ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានលត់ក្រុមម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម យ៉ាងដំណំក្នុងលទ្ធផល 4-០ កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ2019។
ជ័យជម្នះនេះ ដែលបានកើតឡើងនៅមុខអ្នកគាំទ្រម្ចាស់ផ្ទះដ៏ច្រើនកុះករក្នុងទីក្រុង Abu Dhabi នោះ បានជួយឱ្យក្រុមជម្រើសជាតិកាតា ឈានទៅប្រកួតដណ្តើមពានជាលើកទី1របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃសុក្រខាងមុខនេះ។
កាតា បានរកគ្រាប់បាល់បើឆាកបានតាមរយៈកីឡាករ BoualemKhoukhi នៅនាទីទី22 ខណៈដែលខ្សែប្រយុទ្ធ Almoez Ali បានបន្ថែមគ្រាប់បាល់ទី2 ក្នុងរយៈពេល 15នាទីក្រោយមក។
កីឡាករ Hassan al-Haydos បានបន្ថែមគ្រាប់បាល់ទី3 នៅនាទីទី80 តាមរយៈការឆ្កឹះបាល់រំលងក្បាលរបស់អ្នកចាំទីអេមីរ៉ាតអារ៉ាប់រួម ហើយ Ismaeil បានបំពេញការឈានទៅវគ្គបន្តជាស្ថាពររបស់ក្រុមជម្រើសជាតិកាតា ជាមួយនឹងគ្រាប់បាល់ 1គ្រាប់នៅជិតបញ្ចប់ការប្រកួត។
ការប្រកួតនេះ ត្រូវបានបង្អាក់ដំណើរដោយសារតែអ្នកគាំទ្រ ដែលបានចោលស្បែកជើង និងដបទឹកបរិសុទ្ធ ទៅកាន់កីឡាកររបស់កាតា ក្នុងពេលដែលពួកគេកំពុងតែអបអរនឹងការរកបានគ្រាប់បាល់។
ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រម្ចាស់ផ្ទះក៏បានស្រែកច្រៀងបែបចំអក អំឡុងពេលនៃការច្រៀងចម្រៀងជាតិរបស់កាតា នៅមុនពេលការប្រកួតផងដែរ។
លោក Felix Sanchez គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកាតា បានឱ្យដឹងថា៖ «ខ្ញុំគិតថា កីឡាករបានដឹងថា វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងអ្នកគាំទ្រដ៏ច្រើន ប៉ុន្តែខ្ញុំគិតថា ពួកគេបានគ្រប់គ្រងការរំជួលចិត្តបានយ៉ាងល្អ»៕
ប្រភពពី៖ Sport24