ដំណាំក្រូចពោធិ៍សាត់ដែលធ្លាប់សម្បូរនៅខេត្តបាត់ដំបង ជាផ្លែក្រូចដែលមានសម្បកស្ដើង សាច់ ឬក្លែបធំល្អ និងមានរសជាតិជូរអែមឆ្ងាញ់ដែលធ្លាប់មានវត្តមាននៅលើទីផ្សារ ហើយអ្នកហូបជាប់ចិត្តនោះ បច្ចុប្បន្នភាគច្រើនជាក្រូចរបស់កសិករនៅខេត្តពោធិ៍សាត់ ដោយមានប្រជាពលរដ្ឋកាន់តែច្រើនឡើងនាំគ្នាដាំដំណាំហូបផ្លែមួយនេះ ជាពិសេសមានចម្ការធំៗនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
ដំណាំក្រូចពោធិ៍សាត់នៅក្នុងស្រុកភ្នំក្រវាញតែងហុចផលល្អខ្លាំងណាស់ ព្រោះដំណាំប្រភេទនេះចាប់ផ្ដើមទទួលបានផល ក្រោយពីដាំបានរយៈពេល 4ឆ្នាំ ហើយវាមានអាយុកាល 9ឆ្នាំ ឬអាចបានយូរជាងនេះ អាស្រ័យលើការថែទាំ និងរបៀបដាំដុះរបស់កសិករតាមតំបន់នីមួយ។ នេះបើតាមការឱ្យដឹងពីកសិករដាំដំណាំក្រូចពោធិ៍សាត់នៅខេត្តពោធិ៍សាត់។
កសិករម្នាក់នៅភូមិពាម ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកស្រី មួន ចាន់ធា បានចែករំលែកបទពិសោធដាំដើមក្រូចពោធិ៍សាត់ផ្ទាល់ខ្លួនថាក្រូចពោធិ៍សាត់អាចដាំបាននៅលើដីកណ្ដេងព្រោះមិនជាំទឹក និងមានប្រភពទឹកនៅក្បែរដើម្បីស្រោចស្រព។ រណ្ដៅសម្រាប់ដាំកូនក្រូច ត្រូវជីកទំហំ4តឹក4ជ្រុង និងមានជម្រៅ 4តឹកដូចគ្នា បន្ទាប់មកត្រូវប្រមូលសំរាមដាក់ក្នុងរណ្ដៅដុតបំពក់បាតរណ្ដៅឱ្យបានកន្លះខែមុននឹងដាក់ដាំ។ ក្នុងករណីមិនប្រើថ្នាំ ជី ឬថ្នាំការពារ អាចនឹងមានសត្វល្អិតស៊ីឫសកូនដើមក្រូចនៅតាមបាតរណ្ដៅ។
នៅពេលដាំ កសិករត្រូវប្រើជីធម្មជាតិដែលប្រមូលបានពីជុំវិញផ្ទះ ឬជីផលិតពីរោងចក្រដើម្បីដាក់ទ្រាប់បាតរណ្ដៅ រួចសឹមដាក់កូនក្រូចចូល ហើយលុបដីជុំវិញគល់ឱ្យណែនល្អ និងត្រូវស្រោចទឹកឱ្យបានជោកជាំ។ នៅពេលក្រូចបានអាយុ 6ខែ ឬ 1ឆ្នាំ កសិករត្រូវធ្វើស្មៅនៅតាមគល់វាដោយជម្រះ ឬដកចេញដោយដៃ មិនត្រូវកាប់ ឬភ្ជួរដែលអាចបណ្ដាលឱ្យដាច់ឫស ធ្វើឱ្យកូនដើមក្រូចអន់មានសុខភាពមិនល្អ និងកូនក្រូចខ្លះអាចងាប់ទៀតផង។
លោកស្រីបានបន្ថែមថា៖ “បើយើងមានថវិកា យើងទិញជីដាក់ទ្រាប់បាត ហើយរំលងបានមួយខែបន្ទាប់ពីដាំរួច ត្រូវចាប់ផ្ដើមជីដាក់តាមគល់កូនដើមក្រូច ដោយពេលកូនក្រូចនៅតូច យើងដាក់ត្រឹមកន្លះគីឡូក្រាមក្នុងមួយគុម្ព។ ដល់ធំឡើងបានអាយុ 1ឆ្នាំ ឬ 2ឆ្នាំ ត្រូវដាក់ 1គីឡូក្រាមក្នុង 1ដើម។ ដល់វាធំដូចបច្ចុប្បន្ននេះ ក្នុង 1ឆ្នាំគេដាក់ជី 2សារៀងរាល់ 5ខែ និងខែ10 ម្ដង។ ខ្ញុំប្រើជីដែលល្អ ហើយជីនោះគឺជាជីធម្មជាតិ”។
អ្នកស្រី មួន ចាន់ធា បញ្ជាក់ថា ការលះសម្អាតមែកក្រូច និងសម្អាតស្មៅនៅតាមគល់ដើមក្រូច ត្រូវធ្វើជាប្រចាំ “យើងកាត់ស្មៅចាំងគល់(ជម្រះស្មៅនៅតាមគល់ក្រូច)ឱ្យបានល្អ ហើយធ្វើកំពែងឱ្យវា ហើយចាប់ផ្ដើមបាញ់ទឹកដាក់។ ក្នុងមួយខែត្រូវធ្វើម្ដង វាមានផលប្រយោជន៍ដល់ដើម និងឫសដើម្បីស្រូបយកទៅចិញ្ចឹមស្លឹកឱ្យបានល្អ”។
អ្នកស្រី ចាន់ធា បានបញ្ជាក់ទៀតថា៖ “បើកសិករមើលថែទាំដើមក្រូចបានល្អនោះ រយៈពេល3ឆ្នាំក្រោយពេលដាំ ក្រូចនឹងចាប់ផ្ដើមផ្កា និងហុចផលជាបណ្ដើរៗ ប៉ុន្តែពេលនោះ គេមិនគួរបណ្ដោយឱ្យក្រូចផ្លែរាប់រយផ្លែ ក្នុង1ដើមនោះទេ ព្រោះដើមក្រូចអាយុ 3ឆ្នាំនៅខ្ចីណាស់ អាចប្រឈមនឹងការរលើងឫស អន់ដើម ឬងាប់ជាដើម។ ក្នុងរយៈពេលនេះ កសិករត្រូវដាក់ជីធម្មជាតិ 1គីឡូក្រាមក្នុងមួយដើម ចម្ងាយកន្លះម៉ែត្រជុំវិញគល់ក្រូច ដើម្បីបំប៉នឫស និងដើម”។
ដល់គ្រប់អាយុ 4ឆ្នាំ ក្រូចពោធិ៍សាត់ចាប់ផ្ដើមផ្ដល់ផលពេញដៃតែម្ដង ដោយក្នុង 1ឆ្នាំផ្ដល់ផលបាន2ដង។ តែទោះជាយ៉ាងណា កសិករក៏មិនគួរទុកឱ្យវាផ្លែជ្រែកពេញដើមពេក ដែលនាំឱ្យផ្លែមិនសូវធំ និងមិនសូវមានទឹកល្អ ឬដើមចុះខ្សោយនៅរដូវប្រមូលផលក្រោយៗទៀត។ ស្របពេលគ្នានោះ កសិករត្រូវបន្តរក្សាការស្រោចទឹក បន្ថែមជី និងជម្រះស្មៅតាមគល់ជាប់ជានិច្ច ហើយត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃកុំឱ្យវាមូរស្លឹក ឬទិចក្ដិបផ្លែក្រូចបណ្ដាលឱ្យស្អុយខូចទិន្នផល។
បច្ចុប្បន្ន អ្នកស្រី ចាន់ធា មានក្រូចចំនួន 1,700ដើមក្នុងផ្ទៃដី 4ហិកតា ដែលអ្នកស្រីកំពុងប្រមូលផល។ ក្រូចទាំងនេះ អ្នកស្រីបានម៉ៅទៅឱ្យឈ្មួញក្នុងឆ្នាំ 2ដង និងលក់ជាបន្ទាប់បន្សំទៀត។ ចំណែកឯតម្លៃលក់រាយវិញ គឺ1ឡូ ឬ 12ផ្លែ លក់បានចន្លោះពី8ពាន់ ទៅ1ម៉ឺន 6ពាន់រៀល។ បើលក់គិតជាផ្លូន (40ផ្លែ)គឺក្នុង 1ផ្លូនលក់បាន 25,000រៀល ទៅ 30,000រៀល ដោយកាលពីពេលមុន អ្នកស្រីក៏ធ្លាប់ដឹកនទៅលក់នៅផ្សារនាគមាស នៅទីក្រុងភ្នំពេញផងដែរ។
អ្នកស្រី ចាន់ធា បាននិយាយមួយៗទាំងទឹកមុខញញឹមថា៖“ពីដើម បើគេចង់ទិញក្រូចពោធិ៍សាត់ គេទៅទិញនៅខេត្តបាត់ដំបង តែឥឡូវគេបើចង់ទិញក្រូចពោធិ៍សាត់ គេអាចទិញនៅខេត្តពោធិ៍សាត់បានហើយ ព្រោះកសិករជាច្រើនបាននាំគ្នាបង្កើនការដាំក្រូចពោធិ៍សាត់នេះបានរាប់ពាន់ហិកតាឯណោះ និងមួយចំនួនបានចាប់ផ្តើមហុចផលជាបណ្តើរៗហើយទៀតផង”។
ចំពោះមហិច្ឆតានៃការធ្វើចម្ការក្រូចពោធិ៍សាត់នេះអ្នកស្រីបានប្រាប់ថា បច្ចុប្បន្នអ្នកស្រីបាន និងកំពុងពង្រីកការដាំដុះក្រូចពោធិ៍សាត់បន្ថែមទៀត ដែលជ្រើសរើសយកពូជដែលល្អដែលមាននៅក្នុង
ស្រុកស្រាប់មកដាំ ដោយបានពង្រីកផ្ទៃដីបានប្រមាណ
7ហិកតាទៀត ដែលក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើមក្រូចទាំងនោះនឹងផ្តល់ផល និងបន្ថែមប្រាក់ចំណូលដល់អ្នកស្រីជាក់ជាមិនខាន៕