សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី29 ខែមករា ម្សិលមិញ ឱ្យមន្ត្រីនៅមូលដ្ឋានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសចូលឆ្នាំចិន និងវៀតណាមនេះឱ្យបានល្អ។
នៅក្នុងសេចក្តីជូនដំណឹងនោះ សាលារាជធានីបានធ្វើការណែនាំដល់មន្ទីរអង្គភាពទាំងអស់ចំនួន 7ចំណុចសំខាន់ៗដូចជា៖
ទី1- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ ហាមមិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និងរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីត្រូវសុំការអនុញ្ញាតជាមុន។
ទី2- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយ មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុចទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំដីដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
ទី3- ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យនិងដកហូតវត្ថុទាំងនោះ បើមានតាំងលក់គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
ទី4- គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
ទី5- មន្ទីរធម្មការ និងសាសនារាជធានីត្រូវអញ្ជើញសមាគមចិន និងវៀតណាម មកដើម្បីផ្សព្វផ្សាយជូននូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
ទី6- ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឱ្យបានម៉ឹងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
ទី7- ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើស បង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕