គ្រោងអគារ Gold Tower 42 ជាន់បានបញ្ចប់ការសាងសង់ហើយកាលពីថ្ងៃចន្ទ (ទី២៨ មករា) បន្ទាប់ពីសំណង់អគារមួយនេះត្រូវបានពន្យារពេលសាងសង់បន្តអស់ជាច្រើនឆ្នាំកន្លងមក។
ក្រុមហ៊ុន Yon Woo Cambodia ដែលជាក្រុមហ៊ុនកាន់កាប់អគារ Gold Tower 42 ជាន់នេះ បានចុះកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅជាមួយក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និងក្រុមហ៊ុនវិស្វកម្មសំណង់ Hongtao Weimin ក្នុងការទទួលខុសត្រូវបញ្ចប់គម្រោងនេះ។
សំណង់អគារ 42ជាន់ ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញត្រង់ចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ2008 ហើយបានពន្យារពេល 3ដងមកហើយ ពោលគឺ ម្តងនៅក្នុងឆ្នាំ 2009 ដោយសារតែវិបត្តិហិរញ្ញវត្ថុសកល និងម្តងទៀតនៅឆ្នាំ2012។ បន្ទាប់មកសំណង់នេះបានសាងសង់ឡើងវិញនៅឆ្នាំ 2013 ក្រោយមកបានបញ្ឈប់ទៅវិញម្តងទៀតនៅឆ្នាំ2017។
ក្រុមហ៊ុន Yon Woo Cambodia ធ្លាប់បានប្រកាសកាលពីឆ្នាំ2018 ថា សំណង់អគារ 42 ជាន់នេះបានចំណាយទុនវិនិយោគអស់ប្រមាណជា 100លានដុល្លារអាមេរិករួចមកហើយ ហើយទឹកប្រាក់ជាង 140លានដុល្លារអាមេរិកទៀតនឹងត្រូវវិនិយោគបន្ថែមដើម្បីបញ្ចប់គម្រោងទាំងមូល។
ដោយឡែកកាលពីថ្ងៃទី28 ខែមករាម្សិលមិញនេះ គម្រោងសាងសង់ Gold Tower 42 ជាន់នៅប្រទេសកម្ពុជាដែលបានចុះហត្ថលេខាសាងសង់បញ្ចប់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ Hongtao Weimin (ខេមបូឌា) បានធ្វើការបញ្ចប់គ្រោងអគារនេះផ្នែកខាងក្រៅជាផ្លូវការហើយ៕