ផ្សារគំរូនៅព្រំដែនកម្ពុជា-វៀតណាមលើកដំបូងឈ្មោះថា “ផ្សារដារ‟ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ជាប់ព្រំដែនខេត្តត្បូងឃ្មុំជាមួយខេត្តតៃនិញនៃប្រទេសវៀតណាមនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅអំឡុងខែមេសា ឆ្នាំនេះ។ នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សំណង់ផ្សារគំរូ ឬហៅថាផ្សារដារបានសាងសង់រួចប្រមាណជា 85ភាគរយហើយ បើផ្អែកតាមចុះត្រួតពិនិត្យសំណង់ផ្សារកាលពីថ្ងៃទី11 ខែមករា នៅខេត្តត្បូងឃ្មុំកាលពីពេលកន្លងទៅ។ លោកបន្តថា បើតាមផែនការ ផ្សារនេះនឹងត្រូវបញ្ចប់ក្នុងអំឡុងខែមីនា ឆ្នាំ2019 ខាងមុខនេះ ហើយនឹងសម្ពោធបើកដំណើរការនៅខែមីនាដដែល ឬមេសា ឆ្នាំហ្នឹងតែម្តង។
លោក វិចិត្រ បន្តថា នាពេលនេះមិនមានអាជីវករណាមួយត្រូវបានផ្តល់សិទ្ធិក្នុងការជួលតូបសម្រាប់លក់ផលិតផលរបស់ពួកគេទេ ដោយសារតែផ្សារកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។ លោកបានបន្ថែមថាបន្ទាប់ពីផ្សារសាងសង់រួច យើងនឹងប្រកាសជូនដំណឹងដល់គ្រប់អាជីវករដែលមានបំណងចង់ទិញតូបដើម្បីលក់ផលិតផលរបស់ពួកគេនៅក្នុងផ្សារដារនេះ។
លោក វិចិត្រ បានបញ្ជាក់យ៉ាងដូច្នេះថា៖“ផលិតផលដែលនឹងដាក់លក់នៅក្នុងផ្សារដារនេះមានដូចជា ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗ ឬផលិតផលកែច្នៃរបស់វៀតណាម‟។ លោកបន្តថា៖“ផ្សារគំរូនេះនឹងក្លាយជាកន្លែងសម្រាប់លក់ទំនិញកសិផលរបស់ប្រទេសកម្ពុជា និងវៀតណាម វានឹងដើរតួនាទីក្នុងការជំរុញវិស័យពាណិជ្ជកម្ម ហើយប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនឹងមានជីវភាពល្អប្រសើរឡើង ម្យ៉ាងវិញទៀត ផ្សារគំរូមួយនេះនឹងជួយឱ្យប្រទេសទាំង2ទទួលបានប្រយោជន៍ពីសក្តានុពលយ៉ាងពេញលេញពីប្រជាជនរស់នៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម‟។
បើតាមឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផ្សារគំរូនៅចំណុចព្រំដែនកម្ពុជា-វៀតណាមដែលមានឈ្មោះថា “ផ្សារដារ‟ នេះ មានទីតាំងនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយផ្សារនេះមានទំហំជិត 20,000ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ។
ឯកឧត្តម ម៉ៅ ថូរ៉ា មានប្រសាសន៍ថា ផ្សារនេះសាងសង់លើផ្ទៃដីប្រមាណជា 2ហិកតា ដែលចំណាយថវិកាអស់ប្រមាណជា 2លានដុល្លារ ជាការផ្តល់ជំនួយសាងសង់ពីរដ្ឋាភិបាលនៃប្រទេសវៀតណាម។ សំណង់ផ្សារដារបានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ2018 ដែលត្រូវចំណាយពេលប្រមាណ 12ខែ។
គួរបញ្ជាក់ដែរថា តាមគម្រោង ផ្សាដារនេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំង2 ឯកភាពគ្នាថានឹងចាប់ផ្តើមនៅឆ្នាំ2013 ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនដងរហូតដល់ឆ្នាំ2016។ ដោយឡែកនៅឆ្នាំ2017 មន្ត្រីរបស់កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការសាងសង់ផ្សារដារនេះឡើង។
ឯកឧត្តម ម៉ៅ ថូរ៉ា លើកឡើងថា ផ្សារគំរូនេះនឹងជួយសម្រួលទំនិញដែលដឹកតាមផ្លូវគោក រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា។ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមបណ្តោយព្រំដែន និងជួយដល់ពាណិជ្ជករនៅតាមព្រំដែននៃប្រទេសទាំង2 ឱ្យកសាងបណ្តាញឱ្យបានកាន់រឹងមាំ។
ឯកឧត្ដមបន្តថា ផ្សារគំរូនេះនឹងក្លាយជាកន្លែងបោះដុំទំនិញគ្រប់ប្រភេទរវាងកម្ពុជា និងវៀតណាមតាមបណ្តោយព្រំដែន។ ពាណិជ្ជករវៀតណាមអាចនាំទំនិញមកលក់នៅកម្ពុជាដោយយកផ្សារនេះជាទីតាំង ដោះដូរទំនិញជាមួយភាគីកម្ពុជា ខណៈពាណិជ្ជករកម្ពុជាអាចនាំយកទំនិញពីកម្ពុជាមកលក់ឱ្យវៀតណាម តាមរយៈផ្សារដារនេះដូចគ្នា ដោយទំនិញកម្ពុជាភាគច្រើនជាប្រភេទផលិតផលកសិផល ដោយឡែកទំនិញវៀតណាមជាប្រភេទផលិតផលឧស្សាហកម្ម និងម្ហូបអាហារ ជាដើម។
នៅពេលសួរថា តើភាគីខាងណាមួយបានចំណេញច្រើនពីផ្សារមួយនេះ ឯកឧត្តម ម៉ៅ ថូរ៉ា មានប្រសាសន៍ថា៖ “ភាគីទាំង2 នឹងចំណេញទាំងអស់គ្នា ដោយសារផលិតផលកសិកម្មរបស់កម្ពុជាអាចត្រូវបានពាណិជ្ជករវៀតណាមទិញយកធ្វើជាវត្ថុធាតុដើមសម្រាប់កែច្នៃ ឬទិញយកទៅវេចខ្ចប់ដើម្បីនាំចេញបន្តទៅប្រទេសផ្សេង ហើយនាពេលអនាគតកម្ពុជាក៏មានទំនិញប្រភេទឧស្សាហកម្មនេះផងដែរនៅក្នុងផ្សារនេះ‟។
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ធ្លាប់មានប្រសាសន៍ក្នុងពិធីបុកគ្រឹះសាងសង់ផ្សារដារនេះថា គោលបំណងនៃការបង្កើតផ្សារនេះ គឺដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែនដើម្បីលើកកម្ពស់ ជំរុញសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅក្នុងស្រុកដែលជាប់តាមបណ្តាយព្រំដែននៃប្រទេសទាំង2។
លោកថា វាជាទីកន្លែងសម្រាប់ទិញ-លក់ និងចរាចរណ៍ទំនិញឆ្លងកាត់ ដែលផលិតនៅខេត្តក្រចេះ កំពង់ចាម រតនគិរី មណ្ឌលគិរី ដើម្បីបំពេញតម្រូវការនៅប្រទេសវៀតណាម។ ដូចគ្នានេះដែរ វាជាទីតាំងងាយស្រួលសម្រាប់ប្រជាជនរស់នៅតាមបណ្តោយព្រំដែនដើម្បីឱ្យពួកគេអាចទៅផ្សារដើម្បីទិញ-លក់ទំនិញ។
លោកបានបន្តថា ផ្សារដារនឹងជួយធ្វើឱ្យការរស់នៅរបស់ប្រជាជនវៀតណាមកាន់តែប្រសើរឡើង ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តតៃនិញ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា។ លោកសង្ឃឹមថា ផ្សារដារនឹងក្លាយជាភ័ស្តុតាងក្នុងការអភិវឌ្ឍពាណិជ្ជកម្មនៅក្នុងតំបន់ទាំងមូល និងក្លាយជាគំរូដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ចាប់រវាងសេដ្ឋកិច្ចនៃប្រទេសទាំង2។
សូមបញ្ជាក់ថា ការនាំចេញរបស់ប្រទេសវៀតណាម និងកម្ពុជាមានប្រមាណជា 3.4ពាន់លានដុល្លារគិតត្រឹមរយៈពេល 11ខែក្នុងឆ្នាំ2018។ ដោយឡែកវៀតណាមជាប្រភពវិនិយោគទី5 របស់កម្ពុជាជាមួយទឹកប្រាក់វិនិយោគប្រមាណជា 3ពាន់លានដុល្លារក្នុងគម្រោងចំនួន 206គម្រោង ខណៈការវិនិយោគរបស់កម្ពុជាទៅវៀតណាមមានប្រមាណជា 18គម្រោងមានទឹកប្រាក់ 58លានដុល្លារអាមេរិក៕