ការគេងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមការបង្ហាញរបស់ស្ថាប័នចិត្តសាស្ត្រសំខាន់ៗជាច្រើនរកឃើញថា មនុស្សម្នាក់ៗ ជាពិសេសយុវវ័យគួរគេងឱ្យបានយ៉ាងតិចបំផុត 6ម៉ោង ដល់ 9ម៉ោង ដើម្បីសន្សំថាមពលសម្រាប់បង្កើតភាពស្រស់ស្រាយដល់ខួរក្បាល និងផ្នែកដទៃផ្សេងទៀតនៃរាងកាយ។
ដោយសារការមើលឃើញពីសារៈសំខាន់នៃការគេងឱ្យបានគ្រប់គ្រាន់សម្រាប់យុវវ័យនេះ បណ្តាប្រទេសជាច្រើនបានពន្យារម៉ោងចូលសិក្សានាពេលព្រឹក ដូចជាសាលា Seattle នៅអាមេរិកបានពន្យារពេលម៉ោងចូលរៀនពីម៉ោង 7:50នាទីព្រឹក ទៅម៉ោង8:45នាទីព្រឹកវិញម្តង ដើម្បីទុកពេលឱ្យយុវវ័យសម្រាកឱ្យបានកាន់តែច្រើន តែជាអកុសលអ្វីដែលជាបញ្ហាប្រឈមសម្រាប់យុវជនបច្ចុប្បន្ននៅគ្រប់ប្រទេសក្នុងពិភពលោក គឺការប្រើប្រាស់បច្ចេកវិទ្យាច្រើនជ្រុលហួសហេតុរហូតប៉ះពាល់ខ្លាំងដល់ដំណេករបស់ពួកគេ។
យុវវ័យបច្ចុប្បន្នសុទ្ធតែមានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ និងរស់នៅក្នុងពិភពនៃការស្រមើស្រមៃ (visual-life) ដែលធ្វើឱ្យពួកគេចំណាយពេលច្រើនឡើងៗជាមួយបណ្តាញទំនាក់ទំនងសង្គម ហើយកាត់បន្ថយម៉ោងសម្រាកឱ្យតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ពន្លឺដែលចាំងចេញពីឧបករណ៍ឆ្លាតវៃទាំងអស់នោះមានឥទ្ធិពលបណ្តាលឱ្យមនុស្សមិនងងុយហើយបន្តប្រើប្រាស់ច្រើនម៉ោង ដែលមានយុវវ័យខ្លះមិនបានសម្រាកពេញមួយយប់ក៏មានដែរ។ លើសពីនេះទៅទៀត ដោយសារតែយុវវ័យជាមនុស្សចូលចិត្តការស្វែងរកនូវអ្វីដែលថ្មី និងចង់បានជីវិតឯកជន ទើបពួកគេហាក់រីករាយណាស់នៅពេលយប់ដែលគ្មានការរំខានពីអាណាព្យាបាល។ កត្តានេះបានធ្វើឱ្យពួកគេស្រឡាញ់ពេលយប់ ហើយបណ្តែតបណ្តោយជីវិតឱ្យធ្លាក់ក្នុងសភាពអវិជ្ជមាន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
ការសម្រាកមិនបានគ្រប់គ្រាន់ បូករួមទាំងអារម្មណ៍នឿយហត់ពីការគិតច្រើនរឿងក្នុងពេលតែមួយនៅក្នុងបណ្តាញសង្គម បានធ្វើឱ្យយុវវ័យសម្រាកមិនបានស្ងប់នោះទេ ដែលនេះជាហេតុធ្វើឱ្យពេលសម្រាកមានកាន់តែតិច ហើយពេលសម្រាកដ៏តិចតួចនោះទៀតសោត ក៏ពួកគេមានអារម្មណ៍មិនស្ងប់ល្អផងដែរ។ បញ្ហាទាំងអស់នេះបានបណ្តាលឱ្យយុវវ័យមានការចងចាំមិនសូវល្អ មានស្ថានភាពរាងកាយមិនរឹងមាំ គ្មានអារម្មណ៍ចង់លេងកីឡា និងឆាប់ខឹងមួម៉ៅ ជាដើម។
យោងតាមអ្នកជំនាញចិត្តសាស្ត្ររបស់ Psychology today បានបង្ហាញថា យុវវ័យដែលសម្រាកមិនបានគ្រប់គ្រាន់នៅពេលយប់ មានស្ថានភាពផ្លូចចិត្តមិននឹងនរនោះទេ។ ថាមពលនៅក្នុងខ្លួនរបស់ពួកគេចាប់ផ្តើមចុះខ្សោយ ហើយមានអាការមួយចំនួនដែលមិនអាចស្វែងរកប្រភពឃើញ និងមានអារម្មណ៍ថា ញ័រខ្លួន ស្របពេលការរិះគិតក៏ដំណើរការមិនល្អដែរ។ បន្ថែមពីលើនេះ ពួកគេនឹងអាចប្រឈមជាមួយបញ្ហាព្រួយចិត្តដោយគ្មានមូលហេតុ រួមទាំងមានអារម្មណ៍ឆាប់បាក់ទឹកចិត្ត នៅពេលជួបបញ្ហាប្រឈមនានា រហូតដល់អ្នកខ្លះអាចសម្រេចចិត្តសម្លាប់ខ្លួនដោយសារតែទប់ទល់មិនបាននឹងស្ថានភាពចុះខ្សោយនៃផ្លូវចិត្តនេះទៀតផង។
ជាដំណោះស្រាយ យុវវ័យគួរចាប់ផ្តើមគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដោយការរំឭកខ្លួនឯងជាប់ជានិច្ចថា យើងកំពុងប្រើប្រាស់បណ្តាញសង្គម រួមទាំងឧបករណ៍ឆ្លាតវៃទាំងអស់នោះ ហេតុនេះយើងមិនអាចអនុញ្ញាតឱ្យខ្លួនឯងក្លាយជាអ្នកបម្រើបណ្តាញបច្ចេកវិទ្យាវិញនោះទេ។ ដើម្បីធានាដល់ការគ្រប់គ្រងខ្លួនឯងបែបនេះបានលុះត្រាតែយើងម្នាក់ៗដឹងឱ្យច្បាស់ពីគោលដៅក្នុងការប្រើប្រាស់បណ្តាញសង្គម និងឧបករណ៍ទាំងអស់នោះហើយរបស់ទាំងឡាយណាដែលខុសពីតម្រូវការរបស់យើង យើងមិនធ្វើឱ្យវាក្លាយជាមេរោគនៃជីវិតឡើយ។ចំណុចសំខាន់មួយផ្សេងទៀត គឺការគ្រប់គ្រងលើសញ្ញា (notification) ដែលតែងតែជំរុញយើងគ្រប់ពេលឱ្យប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើន ហើយបើកមើលវានៅពេលដែលយើងចង់មើលតែប៉ុណ្ណោះ កុំឱ្យវាអូសទាញយើងបានគ្រប់ពេលរហូតដល់បាត់បង់ពេលសម្រាក៕