ្លោងភេរវករ អូសាម៉ា ប៊ិនឡាដេន ស្ថាបនិកខ្សែបណ្តាញ អាល់កៃដា បានសរសេរអត្ថបទមួយថា ត្រូវការសងសឹកឱ្យឪពុករបស់ខ្លួនដែលត្រូវសហរដ្ឋអាមេរិកសម្លាប់កាលពីឆ្នាំ 2010។
ឯកសារសម្ងាត់នោះជាសំបុត្រផ្ទាល់ខ្លួនរបស់ ប៊ិនឡាដេន ដែលក្រុមយោធាស៊ីលរបស់សហរដ្ឋអាមេរិករឹបអូសមកបានពីប្រតិបត្តិការវាយសម្រុកចូលសម្លាប់ ប៊ិនឡាដេន ដល់កន្លែងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ សំបុត្រមួយផ្នែកសរសេរដោយលោកហាំហ្សា កាលពីនៅអាយុ 22 ឆ្នាំ ដែលនៅជាប់ជិតដិតនឹងឪពុក និងត្រូវការស្នងផ្នត់គំនិតរបស់ឪពុក។
បច្ចុប្បន្នលោកហាំហ្សា មានអាយុ 28 ឆ្នាំហើយ និងថែមទាំងបានផ្សព្វផ្សាយឃ្លីបសំឡេងបំផុសបំផុលសមាជិកក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះទៀតផង ដោយបានបង្ហាញអំពីចេតនាក្នុងការកសាងអាល់កៃដាឱ្យរឹងមាំ និងពង្រីកឱ្យធំឡើង ត្រៀមជាស្រេចក្នុងការសងសឹក។
លោកស៊ូហ្វានបាននិយាយថា នៅក្នុងសំបុត្រនោះ ហាំហ្សាបានសរសេរថា ខ្លួននៅចាំមុខឪពុកគ្រប់ពេលវេលា គ្រប់ស្នាមញញឹមដែលឪពុកបានញញឹមដាក់ និងគ្រប់ពាក្យសម្តីដែលឪពុកនិយាយជាមួយ។ គេគិតថា គេត្រូវតែចូលរួមក្នុងដំណើរផ្លូវរបស់ ជីហាដ។
រដ្ឋការសហរដ្ឋអាមេរិកបានកត់ត្រាឈ្មោះរបស់ ហាំហ្សាទុកក្នុងឋានៈជាភេរវករលំដាប់ពិភពលោកដែលបានទទួលការតែងតាំងជាពិសេសក្នុងកម្រិតដែលឪពុករបស់គេធ្លាប់បានទទួលពីមុនដែរ។ សូម្បីតែសំឡេងនិយាយរបស់ហាំហ្សាក៏ដូចឪពុករបស់គេដែរ កាលពីពេលថ្មីៗនេះ នៅក្នុងអត្ថបទ និងពាក្យសម្តីដែលត្រូវបានផ្សព្វផ្សាយចេញមក ហាំហ្សាបានប្រើប្រាស់ប្រយោគ និងពាក្យផ្សេងៗដែលប៊ិន ឡាដេនជាឪពុកធ្លាប់បានប្រើទាំងអស់។
“គេនិយាយថា…ជនជាតិអាមេរិក យើងកំពុងតែទៅរកពួកអ្នកហើយ និងពួកអ្នកនឹងមានអារម្មណ៍ដឹងអំពីការទៅរកពួកអ្នកក្នុងគ្រានេះ យើងនឹងមកយកវិញនូវអ្វីដែលពួកអ្នកបានធ្វើចំពោះឪពុករបស់យើង ចំពោះអ៊ីរ៉ាក់ ចំពោះអាហ្វហ្គានីស្ថាន ទាំងអស់វាជារឿងរ៉ាវនៃការសងសឹក” អតីតមន្រ្តី FBI រៀបរាប់។
បច្ចុប្បន្នខ្សែបណ្តាញអាល់កៃដាមានមូលដ្ឋាននៅក្នុងរាប់សិបប្រទេស ចាប់តាំងពីហេតុការណ៍អារ៉ាប់ស្រ្ពីងក្នុងឆ្នាំ 2010 ដែលកើតមានសុញ្ញាកាសខាងអំណាចមក គ្រាន់តែនៅក្នុងប្រទេស ស៊ីរី មានសាវ័កអាល់កៃដាប្រមាណជា 20.000 នាក់ទៅហើយនៅតាមទីក្រុង និងទីប្រជុំជនផ្សេងៗ។
“អាល់កៃដាឥឡូវរឹងមាំជាងកាលពីពេលមុន ខ្ញុំជឿថា ប៊ិនឡាដេនខ្លួនឯងក៏មានក្តីស្រមៃដ៏ក្តៅគគុកមួយដែលគិតថា គេនឹងត្រូវតែមានសាវ័កដែលអាចបញ្ជាបានដូចកងទ័ព កងកម្លាំង និងផែនដី”លោក ស៊ូហ្វានបន្ថែម។
អក្សរក្រោមរូបភាព ៖ ហាំហ្សា កាលពីនៅក្មេង
ស្រាវជ្រាវដោយ តាវ៉ែនតា