Skip to content

បើមិនចង់កើតជំងឺបាក់ទឹកចិត្ត​ (depression)ត្រូវ​សរសេរពីរឿងវិជ្ជមានឱ្យបានច្រើន

មនុស្សម្នាក់ៗរស់នៅក្នុងជីវិតដែលលាយឡំគ្នាជាមួយសេចក្តីសុខ និងសេចក្តីទុក្ខ ដែលបញ្ហាទាំងអស់នេះ​បានរុញច្រានមនុស្សឱ្យរស់នៅក្នុងស្ថានភាពឡើងចុះមិនទៀងទាត់។ កត្តានេះទាមទារជាចាំបាច់នូវការគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដើម្បីធានាថា យើងអាចរក្សាសេចក្តីសុខបាននៅគ្រប់ដំណាក់កាល​ កុំបណ្តែតបណ្តោយឱ្យខ្លួនឯងធ្លាក់ក្នុងសភាពសោកសៅ ឬមានវិបត្តិទៅតាមស្ថានការណ៍ធម្មតាៗមួយចំនួន រហូតបង្កើតបានជាទម្លាប់​សោកសៅ។

មានអ្នកខ្លះដោយសារតែមានទម្លាប់សោកសៅ និងអវិជ្ជមានច្រើនពេក​បានធ្វើឱ្យគាត់ក្លាយជាមនុស្សឆេវឆាវ ទន់ខ្សោយ ហើយ​កើតទុក្ខដោយមិនដឹងមូលហេតុ។ ចំណុចអវិជ្ជមានទាំងអស់នេះអាចអូសទាញឱ្យគាត់ក្លាយជាមនុស្ស​រស់នៅ​ដោយពឹងផ្អែកលើអារម្មណ៍រវើរវាយ ដែលពេលខ្លះ​គាត់មើលឃើញជីវិត​ងងឹតខ្លាំងជ្រុល រហូតរកច្រកចេញមិនឃើញក៏សម្លាប់ខ្លួនតែម្តង។

យោងតាមការស្រាវជ្រាវពី​ស្ថាប័នចិត្តសាស្ត្ររបស់អង់គ្លេស (British Journal of Health Psychology) បានបញ្ជាក់ថា ការសរសេរ​ពី​អារម្មណ៍វិជ្ជមានអាចជួយ​ដោះស្រាយបញ្ហាទាំងអស់នេះបាន។ ការស្រាវជ្រាវដដែលក៏បានបញ្ជាក់ពីចំណុចផ្ទុយផងដែរថា នៅពេលដែលយើងកត់ត្រាទុក​តែអារម្មណ៍​​អវិជ្ជមាន វានឹងធ្វើឱ្យ​អារម្មណ៍របស់យើងដិតដាមជាមួយនឹងភាពសោកសៅកាន់តែខ្លាំង ហើយវាអាចប៉ះពាល់​ដល់សុខភាពផ្លូវចិត្តកាន់តែខ្លាំង។

ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងដោយមានអ្នកចូលរួម​ប្រមាណ 71នាក់ ដែលមានអាយុ​ចាប់ពី 19ឆ្នាំ ដល់ 77ឆ្នាំ។ បន្ទាប់មក​អ្នកជំនាញបានបែងចែកអ្នកចូលរួមទាំងអស់ជា 2ក្រុម ដោយ​ក្នុងនោះ​អ្នកចូលរួម 37នាក់ត្រូវបានគេតម្រូវឱ្យសរសេរពី​បទពិសោធ​ល្អៗក្នុងជីវិត ប្រមាណ 20នាទី ក្នុងរយៈពេល 3ថ្ងៃជាប់គ្នា។ ចំពោះអ្នកចូលរួម​ចំនួន 34នាក់ផ្សេងទៀត ត្រូវបានតម្រូវឱ្យសរសេរពីប្រធានបទធម្មជាតិ ក្នុងរយៈពេលដូចគ្នា។

ជាលទ្ធផល​បានបង្ហាញឱ្យឃើញថា កម្រិតនៃភាពធុញថប់របស់អ្នកចូលរួមដែលសរសេរពី​រឿងល្អៗមានការថយចុះច្រើនជាងអ្នកដែលសរសេរពីធម្មជាតិ។ អ្នកចូលរួមក៏បាន​ផ្តល់របាយការណ៍ផងដែរអំពីកម្រិតនៃការស្ត្រេស អារម្មណ៍ធុញថប់ និង​ស្ថានភាពផ្លូវចិត្តផងដែរក្នុងរយៈពេល 4សប្តាហ៍ក្រោយពេលធ្វើតេស្តសរសេរនេះ ហើយមនុស្សម្នាក់ៗមានស្ថានភាពល្អប្រសើរ និងមានអារម្មណ៍ថា ការរស់នៅមានតុល្យភាពជាងពេលមុន​ចូលរួមកម្មវិធី។

យុវវ័យកម្ពុជាគួរចាប់អារម្មណ៍លើទម្លាប់សាមញ្ញៗទាំងអស់នេះដើម្បីលើកទឹកចិត្តខ្លួនឯង ហើយដកឃ្លាចេញពីភាព​សោកសៅ​ដែលកើតឡើងដោយហេតុផល​មិនសមស្របមួយចំនួនដូចជា​ការមើលរឿងអាក្រក់​ៗក្នុងបណ្តាញសង្គម បណ្តែតអារម្មណ៍ (drama) ជ្រុលហួសហេតុ និង​​ចែករំលែកតែរឿងកើតទុក្ខជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *