កាលពីយប់ថ្ងៃទី26 ខែមករា ឆ្នាំ2019 លោកសូ ស្រណោះ បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ បង្ហាញពីជ័យជម្នះរបស់ក្រុម បន្ទាប់ពីកូនសិស្សរបស់លោកមួយក្រុម ទៅប្រកួតតន្ត្រី និងចម្រៀងអាស៑ានបូក2 នៅប្រទេសវៀតណាម។ បើទោះជាមិនបានពានជើងឯកចំណាត់ថ្នាក់លេខ1 ប៉ុន្តែលោកថាលទ្ធផលដែលបានស្ដែង គឺក្រុមកម្ពុជាមិនខុសពីជាប់ចំណាត់លេខ1នោះទេ ជាពិសេសបើគិតត្រឹមតែការប្រកួតលើវិញ្ញាព្យាណូ។
លោក សូ ស្រណោះ បានថ្លែងក្នុងពិធីជប់លៀងអបអរជ័យជម្នះរបស់ក្រុម នៅភោជនីយដ្ឋានទន្លេបាសាក់២ថា ចាត់ទុកថាជាលើកទី1 ដែលក្រោយបញ្ចប់ការប្រកួតក្រុមតន្ត្រីរបស់ស្រណោះតន្ត្រី ហើយក្រុមកម្ពុជា ទទួលបានមេដាយមាសចំនួន11 មេដាយប្រាក់28 និងមេដាយសំរិទ្ធិ2 ក្នុងចំណោមវិញ្ញាសារដែលកម្ពុជាចូលរួមប្រកួត។ ក្នុងចំណោម12ប្រទេស លោករំលឹកថាកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់ Champion លេខ2 បន្ទាប់ពីម្ចាស់ផ្ទះវៀតណាមប៉ុណ្ណោះ ដោយសារតែវៀតណាមគេមានមេដាយមាសនាំមុខកម្ពុជា។
យ៉ាងណាមិញ លោកថាបើធៀបនឹងវិញ្ញាសារផ្នែកព្យាណូ គឺក្រុមកម្ពុជាទទួលបានមេដាយមាសច្រើនជាង ទើបលោកបានចាត់ទុកថាកម្ពុជាទទួលបានលទ្ធផលល្អជាង ដោយសារតែវៀតណាមជាម្ចាស់ផ្ទះ គេមានអទិភាព ហើយគេនាំមុខមេដាយមាសលើកក្រុមកម្ពុជាតែលើវិញ្ញាសារជាក្រុម ឬ Band ប៉ុណ្ណោះ។ ដូច្នេះហើយទើបលោកគិតថា កម្ពុជាជោគជ័យនាំមុខគេលើឆាកអន្តរជាតិ ដោយសារតែលោកចង់ក្ដោបក្ដាប់ពានលើវិញ្ញាសារព្យាណូនាំមុខប្រទេសដែលចូលរួមប្រកួតប៉ុណ្ណោះ។ លោកនិយាយថា «ការប្រកួតនឹងក្រៅពីមេដាយ គេឱ្យពានជើងឯកលេខ1 និងលេខ2 មួយទៀត សម្រាប់ប្រទេសដែលមានមេដាយមាសសរុបបានច្រើនជាងគេ ហើយក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ2បន្ទាប់ពីម្ចាស់ផ្ទះ ប៉ុន្តែបើគិតលើវិញ្ញសាសព្យាណូដែលខ្ញុំធ្លាប់រំពឹងថានឹងយកពានជើងឯកបាន គឺដូចតែលេខ1ចឹង ព្រោះក្នុងកម្មវិធីនឹងយើងដណ្ដើមបានមេដាយមាសច្រើនជាងគេលើវិញ្ញសារនឹង ហើយប្រទេសទាំង12 សូម្បីតែវៀតណាមក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពក្រុមយើង!»។
លោក សូ ស្រណោះ បន្តថា កូនសិស្សពីកម្ពុជាដែលលោកបញ្ជូនទៅមានចំនួន40រូប ហើយលោកក៏មិននឹកស្មានថាក្រុមរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ល្អបែបហ្នឹងនោះដែរ ជាពិសេសសម្រាប់វិញ្ញាសារព្យាណូ ដែលនៅប្រទេសកម្ពុជាទើបតែមានការកកើតនោះ។ លោកថាពិធីជប់លៀងដែលបានធ្វើឡើង គឺជាការលើកទឹកចិត្តដល់សិស្សទាំងអស់ ហើយក៍ជាការបង្ហាញដល់សាធារណជនទាំងអស់ ឱ្យស្គាល់ពីតម្លៃនៃការប្រឹងប្រែងរបស់កូនសិស្សរបស់លោក។ ក្នុងពិធីនោះ ក៏លោកបានអញ្ជើញមាតាបិតាសិស្ស និងភ្ញៀវកិត្តិយសមួយចំនួនឱ្យចូលរួមផងដែរ៕