ផ្កាអង្គារសិល្ប៍ ជាផ្កាដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងឱកាសរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម ព្រោះផ្កានេះត្រូវបានគេជឿថា ជាផ្កាដែលមានឥទ្ធិពលល្អសម្រាប់នាំមកនូវសេចក្តីសុខ ហើយបញ្ចៀសរឿងរ៉ាវអាក្រក់ដែលអ្នកដទៃប៉ងមកលើយើងឱ្យក្លាយជាលាភ។
នៅប៉ុន្មានថ្ងៃនេះ អាជីវកររកស៊ីលក់មែកដើមផ្កាមួយនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បានសម្រុកប្រមូលទិញដើមផ្កាអង្គារសិល្ប៍ពីខេត្តឆ្ងាយៗ ជាពិសេសខេត្តពោធិ៍សាត់ ដែលជាតំបន់សម្បូរព្រៃភ្នំ និងជាកន្លែងល្អសម្រាប់ការដុះលូតលាស់របស់ដើមផ្កាអង្គារសិល្ប៍។
ស្របពេលដែលអាជីវករកំពុងមមាញឹកក្នុងការដឹកជញ្ជូន លោក តុលា ដែលជាអាជីករម្នាក់ក្នុងចំណោមអាជីវករជាច្រើននាក់ផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ បានត្អូញត្អែរថា អាជីវកម្មលក់មែកដើមផ្កាអង្គារសិល្ប៍បច្ចុប្បន្ននេះមិនដូចពីមុននោះទេ ព្រោះមានឧបសគ្គជាច្រើនដែលធ្វើឱ្យពិបាកលក់។
លោក តុលា បាននិយាយថា ដោយសារតែបច្ចុប្បន្ននេះ ដីភ្នំ និងដីដែលប្រជាពលរដ្ឋតែងតែទៅកាប់ផ្កាអង្គារសិល្ប៍បានក្លាយទៅជាចម្ការ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនអស់ទៅហើយ ធ្វើឱ្យពួកគាត់មានការលំបាកក្នុងការចូលទៅកាប់ ឬកន្លែងខ្លះត្រូវគេឈូសឆាយអស់ទៀតផង។
អាជីវករដដែលបានលើកឡើងផងដែរថា ដោយចំនួនដើមផ្កាអង្គារសិល្ប៍ចេះតែហោចទៅៗ ធ្វើឱ្យអ្នកស្វែងរកមែកដើមផ្កាមួយនេះត្រូវចំណាយសោហ៊ុយកាន់តែច្រើនឡើងដើម្បីធ្វើដំណើរទៅក្នុងតំបន់ជ្រៅៗ និងឆ្ងាយទៅៗដើម្បីកាប់យកមែកណាដែលមានផ្កាល្អៗមកលក់ដែលធ្វើឱ្យតម្លៃដើមកើនឡើង និងការប្រកួតប្រជែងកាន់តែខ្លាំងធ្វើឱ្យយើងលក់នៅលើទីផ្សារមិនសូវបានថ្លៃ។
របរលក់មែកដើមផ្កាអង្គារសិល្ប៍នេះ ថ្វីដ្បិតតែមើលទៅឃើញរាងកាក់កបខ្លាំងមែន តែទន្ទឹមនឹងការមើលឃើញរបស់មនុស្សទូទៅ វាក៏មានផលវិបាកមិនតិចដែរ ព្រោះក្រៅពីពិបាកស្វែងរកដើមផ្កានេះមកលក់ហើយនោះ គេអាចលក់វាបានតែមួយរដូវកាលនេះតែប៉ុណ្ណោះក្នុងមួយឆ្នាំ ប្រសិនបើលក់មិនអស់ត្រូវទុកដាក់ថែទាំរហូតដល់ឆ្នាំថ្មីទើបអាចលក់ទៀតបាន៕