ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោននៅក្នុងឆ្នាំ2018 កន្លងទៅនេះ ដោយទទួលបានចំណូលជិត 300លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី28 ខែមករា ឆ្នាំ2019។
យោយតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ2018 បរិមាណជ័រកៅស៊ូដែលត្រូវបានបញ្ចេញលក់មានចំនួនសរុបប្រមាណ 217,500តោន ដែលចំនួននេះមានការកើនឡើងចំនួន 28,667តោន ស្មើនឹង15% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2017។
សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ2018 កន្លងទៅនេះ មានតម្លៃ 1,319ដុល្លារក្នុង1តោន តម្លៃនេះបានធ្លាក់ចុះ 262ដុល្លារក្នុង1តោន ស្មើនឹង17%។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ លោក សេង សក្កា បានមានប្រសាសន៍ថា ដោយមានកិច្ចសហការវិនិយោគរវាងប្រទេសទាំង2 កម្ពុជា-វៀតណាម ក្នុងនោះសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា មានប្រមាណជា 19ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើការដាំដុះដំណាំ កសិ-ឧស្សាហកម្ម កៅស៊ូនៅលើផ្ទៃដីប្រមាណជា 10ម៉ឺនហិកតា នៅកម្ពុជា។
លោក សេង សក្កា បានឱ្យដឹងដែរថា ក្រុមហ៊ុនវៀតណាម ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើការដាំដុះដំណាំកសិ-ឧស្សាហកម្ម កៅស៊ូនៅលើផ្ទៃដីប្រមាណជា 10ម៉ឺនហិកតានេះ មានទីតាំងស្ថិតក្នុងខេត្ត7 រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគីរី ដែលបានចំណាយដើមទុនប្រមាណជា 800លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បច្ចុប្បន្នបណ្តាក្រុមហ៊ុនឧស្សាហកម្មកៅស៊ូទាំង 19ក្រុមហ៊ុននោះ បានប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកប្រមាណជា 1ម៉ឺន 5ពាន់នាក់ និងបន្តត្រូវការកម្មកររហូតជាង 4ម៉ឺននាក់ទៀតក្នុងឆ្នាំ2020។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន 436,682ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង 20ម៉ឺនហិកតា ដែលបានកើនឡើងចំនួន 4,812ហិកតា។
នៅក្នុងឆ្នាំ2017 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 20ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណជិត 300លានដុល្លារអាមេរិកដែលជ័រកៅស៊ូកម្ពុជាត្រូវបាននាំចេញទាំងស្រុងទៅកាន់ប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី៕