រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជា និងជំរុញប្រតិភូធុរជនមកពីតំបន់កំពង់ផែឡូសអែនជឺលេស សហរដ្ឋអាមេរិកឱ្យធ្វើការវិនិយោគលើការកែច្នៃ និងអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលខ្មែរទៅជាផលិតផលម្ហូបអាហារ និងទំនិញប្រើប្រាស់ផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
កិច្ចជំរុញការវិនិយោគលើការកែច្នៃកសិផលនេះ ធ្វើឡើងកាលពីថ្ងៃទី24 ខែមករា ឆ្នាំ2019 នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ និងប្រតិភូធុរជនអាមេរិក ដឹកនាំដោយលោក ណ័រមេន អារីកាវ៉ា (Norman Arikawa) ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់កំពង់ផែឡូសអែនជឺលេស។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានពន្យល់ប្រតិភូធុរជនអាមេរិកថា សក្តានុពលនៃវិស័យកសិកម្ម និងកម្មន្តសាលរបស់ប្រទេសកម្ពុជាមានច្រើនមុខដែលវិនិយោគិនបរទេសអាចធ្វើការវិនិយោគទាញយកប្រាក់ចំណេញខ្ពស់តាមរយៈការកែច្នៃវត្ថុធាតុដើមទៅជាទំនិញប្រើប្រាស់ និងនាំចេញទៅកាន់ប្រទេសទី3។
ឯកឧត្តម បានបញ្ជាក់ថា៖«កម្ពុជាសម្បូរទៅដោយភោគផលជាច្រើនដូចជា ស្រូវ និងដំឡូងមី ប៉ុន្តែយើងត្រូវការវិនិយោគិនជួយកែច្នៃកសិផលទាំងនេះឱ្យទៅជាទំនិញប្រើប្រាស់ និងផលិតផលសម្រេច ហើយលោកអ្នកក៏អាចដាក់ទុនផលិតសម្លៀកបំពាក់ និងកាបូបដាក់សម្ភារធ្វើដំណើរ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ»។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនតាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយវិនិយោគ និងបើកចំហរល្អជាងគេនៅក្នុងតំបន់ រួមជាមួយការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាតំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងផ្លូវដែក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍ ជាដើម។
លោក ណ័រមេន អារីកាវ៉ា បានសម្តែងក្តីរំភើបចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានពន្យល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចែករំលែកនូវព័ត៌មានល្អៗទាក់ទិននឹងឱកាសវិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។
លោកប្រធានគណៈប្រតិភូក៏បានសន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅកាន់តំបន់កំពង់ផែឡូសអែនជឺលេស ដើម្បីកៀរគរធុរជនអាមេរិកឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា៕