អតីតកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Victoria Azarenka នឹងត្រូវជួបជាមួយនឹងកីឡាការិនី Petra Kvitova ម្ចាស់ជើងឯករងនៃព្រឹត្តិការណ៍ Australian Open ក្នុងការប្រកួតជុំទី2 ក្នុងទីក្រុង St Petersburg នៅថ្ងៃអង្គារ ក្រោយពីកត់ត្រាជ័យជម្នះ 2សិតជាប់ៗគ្នាលើកីឡាការិនី Margarita Gasparyan។
កីឡាការិនីវាយកូនបាល់សញ្ជាតិបេឡារុសរូបនេះ ដែលបានធ្លាក់ចេញក្នុងជុំទី1 នៅលើទីលាន Melbourne Park ក្រោមស្នាដៃកីឡាការិនីអាល្លឺម៉ង់ Laura Siegemund បានកត់ត្រាជ័យជម្នះយ៉ាងងាយក្នុងលទ្ធផល 6-4 និង6-1 នៅពេលប្រកួតជាមួយនឹងកីឡាការិនីរបស់រុស្ស៊ី។
គូប្រកួតបន្ទាប់សម្រាប់ Azarenka គឺកីឡាការិនី Kvitova ដែលបានរងបរាជ័យក្នុងការប្រកួត Australian Open វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃកីឡាការិនី Naomi Osaka កាលពីថ្ងៃសៅរ៍។
Azarenka បានឱ្យដឹងថា៖ «ខ្ញុំរំពឹងទុកពីការប្រកួតដ៏ស្វិតស្វាញមួយ ខណៈដែល Kvitova បច្ចុប្បន្នកំពុងតែស្ថិតក្នុងទម្រង់លេងដ៏ល្អ។ សម្រាប់ខ្ញុំ រាល់ការប្រកួតទាំងអស់ពិតជាសំខាន់ មិនថាជួបគូប្រកួតបែបណាឡើយ។ ខ្ញុំចង់លេង និងឈានទៅវគ្គបន្ត»។
កីឡាការិនីវ័យ 29ឆ្នាំរូបនេះ បានធ្លាក់ចុះចំណាត់ថ្នាក់របស់ខ្លួន ចាប់តាំងពីផ្តល់កំណើតឱ្យកូនប្រុសរបស់នាង ហើយបច្ចុប្បន្ន នាងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ51 លើពិភពលោក។
Azarenka បានបន្ថែមទៀតថា៖ «វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៅរដូវកាលនេះ ហើយរាល់ការប្រកួតទាំងអស់ គឺពិតជាលំបាកសម្រាប់ខ្ញុំ»៕