លោកគ្រូពេទ្យបានប្រាប់ទៅអ្នកគ្រប់គ្រងទូទៅរបស់បវរកញ្ញា Miss Grand Thailand ថា នាងបានដឹងខ្លួនឡើងវិញហើយ តែមិនអាចចងចាំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានទេ និងនាងថែមទាំងបាក់ជើងទាំងសងខាងទៀតផង ដូច្នេះត្រូវរង់ចាំដល់រាងកាយរបស់នាងអាចកម្រើកបានឡើងវិញសិន ទើបអាចដឹងបានថា តើជើងរបស់នាងទាំងពីរអាចវះកាត់បានឬក៏អត់?
បវរកញ្ញាខាងលើមានឈ្មោះថា ណង ហ្វឺស រតនា រ៉ាមចាទុ អាយុ ១៩ ឆ្នាំ ជាបវរកញ្ញា Miss Grand Thailand មកពីខេត្ត ឧថៃថានី ប្រចាំឆ្នាំ ២០១៧ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលនាងបានបើករថយន្តទៅកាន់ទីក្រុងបាងកក ដើម្បីទៅបំពេញភារៈកិច្ចចំនួន ៤ ថ្ងៃ និងបានបាត់ដំណឹងរហូតដល់មានព័ត៌មានលេចឮឡើងថា នាងបានស្លាប៉បាត់បង់ជីវិតនៅថ្ងៃកើតហេតុនោះហើយ។
ព័ត៌មានចុងក្រោយនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញអ្នកគ្រប់គ្រងទូទៅរបស់តារាស្រីរូបនេះ បានចេញមកអះអាងថា នាងនៅរស់ទេ និងបានដឹងខ្លួនឡើងវិញហើយ ព្រមទាំងអាចនិយាយជាមួយគ្រូពេទ្យបានដូចធម្មតា គ្រាន់តែនាងមិនអាចចងចាំហេតុការណ៍ដែលបានកើតឡើងដែលបណ្ដាលឱ្យកើតគ្រោះថ្នាក់នោះបានទេ។ អ្នកគ្រប់គ្រងរូបនោះបានបន្ដទៀតថា នាងមានរបួសធ្ងន់ តែមិនបានបាត់បង់ជីវិតទេ គ្រូពេទ្យបានប្រាប់ថា នាងគ្មានឈាមកកក្នុងខួរក្បាលទេ តែមានរបួសធ្ងន់ធ្ងរនៅបរិវេណផ្ទៃមុខ និងបាក់ជើងទាំងសងខាង ។
គួរបញ្ជាក់ផងដែរថា ខណៈនេះសម្ពាធឈាមរបស់នាងស្ថិតនៅក្នុងកម្រិតធម្មតា ប៉ុន្ដែត្រូវរង់ចាំរហូតដល់សភាពរាងកាយមានភាពល្អប្រសើរឡើងវិញបន្ដិច និងអាចកម្រើកបាន ទើបត្រូវអាចសម្រេចចិត្តជាថ្មីថា តើត្រូវធ្វើការវះកាត់ជើងទាំងសងខាងរបស់នាងដែលរងគ្រោះធ្ងន់ធ្ងនោះឬយ៉ាងណា?៕