ជារៀងរាល់ឆ្នាំចាប់ពីខែឧសភារហូតដល់ខែកក្កដា កសិករដែលដាំធុរេនមានការរីករាយសប្បាយចិត្តណាស់ ក្នុងការប្រមូលផលធុរេនយកមកលក់នៅលើទីផ្សារ ប៉ុន្តែអតិថិជននៅតាមទីប្រជុំជនវិញ មានការលំបាកខ្លាំងក្នុងការរកទិញធុរេនធម្មជាតិរបស់ខ្មែរយកមកពិសា ដូច្នេះដើម្បីឱ្យបានដឹងច្បាស់យើងនាំគ្នាមកមើលពីវិធីសាស្រ្តងាយៗ ក្នុងការពិនិត្យមើលថា តើណាមួយជាធុរេនធម្មជាតិក្នុងស្រុក ឬធុរេននាំចូលពីក្រៅស្រុកដូចជាប្រទេសថៃ ឬវៀតណាមជាដើម?
លោក ស្រ៊ន គឹមស្រេង អាជីវករលក់ធុរេនធម្មជាតិ តាមបណ្តាញសង្គមហ្វេសប៊ុក មានប្រសាសន៍ថា ធុរេនធម្មជាតិរបស់ខ្មែរមានលក្ខណៈខុសពីធុរេននាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម ធុរេនរបស់ខ្មែរមានសម្បករាងក្រាស់បន្តិច ពេលពុះរួចចូរ ពិនិត្យទៅលើគែមសម្បកខាងក្រៅ នឹងឃើញមានពណ៌ខៀវស្រស់ ចំណែកទងរបស់វាមានថ្នាំងពីរកង់ ហើយពេលដែលវាទុំខ្លាំង ថ្នាំងទី1 នឹងជ្រុះបាត់នៅសល់តែថ្នាំងទី2 ប៉ុណ្ណោះ នោះគឺអាចសម្គាល់ថា ជាធុរេនខ្មែរដែលទុំអាចពិសាបានហើយ។
លោកបន្តថា សម្រាប់ធុរេននាំចូលពីប្រទេសថៃវិញនៅលើទងមានថ្នាំងខ្លះដែរ តែភាគច្រើនមានថ្នាំងតែ 1 ប៉ុណ្ណោះ ចំណែកសម្បកវារាងស្តើង ពេលដែលពុះរួចពិនិត្យទៅលើគែមសម្បកខាងក្រៅនោះមានពណ៌លឿងថ្លា មិនខៀវស្រស់ដូចធុរេនខ្មែរនោះទេ។ ចំណែកធុរេនវៀតណាម ក៏មានលក្ខណៈស្រដៀងគ្នានឹងធុរេននាំចូលពីប្រទេសថៃដែរ តែភាគច្រើននៅលើទងមិនមានថ្នាំងនោះទេ។
គួរបញ្ជាក់ថា លោក គឹម ស្រេង នាំចូលធុរេនពីភូមិបែកអន្លង់ និងស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម ចែកចាយនៅលើទីផ្សារតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងក្រុងភ្នំពេញ។ លោកថា ឆ្នាំនេះធុរេនរាងយឺតខែបន្តិចមិនទាន់សម្បូរខ្លាំងនៅឡើយ ហើយជួនកាលទុំមិនទាន់ម៉ូយកុម្ម៉ង់ទៀតផង ដោយលក់ក្នុងមួយគីឡូក្រាមតម្លៃ 23000រៀល។ យ៉ាងណាក៍ដោយ នៅពេលធុរេនផ្តល់ផលច្រើនប្រហែលជាកន្លះខែទៀតនេះ លោកនឹងដាក់លក់នៅស្តង់កែងស្តុបបូកគោត្រង់ហ្ការ៉ាស់ឡានហាក់ស្រ៊ុន ក្នុងក្រុងភ្នំពេញ៕