កាលពីថ្ងៃចន្ទ ទី28 ខែមករា ឆ្នាំ2019 នាវរលាម៉ោង 2 រសៀល សាលាវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក បានរៀបចំកម្មវិធីបុណ្យនានិទាឃរដូវ ឬពិធីបុណ្យចូលឆ្នាំចិន ក្រោមប្រធានបទសក្តានុពលភាសាចិន។
ក្រុមហ៊ុនវ៉េស្ទឡាញគ្រុបដែលមានសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ រៀបចំពិធី« បុណ្យនានិទាឃរដូវ » នេះឡើងក្នុងគោលបំណងស្វែងបន្ថែមអំពីវប្បធម៌ និងប្រពៃណីរបស់ជនជាតិចិន ដែលជាទូទៅគេប្រព្រឹត្តទៅក្នុងខែមករា និងកុម្ភៈ ហើយពិធីបុណ្យចូលឆ្នាំចិនទៀតសោត នៅក្នុងឆ្នាំនេះគឺចំខែ កុម្ភៈតែម្ដង។ លោក លន់ ភារិន នាយកសិក្សាធិការនៃសាលារៀនវ៉េស្ទឡាញន៍ បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានរៀបចំកម្មវិធីបុណ្យនានិទាឃរដូវនេះ ក្នុងបំណងឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមអំពីសក្តានុពលភាសាចិន និងទំនៀមទំលាប់ជនជាតិចិន ជាពិសេសគឺ អត្ថន័យនៃបុណ្យចូលឆ្នាំចិន ព្រោះថា បច្ចុប្បន្នភាសាចិន កំពុងតែក្ដោបសក្ដានុពលខ្លាំងលើជំនួញធុរៈកិច្ច ដែលនាំឱ្យការប្រើប្រាស់ភាសាចិន ជាភាសាធុរៈកិច្ច។
លោកបានបន្ថែមទៀតថា កម្មវិធីខាងលើនេះមិនត្រឹមតែមានការសម្ដែងរបស់ប្អូនៗសិស្សនុសិស្សតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែ ក៏បានលើកកម្ពស់ឱ្យប្អូនៗបានធ្វើបទបង្ហាញបញ្ចេញសមត្ថភាពនិយាយភាសាចិនបានយ៉ាល្អប្រសើរថែមទៀតផង ក្រោយពីបានចំណាយពេលសិក្សាភាសាចិននៅសាលាយើងខ្ញុំ។ លោកថា ក្នុងការជំរុញការសិក្សាភាសាចិនឱ្យកាន់តែខ្ពស់ជាងមុន សាលារៀនយើងខ្ញុំបានបន្ថែមថ្នាក់សិក្សាភាសាចិនតាំងពីថ្នាក់កុមារ និងពេញម៉ោង-ក្រៅម៉ោង ពីលើកម្មវិធីសិក្សាចំណេះទូទៅជាភាសាខ្មែរ។ ពោលគឺ ក្រៅពីការសិក្សាកម្មវិធីគោលជាភាសាខ្មែរ និងអង់គ្លេស គឺមានភាសាចិនបន្ថែមទៀត ព្រោះយើងមើលឃើញថា ប្រទេសកម្ពុជា មានទីផ្សារ និងអ្នកជំនួញ សុទ្ធសឹងតែប្រើប្រាស់ភាសាចិន ហើយមិនថាតែខ្មែរយើងទេ សូម្បីតែសាកលលោកក៏បានប្រើប្រាស់ភាសានេះ ក្នុងការធ្វើជំនួញផងដែរ។
នាយកសិក្សាធិការនៃសាលារៀនវ៉េស្ទឡាញន៍រូបនេះបានបញ្ជាក់ទៀតថា សាលារៀនវ៉េស្ទឡាញន៍មានចក្ខុវិស័យពង្រឹងធនធានក្នុងសាលា ក្នុងការសិក្សាភាសាចិនឱ្យច្បាស់លាស់ ដើម្បីទាក់ទាញអ្នកជំនួញហ៊ុនធំៗ និងអ្នកវិនិយោគឱ្យចូលមកក្នុងប្រទេសកម្ពុជា ហើយមានភាពងាយស្រួលក្នុងការទំនាក់ទំនង ដើម្បីឱ្យប្រទេសមានសក្ដានុពលក្នុងផ្នែកធុរៈកិច្ច និងពង្រីងវិស័យនេះទៅក្រៅប្រទេសផងដែរ៕